កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​លើកដំបូង នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ​

, , Leave a comment

Cambodia-Thailand-oil-map

​រាជធានី​ភ្នំពេញ : លោក ឌិ​ត ទីណា ជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​លើកដំបូង នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះហើយ ដោយ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​គ្រី​ស​អេ​ណឺ​ជី បាននិងកំពុង​រៀបចំ​បូម​ប្រេង​នៅ​ដំណាក់កាល​ទី​១​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទិញ​តំបន់​ប្លុក​អេ​ពី​ក្រុមហ៊ុន​ឆេវ​រ៉ុ​ន​ហើយ យើង​រំពឹងថា នឹង​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​នៅ​ឆ្នាំ​២០១៧​ពោលគឺ​មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អា​ណិ​ត្ត​ទី​៦​នា​ឆ្នាំ​២០១៨​ខាងមុខ​។​

 

​លោក​បាន​បន្តទៀតថា ចំពោះ​ការងារ​ដែល​នៅសល់ គឺ​ការងារ​បច្ចេកទេស​និង​ការចរចា​បែងចែក​ភាគលាភ​ចូល​រដ្ឋ​ដែល​បានមកពី​វិស័យនេះ ឲ្យ​បានជា​អតិបរមា​ព្រោះ​បើ​យើង​ចរចា​ដើម្បី​ឲ្យ​តែ​បាន​ប្រេង​រដ្ឋាភិបាល​នឹង​ខាត​។ លោក​បាន​បន្ថែមថា​«​ប្រសិនជា​យើង​ចង់​បានតែ​តំណក់​ប្រេង​ទេ​ហើយ​យើង​អត់​គិតពី​ប្រយោជន៍​ជាតិ​បាន​ច្រើន​ប៉ុណ្ណា យើង​អាច​នឹងមាន​ការលំបាក​ទៅ​ថ្ងៃក្រោយ ដូច្នេះ​ទើប​យើង​ធ្វើ​ការចរចា​ដោយ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​»​។​

 

​ទោះបីជា​ដឹងថា តំណក់​ប្រេង​នឹង​ទទួលបាន​នៅ​ឆ្នាំ​២០១៧ យ៉ាងណាក៏ដោយ​ក៏​លោក​រដ្ឋលេខាធិការ​រូប​មិនអាច​ទាន់​ហ៊ាន​បញ្ជាក់ថា នឹង​ទទួលបាន​ប៉ុន្មាន​នោះទេ ដោយ​លោក​បាន​ត្រឹម​បញ្ជាក់ថា «​បរិមាណ​ប្រេង​របស់​យើង​បាន​គ្រាន់បើ​ដែរ តែ​ចំណុច​ហ្នឹងហើយ​ដែល​អ្នកបច្ចេកទេស​មួយចំនួន មិនទាន់​ច្បាស់​ក្នុងការ​ចរចា​ដែល​មួយ​ចំហៀង​ថា មាន​ច្រើន​មួយ​ចំហៀង​ថា មាន​បរិមាណ​ប្រេង​តិច​។ ចំណុច​មាន​ប្រេង​ច្រើន​មាន​តិច​នេះហើយ ដែល​ការចរចា​ចែក​ភាគលាភ​នេះ​មិនទាន់​ត្រូវ​គ្នា​»​។ លោក​បាន​បន្តថា ឧបមា​ថា​តម្លៃ​ជីក​យក​ប្រេង​អស់​តែ​១​លាន​ដុល្លារ តែ​បូម​ចេញមក​បានតែ​៥​លាន​ដុល្លារ តើ​ចែកគ្នា​ពាក់កណ្តាល​ម្នាក់​ឬ​យ៉ាងណា​? ចំណុច​នេះ​វា​អាស្រ័យ​លើ​ចំនួន​នៃ​ផល​ប្រេង​ទទួលបាន​និង​លទ្ធផល​នៃ​ការចរចា​។​

 

​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា «​ខ្ញុំ​មិន​ចង់​និយាយ​លំអិត​ពី​បញ្ហា​នេះ នៅ​ទ្បើ​យ​ទេ ព្រោះ​វា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការចរចា ប៉ុន្តែ​អ្វី​សំខាន់​គឺ​ប្រយោជន៍​ជាតិ​ទាំងមូល មិនមែន​សម្រាប់​រដ្ឋាភិបាល​ទេ ព្រោះ​ថវិកា​បានមកពី​ប្រេង​នឹងត្រូវ​បញ្ចូល​ក្នុង​ថវិកាជាតិ ដូច្នេះ​យើង​ត្រូវ​ជជែក​គ្នា​ឲ្យ​ច្បាស់លាស់​សិន ទើប​យើង​អាចនិយាយបាន​យ៉ាងដូចម្តេច​ច្បាស់លាស់​»​។​

 

​លោកស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​មានប្រសាសន៍ថា លោក​មិនដឹងថា​បរិមាណ​ប្រេង​ដែល​ទាញយក​បាន​មាន​បរិមាណ​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​បើ​ទាញយក​ប្រេង​បាន​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​វា​នឹង​ជួយ​ដល់​ការពង្រីក​វិស័យ​ឧស្សាហកម្ម​ខ្លាំង​ព្រោះ​កម្ពុជា​ត្រូវការ​ថាមពល​ច្រើន​ដើម្បី​កែច្នៃ​ផលិតផល​ក៏ដូចជា​ជួយ​កាត់បន្ថយ​ថ្លៃដើម​លើ​ការផលិត​និង​កាត់បន្ថយ​លើ​ថ្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ដែលជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

 

​លោក​បន្តថា​«​ខ្ញុំ​គិតថា​អ្នកចរចា​របស់​រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​ទទួលបាន​ផលប្រយោជន៍​សម្រាប់​ជាតិ​ច្រើន ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បាន​ចំណាយ​ទុន​ដ៏​ច្រើន​សម្រាប់​សាងសង់​កន្លែង​ជីក និង​បូម​ប្រេង​ក៏​ចង់បាន​ភាគលាភ​ច្រើន​ផងដែរ ដូច្នេះ​វា​អាស្រ័យ​លើ​ការចរចា​ក្នុងការ​បែងចែក​ភាគលាភ​នេះ​»​។​

 

​លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ កាលពីពេល​ថ្មីៗ​នេះ​ថា​រឿង​ប្រេងកាត​នេះ​ខាង​អាជ្ញាធរ​បើកចំហ​តិចតួច ព័ត៌មាន​ជុំវិញ​ការវិនិយោគទុន​របស់​ក្រុមហ៊ុន​បរទេស ការគ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​តម្លាភាព និង គណនេយ្យភាព​នោះ​។ ក៏ប៉ុន្តែ​លោក ជាង សុខា កត់សម្គាល់​ជា​វិជ្ជមាន​ថា មួយរយៈ ចុងក្រោយ​នេះ ពោលគឺ​បន្ទាប់ពី​ផ្អាក​គម្រោង​បូម​យក​តំណក់​ប្រេង​ដំបូង កាលពី​ឆ្នាំ ២០១២​មក រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ មានការ​ប្រែប្រួល​ឥរិយាបថ​ជាង​មុន ហើយ​ចូលរួម​ជជែក​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល និង​យុវជន​បាន​ច្រើនជាង​មុន​ផងដែរ​។ បើ​ការពន្យារពេល​បូម​យក​ប្រេងកាត​នេះ​កាន់តែ​យូរ គឺអាច​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​កម្ពុជា​ពង្រឹង​ខ្លួន និង​សិក្សា​ត្រៀមលក្ខណៈ​កាន់តែ​ល្អ​ទៀតផង​។ បើតាម​នាយក​ប្រតិបត្តិ​អង្គការ YRDP ដដែល ក្នុង​វិស័យ​ប្រេងកាត កម្ពុជា​នៅ មានការ​ខ្វះមុខខ្វះក្រោយ យន្តការ​ច្បាប់ បទដ្ឋាន​គតិយុត្ត​ផ្សេងៗ រួមទាំង​ធនធានមនុស្ស និង​អ្នកជំនាញ​ជា​ជនជាតិខ្មែរ​។​

 

​ចំណែក​លោក ជា សុជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចូលរួម​ក្នុង​ការជជែក​ពិភាក្សា​របស់ YRDP កាលពី​ថ្ងៃទី​៥ កញ្ញា កន្លងមក បាន​ទទួលស្គាល់ថា ធនធានមនុស្ស​ខ្មែរ​ក្នុង​វិស័យ​ប្រេងកាត នៅ មាន​ភាពយឺតយ៉ាវ​បន្តិច​មែន​។ លោក​បញ្ជាក់ថា អ្នកជំនាញការ​ខ្មែរ​មានតែ​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ នៅ​នាយកដ្ឋាន​របស់លោក​។​

 

​ដូចនេះ លោក​ជំរុញ​ឲ្យ​យុវជន​សិក្សា​ជ្រើស​រើសយក​ជំនាញ​ផ្នែក​ប្រេងកាត​នេះ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ថាមពល​ជាតិ​។ តែ​យ៉ាងណាក៏ដោយ លោក ជា សុជាតិ ពុំបាន​បញ្ជាក់ថា ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ​ទេ​ដែល​ក្រុមហ៊ុន​បរទេស​វិនិយោគទុន​ក្នុង​វិស័យ ប្រេងកាត​របស់​កម្ពុជា ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា មិនទាន់​មានការ​បូម ប្រេង​នោះទេ ហើយក៏​មិនដឹងថា​បូម​នៅ ពេលណា​ដែរ ពោលគឺ​កំពុងតែ​នៅ​សិក្សា​។ តំណាង​អាជ្ញាធរ​រូបនេះ អះអាង​ទៀតថា គេ​បាន​រកឃើញថា អាចមាន​ប្រេង​ក្នុង​សមុទ្រ​ចំនួន​៦​ប្លក់ ចំណែក​នៅ​ដីគោក​វិញ​មាន​១៩​ប្លក់​៕

Chevron-in-Cambodia-1

 

Leave a Reply

(*) Required, Your email will not be published