មកដល់សម័យកាលបច្ចុប្បន្ននេះប្រជាជនខ្មែរ ជាពិសេសស្ត្រីភេទទូទាំងប្រទេសមិនមានការនិយមដោះអាវ(ព្រលែងដើមទ្រូង)ដូចកាលពីជំនាន់បុរាណនោះឡើយ។បើយោងតាមឯកសារដែលចងក្រងដោយបណ្ឌិត មីស៊ែលត្រាណេ បានឲ្យដឹងថា ប្រពៃណីលែងដើមទ្រូងរបស់ស្ត្រីខ្មែរបានក្លាយជាទម្លាប់តាំងពីនៅចុងយុគសំរឹទ្ធិមកម្ល៉េះ។
ទាក់ទងនឹងប្រពៃណីការលែងខ្លួនរបស់ស្រី្តខ្មែរនាសម័យបុរាណនេះដែរនៅក្នុងឯកសារស្រាវជ្រាវរបស់បណ្ឌិត មីស៊ែលត្រាណេ បានបញ្ជាក់ប្រាប់ទៀតថា គេបានរកឃើញកាំបិតស្នៀតមួយមានដងរាងជាស្ត្រីនាសម័យបុរេប្រវត្តិសាស្ត្រ ដែលការរកឃើញនេះអាចបញ្ជាក់បានថាប្រពៃណីលែងខ្លួនបានក្លាយជាទំនៀមទម្លាប់តាំងពីនៅចុងយុគសំរឹទ្ធិមកម្ល៉េះរួចក៏បានបន្តមកដល់សម័យកាលក្រោយៗទៀត។ យើងសូមជម្រាបជូនថាទំនៀមទម្លាប់នៃការព្រលែងដើមទ្រូងនេះទៀតសោតមិនមែនមានតែចំពោះមនុស្សចាស់ ឬក៏ក្មេងៗប៉ុណ្ណោះទេ សូម្បីតែបុរសក៏និយមក្នុងការព្រលែងខ្លួនដូច្នេះដែរ។
នៅក្នុងឯកសារដែលចងក្រងឡើងដោយបណ្ឌិត មីស៊ែលត្រាណេ បានបញ្ជាក់បន្ថែមថា ស្ត្រីខ្មែរយើងសព្វថ្ងៃនេះឃើញមាននៅរក្សាទំនៀមទម្លាប់នេះនៅឡើយជាពិសេសក្នុងចំណោមស្ត្រីមានអាយុច្រើន(ចាស់) និងជាអ្នកស្រែចម្ការនៅឆ្ងាយពីទីប្រជុំជន ហើយប្រពៃណីនេះក៏ត្រូវបានឃើញតាមសហគមន៍ជនជាតិដើមភាគតិចមនខ្មែរក្នុងឧបទ្វីបឥណ្ឌូចិនដូច្នេះយើងឃើញថា ជនជាតិខ្មែរមានទម្លាប់លែងដើមទ្រូងនេះតាំងពីសម័យបុរេប្រវត្តិសាស្ត្រមុនពេលដែលទទួលឥទ្ធិពលពីវប្បធម៌ផ្សេងៗចាប់តាំងពីសតវត្សរ៍ទី១៦ដែលបានធ្វើឲ្យប្រពៃណីនេះរសាយបន្តិចម្តងៗរហូតបាត់ស្រមោលនៅសតវត្សរ៍ទី២០ និងទី២១នេះដែលជាសម័យទំនើបបែបអឺរ៉ុបនិយម។
យោងតាមឯកសារដដែលបានលើកឡើងទៀតថា នៅសម័យបុរេអង្គរ និងអង្គរថ្វីត្បិតតែខ្មែរបានទទួលឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងពីឥណ្ឌាទាំងផ្នែក សាសនានយោបាយ វប្បធម៌ ស្ត្រីខ្មែរនៅតែពេញនិយមការលែងខ្លួនទទេ។ ភ័ស្តុតាងដែលសេសសល់រហូតមកដល់បច្ចុប្បន្នមិនអាចមើលរំលងគឺចម្លាក់តាមជញ្ជាំងក្រុមប្រាសាទសំបូរព្រៃគុកនាសម័យចេនឡា និងប្រាសាទអង្គរវត្តម៌ និងម្យ៉ាងវិញទៀតទោះបីឯកសារខាងបុរាណវិទ្យានាសម័យនគរភ្នំពីសតវត្សរ៍ទី១ដល់ទី៦ទី៧មានតិចជាងសម័យអង្គរក៏ដោយក៏ប្រពៃណីនេះត្រូវបានគេប្រារព្ធនិងប្រណិប័តន៍ដដែល រួមសេចក្តីមកប្រពៃណីលែងដងខ្លួនរបស់ខ្មែរមិនខុសគ្នានឹងបងប្អូនខ្មែរលើនោះឡើយ ហើយវាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងផ្នត់គំនិតឬវប្បធម៌ខ្មែរអ្វីមួយដែលបានបញ្ជាក់អំពីចំណាស់នៃអត្តសញ្ញាណរបស់ជាតិខ្មែរ។
ផ្អែកលើការចងក្រងរបស់បណ្ឌិតមីស៊ែលត្រាណេបានអះអាងឲ្យដឹងទៀតថា នាសម័យអង្គរក្នុងរជ្ជកាលរបស់ព្រះបាទសុរិយវរ័ន្មទី២ និងព្រះបាទជ័យវរ័ន្មទី៧មានភស្តុតាងវប្បធម៌មួយចំនួនដែលយើងមិនអាចបំភ្លេចចោលបានគឺព្រះជាយា ឬព្រះរាជវង្សានុវង្សរបស់ព្រះមហាក្សត្របុរាណទាំងនោះសុទ្ធសឹងតែរក្សាប្រពៃណីលែងដើមទ្រូងទាំងអស់ពីព្រោះទ្រង់ពេញព្រះទ័យនឹងទំនៀមទម្លាប់នេះណាស់ដូចប្រជាជនសាមញ្ញដែរ។
ដោយឡែកបើតាមឯកសារបុរាណវិទ្យានិងពិន្ធុវិទ្យាវិញគេអាចសន្និដ្ឋានបានថាប្រពៃណី «ដោះអាវ» មានឡើងតាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ ដូច្នេះការលែងខ្លួនរបស់ស្ត្រីខ្មែរ គឺជាប្រពៃណីទូទៅដែលមានតាំងពីបុរាណកាលមក។ ម្យ៉ាងទៀតតាមឯកសារដែលបានបន្សល់ទុកបញ្ជាក់ថា ការដែលគេឆ្លាក់រូបទេវតា ឬរូបមនុស្សសម័យបុរាណដែលលែងខ្លួន គឺពុំមែនជារឿងប្រឌិតនោះទេ ផ្ទុយទៅវិញវាគឺជាប្រពៃណីពិតៗដែលទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលនោះ។
គួរបញ្ជាក់ឲ្យដឹងដែរថា ការដែលស្ត្រីខ្មែរដោះអាវ ឬអត់ពាក់អាវចំហដើមទ្រូងលេចសុដន់ទាំងគូនៅទទេបែបនេះ គឺមិនមែនមានន័យថាស្ត្រីខ្មែរមិនចេះពាក់អាវនោះទេ តែនោះជាការនិយមឲ្យតម្លៃទូទៅក្នុងព្រះរាជនគរខ្មែរបុរាណរហូតដល់បារាំងចូលស្រុកទើបប្រពៃណីនេះត្រូវសាបរលាបទៅវិញ។ លុះរហូតដល់សតវត្សរ៍ទី១៩នៃគ្រិស្តសករាជស្ត្រីខ្មែរនៅតែនិយមប្រពៃណីដោះ អាវនេះជាដដែល បើទោះជាស្ថិតនៅក្នុង កាលៈទេសៈណា ក៏ដោយព្រោះវាបានក្លាយទៅជាទម្លាប់គ្រប់ទីកន្លែងទៅហើយ។
ក្រោយមកទៀតទើបគេដឹងថា ប្រពៃណីនេះបានប្រែប្រួលបន្តិចម្តងៗរហូតដល់បាត់អស់នៅពេលដែលឥទ្ធិពលអឺរ៉ុបវាយលុកក្នុងសង្គមខ្មែរ ក៏ប៉ុន្តែសព្វថ្ងៃក៏នៅមានប្រជាជនខ្មែរដែលរស់នៅតំបន់ព្រៃភ្នំខ្លះនៅរក្សាបានប្រពៃណីនេះគង់វង្សដោយបងប្អូនខ្មែរទាំងនោះ ក៏ដូចជាបុព្វបុរសនាសម័យអង្គរ និងមុនអង្គរកាយវិការលែងដងខ្លួនដូច្នេះមិនមានន័យថា ឆ្អេះឆ្អាបនោះទេផ្ទុយទៅវិញប្រកបដោយលក្ខណៈស្អាតស្អំបរិសុទ្ធព្រោះវាជាកេរដំណែលរបស់ដូនតាខ្មែរយើង៕