សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកផែនទីរបស់គណបក្សសង្គ្រោះជាតិថា ជាផែនទីមួយដែលសាហាវជាងសត្វអសិរពិសទៅទៀត ព្រោះជាផែនទីដែលបានបោកប្រាស់ពលរដ្ឋ និងបានធ្វើឲ្យសមាជិករបស់ខ្លួនជាប់គុកទៀតផង ។

រូបថត បណ្តាញសង្គម Samdech Hun Sen, Cambodian Prime Minister
រាជធានីភ្នំពេញ : នៅក្នុងសេចក្តីថ្លែងការណ៍រយៈពេលជាង៣ម៉ោងដែលត្រូវបានចាក់ដោយទូរទស្សន៍ជាតិកម្ពុជានា រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផែនទីរបស់គណបក្សសង្គ្រោះជាតិដែលលោក សម រង្ស៊ី បានទិញមកពីប្រទេសបារាំងតម្លៃ១៦៨ដុល្លារអាមេរិកនោះថា មានភាពសាហាវជាងសត្វអសិរពិសទៅទៀត។
សម្តេចបានលើកឡើងថា ៖ “ព្រោះគេគ្រាន់តែបង្ហោះតាមហ្វេសបុក ហើយគេបង្កើតនូវការញុះញង់ បោកបញ្ឆោតប្រជាពលរដ្ឋ តើគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់បែបណាប្រសិនមានយថាហេតុអាក្រក់ កើតឡើងដូចជា ការកាប់សម្លាប់គ្នានៅផ្ទៃក្នុងជាតិ ការប៉ះទង្គិចតាមទល់ដែន តាមរយៈការញុះញង់របស់មេដឹកនាំប្រឆាំង។ ហោចណាស់គេក៏ត្រូវទទួលខុសត្រូវខាងសីលធម៌ផងដែរនៅពេលដែលគេធ្វើការញុះញង់បំបែកបំបាក់ជាតិតាមរយៈការប្រើប្រាស់ផែនទីយកមកបង្ហោះតាមរយៈសត្វមានពិសដែលវាសាហាវជាងសត្វអសិរពិសទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “លោកបានរកវិធីធ្វើឲ្យសត្វមានពិសចេញពីរូង ព្រោះផែនទីរបស់លោក សម រង្ស៊ី វាសាហាវជាងសត្វអសិរពិសទៅទៀត ព្រោះមិនត្រឹមតែបោកប្រាក់ប្រជាពលរដ្ឋប៉ុណ្ណោះនោះទេ តែដោយសារផែននោះហើយបានធ្វើឲ្យសហការីរបស់លោកវាជាប់គុក មកដល់ពេលនេះមិនទាន់ចេញពីគុកមកផង ហើយនៅមានជាប់គុកជាបន្តបន្ទាប់ទៀត និងការជាប់គុកនេះវាអាស្រ័យទៅលើតុលាការទេ។
សម្តេចបន្តថា តែទោះបីយ៉ាងណាក៏ដោយគណបក្សប្រឆាំងតំណាងដោយអ្នកនយោបាយមួយចំនួននៅតែបន្តធ្វើជាមិនយល់អំពីតម្លៃគតិយុត្តិ និងអត្ថប្រយោជន៍ នៃសទ្ធិសញ្ញាបំពេញបន្ថែម២០០៥ និងផែនទីព្រំដែនអមសទ្ធិសញ្ញាហើយថែមទាំងធ្វើការចោទប្រកាន់មួលបង្កាច់ដោយងងើលដោយមិនខ្លាចញញើតបន្តិចណាសោះចំពោះច្បាប់ជាធរមាន និងដោយប្រមាថឥតកោតក្រែងទៅលើស្ថាប័នកំពូលរបស់ជាតិ រាប់ទាំងព្រះមហាក្សត្រទៀតផងថា ផែនទីព្រំដែនផ្លូវការ និងស្របច្បាប់នេះ ជាផែនទីក្លែងក្លាយ ឬជាផែនទីមិនត្រឹមត្រូវ ឬជាផែនទីចោរទៀតផង។ ទាំងនេះជាការប្រមាថដែលមិនគួរលើកលែងនោះទេ តើការបំពានបែបនេះ គួរទទួលទោសបែបណា សូមអ្នកច្បាប់ទាំងអស់សិក្សា ដើម្បីចាត់វិធានការណ៍ទៅលើអ្នកប្រមាថចំពោះផែនទីជាតិនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ៖ “ផែនទីរបស់គណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាផែនទីបោកប្រាក់ ព្រោះវាមិនមានការខុសអ្វីពីផែនទីដែលរាជរដ្ឋាភិបាលប្រើផងនោះ ហើយនៅបាត់ពីផ្ទាំងទៀត ហើយមកចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ តើអ្នកណាស្នេហាជាតិ អ្នកណាក្បត់ជាតិ យើងមិនចង់ប្រើភាសាក្បត់ជាតិទេ តែគេប្រើភាសាសាហាវណាស់ពិសពុលណាស់មកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការណ៍នយោបាយ ដើម្បីធ្វើការបំភ្លឺជូនបងប្អូនជនរួមជាតិនៅទូទាំងប្រទេសអំពីផែនទីរដ្ឋព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានក្លាយជាប្រធានបទនយោបាយដ៏ក្តៅគគុកប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រជាជាតិនាពេលថ្មីៗនេះ។
សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ៖ “ជាការពិតបញ្ហាព្រំដែនជាបញ្ហាដ៏មានសារៈសំខាន់ជាអាយុជីវិតរបស់ប្រជាជាតិហើយក៏បញ្ហានយោបាយដ៏រសើបបំផុតដែលអ្នកនយោបាយមួយចំនួនតែងលើកយកមកធ្វើជាប្រធានបទសម្រាប់ឃោសនាញុះញង់ ឥតឈប់ឈរតាមរយៈមធ្យោបាយប្រជាភិថុត ដើម្បីបំភ័នមតិសាធារណជាតិ និងអន្តរជាតិ ហើយអូសទាញបោកបញ្ឆោតទឹកចិត្តស្នេហាជាតិពិតប្រាកដ៏របស់បងប្អូនជនរួមជាតិខ្មែរមកលើរាជរដ្ឋាភិបាលក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ខាងនយោបាយតែប៉ុណ្ណោះ។
សម្តេចបានបន្តថាច្បាស់ណាស់ថា ការស្នេហាជាតិ និងទឹកដីមិនមែន ជាសិទ្ធិផ្តាច់មុខរបស់បុគ្គល ឬគណបក្សនយោបាយណាមួយតែឯងនោះទេ តែវាជាកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ជាសិទ្ធិ និងកាតព្ធកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការងារនេះជាភារកិច្ច និងកាតណព្វកិច្ច ជាអាទិភាពដ៏សំខាន់ជាងគេបង្អស់របស់ខ្លួន និងតែងតែប្រកាន់ភ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងកសាងខ្សែបន្ទាប់ព្រំដែនមួយដែលមានភាពច្បាស់លាស់ត្រឹមត្រូវប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយប្រទេសជិតខាង និងធានាឲ្យបានដាច់ខាតថាបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមិនបាត់បង់ឡើយសូម្បីតែ១មីល្លីម៉ែត្រក្រឡា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់លម្អិតអំពីមូលហេតុនៃការចាប់ខ្លួនសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្សី ថា ប្រសិនបើការក្លែងបន្លំទាក់ទិនជាមួយបញ្ហាការក្លែងសិទ្ធិសញ្ញាឆ្នាំ១៩៧៩ ដែលថាកម្ពុជា និងវៀតណាម សម្រេចរំលាយព្រំដែនជាតិកម្ពុជាជាមួយវៀតណាមនោះ តើផលវិបាកវា និងកើតមានអ្វីខ្លះ ប្រសិនបើកយើងមិនបានចាត់វិធានការណ៍ភ្លាមៗទាន់ពេលតាមរយៈវិធានការច្បាប់ទៅលើសមាជិកព្រឹទ្ធសភាម្នាក់ ហើយឥឡូវនេះគូរកនរបស់គេកំពុងភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយយើងក៏កំពុងស្វែងរកដើម្បីយកពួកគេមកទទួលទោសតាមផ្លូវច្បាប់។
សម្តេចតេជោបានធ្វើការប៉ាន់ស្មានថា ប្រសិនបើមិនមានការចាត់ការបន្ទាន់ និងរកមិនឃើញទុកឲ្យមានការសាបព្រោះនូវល្បិចដ៏គ្រោះថ្នាក់មួយនេះ បំផ្លាញទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធរបស់ប្រជាពលរដ្ឋ ត្រូវបានពុះកញ្ច្រោលឡើងពេលនោះអាចនិយាយបានថាសង្គ្រាមផ្ទៃក្នុងក៏អាចកើតមានឡើង និងសង្គ្រាមទល់ដែនក៏អាចកើត។
ករណីនេះមានឧទាហរណ៍នៅឆ្នាំ២០០៨នៅក្នុងប្រទេសថៃ មានក្រុមនិយមជ្រុលមួយចំនួនជាអ្នកនយោបាយ និងអ្នកបម្រើនយោបាយបានយកបញ្ហាព្រះវិហារធ្វើជាចំណាប់ខ្មាំងខាងនយោបាយ មិនខុសពីអ្នកនយោបាយនៅកម្ពុជាដែលបានយកបញ្ហាព្រំដែនកម្ពុជាវៀតណាមជាចំណាប់ខ្មាំង ខាងនយោបាយ ដើម្បីបំផ្លាញបក្សកាន់អំណាចនោះទេហើយរហូតមកដល់ពេលនេះការបែកបាក់ខាងនយោបាយនៅក្នុងប្រទេសថៃ មិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេនេះហើយជាលទ្ធផលនៃភាពនិយមជ្រុល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ឥឡូវយើងកំពុងស្វែងរកអ្នកបង្ហោះតាមហ្វេសបុកមួយចំនួនទៀតដែលទាក់ទងទៅលើការបំភ្លៃអំពីបញ្ហានេះ ហើយក៏សុំអំពាវនាវដល់អ្នកកំពុងភៀសខ្លួនទៅកាន់ប្រទេសថៃ សូមវិលចូលមកក្នុងប្រទេសវិញដើម្បីចូលខ្លួនសារភាពជាមួយអាជ្ញាធរដែលខ្លួនបានរួមគំនិតបង្ហោះចេញនូវហ្វេសបុករបស់ព្រឹទ្ធសភារូបនេះ។
សម្តេចតេជោបានឲ្យដឹងទៀតថា ៖ “ក្នុងគោលបំណងបញ្ចៀសកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចាញ់បោកពួកអ្ននយោបាយអគតិ និងក្លាយ ជាឧបករណ៍អាជីវកម្មនយោបាយរបស់គេ ដោយមិនដឹងខ្លួន ដោយសារទឹកចិត្តស្នេហាជាតិរបស់បងប្អូន រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ភ្ជាប់នូវឆន្ទៈស្នេហាជាតិ ស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាការពារឲ្យបាននូវអធិបតេយ្យជាតិ និង បូរណភាពទឹកដីបានចាត់វិធានការណ៍បន្ទាន់ និងចាំបាច់នានា ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ច្បាប់ បច្ចេកទេស និងនយោបាយ ការទូត ដើម្បី ទី១-ធានាតម្លាភាពចំពោះប្រជាជាតិកម្ពុជាទាំងមូល និងបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតអំពីភាពហ្មត់ចត់ ភាពត្រឹមត្រូវពិតប្រាកដ និង ការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការរៀបចំ និងការអនុវត្តការងាររបស់ខ្លួនក្នុងការកំណត់និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាង។ ទី២-បញ្ជៀស និងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវ និងមិនគ្រែងរអែងអំពីលើការបំពានច្បាប់សម្ដៅបង្កើតស្មារតីជាតិនិយមជ្រុល ការបែកបាក់ជាតិ និងបង្កើតភាពភ័ន្តច្រឡំ នៅក្នុងចំណោមសាធារណជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ជាតិកម្ពុជា ទាំងមូលព្រមទាំងសុខសន្តិភាពជាមួយប្រទេសជិតខាងក្នុងតំបន់។ ទី៣-បញ្ជាក់ជាថ្មីម្តងហើយម្តងទៀត អំពីការការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនសម្ដៅកសាងខ្សែបន្ទាប់ព្រំដែនមួយច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង។
សម្តេចតេជោ បានធ្វើការបំភ្លឺផងដែរ អំពីសាវតានៃផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់កំណត់ព្រំដែនជាមួយវៀតណាម ដែលជាផែនទីបោន ខ្នាត១លើ១០០ ០០០ ដែលជាមរតកប្រវត្តិសាស្ត្រដែលអាណាព្យាបាលបារាំង និងព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ បានបន្សល់ទុកឲ្យពោល គឺផែនទីកំណត់ព្រំដែនដោយផ្អែកតាមគោលគារណ៍ខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ហើយដែលព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៅពេលនោះបានបញ្ជាក់ថាបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងបានស្នើសុំឲ្យប្រទេសមហាអំណាចទទួលស្គាល់នៅឆ្នាំ១៩៦៤។ ផែនទីនេះត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា យកមកប្រើប្រាស់ជាបន្តបន្ទាប់ក្នុងការចុះកិច្ចព្រមព្រៀង និងសទ្ធិសញ្ញាចំនួន៣ដែលទាក់ទងទៅព្រំដែនគោកជាមួយវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការពន្យល់ផង ដែលពាក់ព័ន្ធការលើកឡើងរបស់សមាជិកគណបក្សប្រឆាំង ដែលបានលើកឡើងថាផែនទីរាជរដ្ឋាភិបាលចរចាជាមួយវៀតណាម មានត្រា និងហត្ថលេខា វៀតណាម សម្តេចបានលើកឡើងថាជាលក្ខណៈអន្តរជាតិ កម្ពុជាមិនអាចប្រើផែនទីជាឯកតោភាគីបានទេ គឺត្រូវតែមានការឯកភាពគ្នាដូចនេះហើយទើបមានការបោះត្រា និងចុះហត្ថលេខារវាងប្រទេសទាំងពីរដើម្បីបង្ហាញពីកាជឿជាក់ទៅវិញទៅមក។
ជាមួយនេះសម្តេចតេជោហ៊ុនសែនក៏បានស្នើឲ្យសមត្តកិច្ចទាំងអស់បន្តចាប់ខ្លួនជនទាំងឡាយណាដែលនៅតែនិយាយថាផែនទីក្លែងក្លាយ៕