លោក ទូច យុទ្ធា ប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់ប៉ុស្ទិជជុះ និងអោយកូនចៅចេញល្បាតប្រដេញឡានដឹកឈើយកលុយ និងទំនិញគេចពន្ឋ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តបាត់ដំបង ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ ទាំងតូច ទាំងធំបានសម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមាន លោក

ទូច យុទ្ធា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រៀបកម្លាំងឈរជើងចាំប្រដេញនិង ស្ទាក់ឲ្យឡាន ដឹកឈើ ចូលបង់លុយតាមដងផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៥៧ អា និងផ្លូវ ជាតិលេខ ៥៧បេ នៅក្នុងខេត្តបាត់ដំបង យ៉ាងប្រសេចប្រសាច មិនដែលក្រែងញញើត ពីចំណាត់ ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។ ហើយអ្វីដែល លោក ទូច យុទ្ធា កំពុង អនុវត្តន៍ក៏ផ្ទុយ ពីខ្លឹមសារដែលមានចែងក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

 

មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជារបស់លោក ទូច យុទ្ធា ភាគច្រើនចាត់តាំងឲ្យមន្ត្រី ស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូលលុយពីឡានដឹកទំនិញឡានដឹក ឈើនិងឡានដឹកកសិផលដើម្បីបន្លំភ្នែកសាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ច របស់ លោក ទូច យុទ្ធា បានចេញទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទយកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗមិនដឹងជាយកទៅណាអស់ទេហើយក៏មិនដែលមាននរណាហ៊ានសួរនាំ ពី បញ្ហានេះក៏ព្រោះតែ ទូច យុទ្ធា មានឥទ្ធិពលធំធេងណាស់។

 

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួង មហាផ្ទៃ ដែលមានលោក ទូច យុទ្ធា ប្រចាំការនោះមិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការ ដាក់ ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយទៅតាមតែអំពើចិត្តហើយ ប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ចក្រសួង ដែលមានភាពអនាធិបតេយ្យខ្លាំងជាងគេ តាមដង ផ្លូវ ជាតិលេខ ៥ និងផ្លូវជាតិលេខ ៥៧ អា និងផ្លូវជាតិលេខ ៥៧ បេ ។

ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថាពេលខ្លះគ្រាន់តែដឹកអាចម៍មាន់-គោយកទៅធ្វើជីដាក់ដំណាំ ក៏ក្រុមរបស់លោក ទូច យុទ្ធា ចេញរថយន្តតាមប្រដេញឲ្យចូលបង់លុយចំនួន២ម៉ឺនរៀលឬ៤ម៉ឺន រៀល ផងដែរបើទោះបីជាដឹងថាប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់-គោ មិនមែនជាទំនិញ ដែល ត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ។

មន្ត្រីសាលាខេត្តបាត់ដំបងបានឲ្យដឹងថា លោក ទូច យុទ្ធា មិនដឹងថា ចំណាយលុយ ក្នុងមួយខែ ប៉ុន្មាននោះទេក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខនៅលើទឹកដីខេត្តបាត់ដំបងទើបគាត់មានអំណាចដាក់ពង្រាយ មន្ត្រីប្រចាំការ ទាំងយប់ ទាំងថ្ងៃ ចាំគាបជំរិតទារលុយ ពីប្រជាពលរដ្ឋ រកស៊ីដឹកទំនិញ ក៏ដូចជា ចាំទារលុយ ពីឈ្មួញដឹកឈើ ដោយគ្មានការបង្ក្រាបអ្វីឡើយ ។

បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការតាមដាន ស្រាវ ជ្រាវ ឬត្រូវ កោះហៅ ទៅសួរនាំ ក្នុងករណីដែលមានពាក្យបណ្តឹង ព្រោះអ្វីដែលលោក ទូច យុទ្ធា បានប្រព្រឹត្តគឺបំពានទៅនឹង ការឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕ បុត្តា តូច

netsavoeun_cheasomethy 2015_08_r3-1

 

Leave a Reply

(*) Required, Your email will not be published