ដើម្បីផ្តល់ជាចំណេះដឹងស្តីពីភាពជោគជ័យសម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យនោះ ថ្ងៃនេះគេហទំព័រសារព័ត៌មានកំណើតថ្មី បានពាំនាំនូវគន្លឹះសំខាន់ៗមួយចំនួនដែលទាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃសម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យ។ ដូច្នេះដើម្បីទទួលបានលទ្ធផលល្អ និងមានភាពស្នីទស្នាលជាមួយសមាជិកក្រុមការងារក៏ដូចជាបុគ្គលិកទាំងអស់ នៅក្នុងក្រុមហ៊ុនសូមលោកអ្នកធ្វើការអាននូវគន្លឹះមួយចំនួនខាងក្រោមនេះ ហើយចាប់ផ្តើមអនុវត្តទាំងអស់គ្នានាពេលនេះតែម្តង។
-អាកប្បកិរិយា
អ្នកគួរតែរក្សាអាកប្បកិរិយាឲ្យបានល្អ បើទោះជាមានរឿងអ្វីកើតឡើង ឬក៏មានបញ្ហាណាមួយបានកើតមាន ចំពោះជីវភាពអ្នកគួរគប្បីទុកវាមួយឡែក ហើយត្រូវផ្តោតអារម្មណ៍ទៅលើការងារនៅការិយាល័យ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញកិច្ចការឲ្យបានប្រសើរតាមដែលអាចធ្វើទៅបាន។ ចូរកុំនាំយកបញ្ហាផ្ទាល់ខ្លួនមកភ្ជាប់នឹងការងារការិយាល័យដោយការធ្វើអារម្មណ៍ឲ្យមានភាពវិជ្ជមានឲ្យបានច្រើនបំផុត។
-មិនត្រូវនាំពាក្យមិនល្អចូលកន្លែងធ្វើការ
នេះជាប្រការសំខាន់ដោយគួរប្រុងប្រយ័ត្នជាមួយមនុស្សដែលមានជំនាញ នាំភ្លើងចេញភ្លើងចូលព្រោះវាអាចបង្កជាបញ្ហាដល់សង្គមការងាររបស់អ្នក។ ម្យ៉ាងវិញទៀតការជជែកគ្នាច្រើនក៏អាចជះឥទ្ធិពលអាក្រក់ដល់ការងាររបស់ខ្លួនហើយនេះ មិនគិតដល់ប្រការដែលអ្នកអាចធ្វើឲ្យខូចខាតប្រយោជន៍ដល់អ្នកដទៃ ឬមិត្តរួមការងារនោះទេ។
-ចេះគោរពគ្នាទៅវិញទៅមក
អ្នកធ្វើការគ្រប់រូបគួរព្យាយាមបង្ហាញការគោរពជាមួយនឹងមិត្តរួមការងារទៅវិញទៅមក មិនថា គេជាមេកើយ ឬបុគ្គលិក ដែលមានឋានៈតូចទាបជាងខ្លួននោះទេ រីឯការអនុវត្តច្បាប់ការិយាល័យ គឺគ្រាន់តែជួយកែលំអបរិស្ថានការងារឲ្យមើលទៅកាន់តែស្រស់បំព្រងតែប៉ុណ្ណោះ។
-ជួយជ្រំជ្រែងមិត្តរួមការងារ
ការជួយគ្នាទៅវិញទៅមកក្នុងការបំពេញការងារ គឺជារឿងមួយដ៏សំខាន់បំផុតហើយជាពិសេសអ្នកត្រូវរួមចំណែកជួយជ្រំជ្រែងមិត្តរួម ការងារដទៃទៀត ដើម្បីឲ្យពួកគេ អាចធ្វើការប្រកបដោយភាពជោគជ័យបើទោះជាអ្នកមិនចូលចិត្តពួកគេក៏ដោយចុះ។ លើសពីនេះអ្នកមិនគួរចំណាយពេលវេលាក្នុងការងារដែលពុំមានប្រយោជន៍ ហើយជំនួសមកវិញដោយការធ្វើការងារណា ដែលមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃផងដែរ។
-បំពេញការងារឲ្យបានល្អជាជាងការស្នើសុំ
ចូរខិតខំស្វែងរកវិធីសាស្ត្រ ដែលមានប្រសិទ្ធិភាព ដើម្បីបំពេញការងារឲ្យបានល្អជាជាងការដាក់ចេញគំនិតពីមេរបស់ខ្លួន។ ចំពោះអ្នកដែលចង់បានស្នាដៃល្អៗច្រើន ក៏គួរតែព្យាយាមធ្វើឲ្យវាបានកាន់តែប្រសើរជាងមុន។ ម្យ៉ាងវិញទៀតអ្នកគួរធ្វើខ្លួនឲ្យក្លាយ ជាបុគ្គលិកសកម្មហើយកុំចេះតែនៅរង់ចាំបញ្ជាពីមេ ឬអ្នកដទៃ ដោយអ្នកគួរតែជាមនុស្សដែលហ៊ានគិត ប៉ុន្តែក៏ត្រូវតែហ៊ានធ្វើដែរ។
-ការចូលរួមគ្រប់សកម្មភាព
អ្នកត្រូវតែធានាថាខ្លួនឯង មិនបានបង្កការលំបាកនៅពេលបំពេញការងារនោះឡើយ ហើយត្រូវចងចាំថា សិស្សសាលាម្នាក់នឹងឆ្លើយតាមសិស្សម្នាក់ទៀត ពេលគ្រូសួរមេរៀនគឺដើម្បីជៀសវាងការស្តីបន្ទោសឬដើម្បីផុតពីការដាក់ពិន័យប៉ុណ្ណោះ។ ដូច្នេះបុគ្គលិកគ្រប់រូប មិនគួរគប្បីធ្វើបែបនេះទៀតទេ ចូរខំប្រឹងបង្កើតនូវគំនិតផ្ទាល់ខ្លួនឡើងនិងត្រូវចេះចូលរួមមតិ និងបំពេញការងារឲ្យបានល្អពេលនោះអ្នកនឹងមានមោទនភាពចំពោះការ ចូលរួមរបស់ខ្លួន យ៉ាងពេញចិត្តបំផុត។
-ធ្វើការបង្ហាញនិងចូលរួមការវាយតម្លៃ
ចូរបង្ហាញឲ្យអ្នកដទៃដឹងថាខ្លួនឯងកំពុងតែឲ្យតម្លៃខ្ពស់ដល់ អ្នកដទៃខណៈដែលអ្នកបានរួមសហការណ៍ជាមួយពួកគេ។ ក្នុងករណីដែលអ្នកយល់ឃើញថាមានបុគ្គលិកណាម្នាក់បានធ្វើការចូលរួម ប៉ុន្តែមិនសមតាមបំណងរបស់ខ្លួន នោះអ្នកគួរតែវាយតម្លៃពួកគេនៅក្នុងកំរិត ដែលមានលក្ខណៈជាការចូលរួមស្ថាបនា ដូច្នេះវាប្រសើរជាជាងការបង្ហាញពីកំហឹង និងភាពក្តៅក្រហាយចំពោះពួកគេ។
-ត្រូវទុកពេលវេលាជារឿងសំខាន់(កុំទៅយឺត)
ការគោរពពេលវេលាជារឿងមួយដ៏សំខាន់សម្រាប់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ដូច្នេះចូលទុកពេលវេលាប្រៀបដូចជាអ្នកវត្ថុជាប់ខ្លួនមួយដ៏សំខាន់ ដែលមិនអាចបាត់បាន។ សម្រាប់អ្នកធ្វើការទាំងអស់ចូរជៀសវាងការទៅយឺតយ៉ាវពេលវេលា មិនថា ថ្ងៃធ្វើការធម្មតា ឬក្នុងការណាត់ជួបកិច្ចប្រជុំការឆ្លើយតបទូរស័ព្ទ ឬអ៊ីមែលនោះទេ ព្រោះវាក៏អាចបង្ហាញ និងធ្វើការវាយតម្លៃខ្ពស់ថា អ្នកជាមនុស្សគោរពពេលវេលារបស់ខ្លួន និងអ្នកដទៃ ដោយការមិនខ្ជះខ្ជាយពេលវេលា ព្រោះតែការមកយឺតនោះឡើយ។
-ឆ្លាតវៃក្នុងការបំពេញការងារ
សម្រាប់ប្រការនេះវិញ គឺជាចំណុចដ៏សំខាន់មួយទៀតក្នុងការបំពេញការងារ។ ឧទាហរណ៍ថា អ្វីដែលអ្នកសរសេរគឺមានកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធ និងប្រកបខុសទាំងស្រុងក្នុងលិខិត ដែលអ្នកត្រៀម នឹងផ្ញើជូនមេ ឬអ្នកដទៃ? តើវា នឹងទៅជាយ៉ាងណា បើពួកគេបានឃើញថា អ្នកកំពុងតែខ្ជីខ្ជានឹងការងារបែបនេះ នោះប្រការនេះ ហើយវានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ឬមានការរីកចម្រើនទេ ដូច្នេះ អ្នកគប្បីប្រើប្រាស់នូវវត្ថុជំនួយផ្សេងៗ ដូចជាវចនានុក្រម ឬក៏អត្ថបទចាស់ ដែលធ្លាប់បានប្រើពីមុនជាដើមដើម្បីជួយឲ្យការសេរសេររបស់អ្នកប្រកប ដោយភាពត្រឹមត្រូវនិងងាយស្រួលយល់៕