នេះគឺជាឆាកជីវិតរបស់នារីវ័យក្មេង ម្នាក់ដែលធ្លាក់ខ្លួនត្រូវគេជួញដូរឆ្លងដែន យកទៅបម្រើការតាមហាង និងត្រូវគេយកលក់ឲ្យផ្ទះបន ត្រូវគេរំលោភរហូតមានផ្ទៃពោះទៀត។ ពិសី [ឈ្មោះអ្នកនិពន្ធដាក់ឲ្យ ស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ ដែនដីជាន់ព្រំដែនកម្ពុជា-ថៃ។
ពិសីបានរៀបរាប់ថា កន្លងមកនាងតែងតែលួចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃតាំងពីឆ្នាំ២០០៩មកម្ល៉េះ។ ដោយជីវភាពក្រុមគ្រួសារខ្វះខាត នាងក៏សម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៣ហើយក៏ប្រកបមុខរបរជាកម្មករដើរស៊ីឈ្នួល ច្រូតកាត់គ្រប់ច្រកល្ហកទៅតាមរដូវកាល។ ពេលដែលនាងមានអាយុ១៩ឆ្នាំ ស្ថិតនៅក្នុងវ័យពេញក្រមុំដ៏ស្រស់ស្អាត មានប្រុសៗ ក្នុងភូមិបានសុំស្រឡាញ់នាងយ៉ាងច្រើន តែនាងមិនព្រម។
ដោយជីវភាពគ្រួសារនាងលំបាកពេក នាងក៏សម្រេចចិត្តទៅធ្វើការដោយខុសច្បាប់ ព្រោះឃើញអ្នកភូមិរបស់នាងគេមកពីប្រទេសថៃមានលុយប្រាក់ ចាយហ៊ឺហា ទិញម៉ូតូម៉ូដថ្មីៗ ជិះដើរលេងនារដូវបុណ្យទានផ្សេងៗ។ ដោយឃើញគេមានបាន នាងក៏គិតថា បើអាត្មាអញមានប្រាក់ច្រើនដូចគេ ប្រាកដជាអាចជួយកាត់បន្ថយភាពលំបាកបានមួយចំនួន ជាក់ជាមិនខាន ព្រោះនៅក្នុងស្រុកភូមិរបស់នាងក្រៅពីដើរស៊ីឈ្នួលច្រូតស្រូវ និងកាច់ពោត ក៏អស់ការងារធ្វើ ក្រៅតែពីដើរស៊ីឈ្នួលគេ គឺនាងមិនអាចធ្វើអ្វីបានទៀតទេ ព្រោះនាងរៀនសូត្របានត្រឹមតែថ្នាក់ទី៣ក៏ឈប់។
ម្យ៉ាងវិញទៀត នៅស្រុកខ្មែរយើងសូម្បីតែការងារជូតសម្អាតឲ្យក្រុមហ៊ុនផ្សេងៗក៏ពិបាករកផង។ ថ្ងៃមួយក៏បានមកដល់ ដោយមានបងប្អូនខ្មែរដែលជាកម្មករដូចគ្នាបានបបួលនាង [ពិសី] ឲ្យទៅធ្វើការនៅប្រទេសថៃ គេថា ធ្វើការនៅប្រទេសថៃបានប្រាក់ច្រើន មួយខែពី ៦០០០បាទ ទៅ៨០០០បាទ។ ដោយនាងខ្វះការយល់ដឹងម្យ៉ាងយល់ឃើញថា បើមានប្រាក់ច្រើនអាចជួយដល់ឪពុកម្តាយបាន នាងក៏ទៅតាមគេ។ មិនយូរប៉ុន្មាននាងក៏អាចរកការងារបានធ្វើនៅក្នុងភោជនីយដ្ឋានមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ គឺធ្វើការក្នុងហាងលក់ម្ហូបអាហារ ដែលនៅក្នុងហាងនោះមាននារីខ្មែរយើងធ្វើការខ្លះដែរ ដែលពួកគេទទួលបានប្រាក់ខែតែ៥០០០បាទក្នុងមួយខែ។ នៅក្នុងប្រទេសថៃ ពួកក្មេងៗ យុវវ័យអាយុ១៦-១៧ ឆ្នាំ ដើរលេងច្រើនណាស់ គឺក្រុមកំលោះថៃទាំងនោះមកជួយទិញម្ហូបអាហារ នៅហាងនាងលក់ម្ហូបរៀងរាល់ថ្ងៃ នាងក៏បានស្គាល់ ពួកគេទាំងនោះដែរ ពេលខ្លះពួកគេក៏មកនិយាយ លេងសើចសុំរាប់អាន សុំស្រឡាញ់នាងក៏មានពេល បានស្គាល់ពួកស្ទាវៗនោះហើយ នាងត្រូវបានគេ បបួលដើរលេងក្រោយពីនាងសម្រាកពីការងារជាញឹកញាប់។
ពីដំបូងនាងបានផ្ញើប្រាក់ឲ្យម្តាយ និងប្អូនៗនៅ ផ្ទះមួយខែពីរបីពាន់បាទ តែជាកម្មអកុសល ហាងនោះត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ព្រោះថៅកែហាងមានរឿងជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។ពេលនោះនាងក៏រស់តែលតោល នាងក៏ត្រូវចាញ់បោកប្រុសម្នាក់យកនាងលក់ឲ្យផ្ទះបនស្រីមួយ នាងបន្តរស់ក្នុងផ្ទះបនបានតែរយៈជាងមួយខែក៏រត់ចេញមកក្រៅ ក្រោយមកក៏បានស្គាល់ថៅកែម្នាក់គេឲ្យធ្វើការទៀត។ ចំណែកមិត្តភក្តិនាងក៏បានបែកគ្នាស្វែងរកហាងថ្មីដើម្បីធ្វើការជាបន្ត។ ពិសី ក៏បានស្គាល់ថៅកែម្នាក់ គេឲ្យនាងនៅធ្វើជាអ្នករៀបបន្ទប់ ដោយឲ្យប្រាក់ខែត្រឹមតែ៤៥០០បាទប៉ុណ្ណោះ។ ថ្ងៃមួយនាងបានទៅរៀបចំបន្ទប់ឲ្យកូនប្រុសថៅកែថៃ អាយុ១៧ឆ្នាំ ខណៈពេលនាងកំពុងតែជូតលាងសម្អាតបន្ទប់ ស្រាប់តែកូនប្រុសថៅកែបាន ចាប់បង្ខំរំលោភនាង។ ដោយហេតុនាងជាស្រីខ្វះ ការអប់រំ នាងក៏មិនហ៊ានប្រាប់ថៅកែទេ ខ្លាចគេដេញចោល ព្រោះការងារពិបាករកខ្លាំងណាស់ នាងស៊ូខាំមាត់សង្កត់ចិត្តមួយថ្ងៃៗ នាងមានតែទឹកភ្នែកហូរជោកផែនថ្ពាល់តែប៉ុណ្ណោះ ដើម្បីបញ្ជាក់ពីភាពឈឺចាប់។ ពេលបានឃើញសភាពដូច្នោះ កូនថៅកែក៏ហៅនាងទៅប្រាប់ដោយស្ងាត់ៗថា គេស្រឡាញ់នាងហើយ ពេលខ្លះគេក៏បបួលនាងទៅចម្ការ ហើយកូនថៅកែថៃរូបនោះមានឱកាសបានបបួលនាងរួមភេទជាច្រើនដងរហូតនាងមានគភ៌ក្នុងផ្ទៃ។ ថ្ងៃមួយថៅកែស្រីបានដឹងរឿងនេះដោយគេបានឃើញសភាពផ្ទៃពោះរបស់នាងខុសពីប្រក្រតី ចំណែកទឹកមុខក៏មានសភាពស្លេកស្លាំង ដែលកាលនោះនាងទើបតែមានផ្ទៃពោះត្រឹមតែបួនខែ ចំណែកការងារត្រូវថៅកែ ស្រីជាជនជាតិថៃរូប នោះរឹតតែបន្ថែមឡើងៗ តែនាងនៅស៊ូទ្រាំដើម្បី បានប្រាក់ជូនម៉ែនៅឯស្រុក។
ចំណែកកូនថៅកែស្រីនោះក៏បានប្រាប់ម្តាយរបស់គេថា គេត្រូវតែយកនាងធ្វើជាភរិយា ព្រោះគេជាអ្នកធ្វើឲ្យនាងមានផ្ទៃពោះ។ ថៅកែស្រីនិយាយថា នាងនោះ ជាកូនខ្មែរ ចំណែកឯងជាថៃ ហើយនាងនោះគ្រាន់តែជាកម្មករយើងទេ ដោយ ឡែកឯងនៅរៀននៅឡើយ ដើម្បីឲ្យចប់រឿងគឺអញត្រូវបញ្ឈប់ការងារនាងនោះ បើនាងនៅក្នុងផ្ទះអញទៀតឯង មុខជាលែងទៅរៀនទៀតហើយ។ បន្ទាប់ពីថៅកែស្រី បានប្រកែកតឹងមាត់តឹងកជាមួយកូនប្រុសបានបីថ្ងៃ ស្រាប់តែថៅកែស្រីហៅនាងឲ្យមកបើកប្រាក់ខែ ហើយប្រាប់នាងថា “ឥឡូវនេះផ្ទះយើងលែងត្រូវការកម្មករទៀតហើយ ខ្ញុំបើកប្រាក់ខែឲ្យឯងលើសចំនួនបីខែដើម្បីឲ្យឯងងាយស្រួលស្វែងរកការងារផ្សេងទៀតធ្វើ”។ ដោយឡែកកូនប្រុសថៅកែស្រីបានទូរស័ព្ទទៅរកនាង ហើយបានជួលបន្ទប់ឲ្យនាងស្នាក់នៅដោយនិយាយថា បើនាងស្រឡាញ់រូបគេ សូមនាងកុំយកកូនចេញ ព្រោះនាំតែមានបាបកម្ម ចាំគេជាអ្នកជួយចិញ្ចឹម ព្រោះគេចង់បានកូន។ ក្រោយមកមិនយូរប៉ុន្មាននាងក៏ឈឺ ពោះសម្រាលកូនហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្តីថា ឥឡូវនេះនាងកំពុងតែឈឺពោះខ្លាំងណាស់ បើប្តីគេមិនមកទេពេទ្យគេមិនទទួលឡើយ ព្រោះនាងជាស្ត្រីខ្មែរភ្លាមនោះប្តីរបស់នាងក៏បានមក យកនាងទៅដេកសម្រាលកូននៅមន្ទីរពេទ្យមួយនៅឆ្ងាយពីក្រុង ។ ក្រោយពីសម្រាលរួចមកស្រាប់តែគ្រូពេទ្យសួរនាងថា តើមានបងប្អូនមកគិតប្រាក់ឲ្យថ្លៃថ្នាំពេទ្យទេ ? នាងថា “ខ្ញុំមានប្តី ចាំខ្ញុំទូរស័ព្ទទៅរកប្តីខ្ញុំ” ពេលនាងទូរស័ព្ទទៅប្រាប់ថា “សូមបងយកប្រាក់មកបង់ឲ្យថ្លៃថ្នាំផង” ស្រាប់តែគេនិយាយ ថា បើមានប្រាក់បង់ឲ្យពេទ្យទៅ ព្រោះគេមិនមានអ្វីត្រូវពាក់ព័ន្ធជាមួយនាងទៀតទេ ព្រោះគេមិនត្រូវការមានប្រពន្ធកូនទេ មិនទាន់គ្រប់អាយុនឹងទទួលខុសត្រូវនៅឡើយ ហើយម្យ៉ាងទៀតគេជាប់រៀនមិនមានប្រាក់ឲ្យទៀតទេ។
នៅពេលបានឮសំឡេងប្តីនាងនិយាយបែបនេះ នាងដួលសន្លប់នៅហ្នឹងកន្លែង ប្រមាណជាពីរម៉ោងក្រោយមក ពួកពេទ្យថៃបានមកសួរនាំនាងទៀតថា បើស្អែកនេះនាងមិនមានប្រាក់ឲ្យថ្លៃថ្នាំទេ យើងនឹងបញ្ជូននាងទៅប្រទេសខ្មែរវិញហើយ ។ ស្អែកឡើងប៉ូលិសថៃមកនាំនាង និងកូនទើបឆ្លងទន្លេរួច យកទៅដាក់ក្នុងគុកជាមួយពួកកម្មករខ្មែរដទៃទៀតប្រមាណជា៣០០នាក់ ហើយបញ្ជូនឡើងឡានមកតាមច្រកអន្តរជាតិក្រុងប៉ោយប៉ែត។
ពិសី បានបន្តទៀតថា “ពេលនេះ ខ្ញុំមិនដឹងជាទៅណាទេ បើទៅផ្ទះមិនដឹងជាទៅដើម្បីអ្វី ព្រោះកូនខ្ញុំនេះវាគ្មានឪពុក នាំតែខ្មាសអ្នកស្រុកភូមិ ម្យ៉ាងប្រាក់ក៏គ្មានសូម្បីតែមួយសេនក៏គ្មានដែរ ចំណែកម្តាយ និងឪពុកនាងខ្ញុំ ពួកគាត់មិនដែលនៅផ្ទះទេ គឺចេញទៅធ្វើការនៅតាមព្រំដែនបាត់ទៅហើយ” ។ នាងនិយាយបណ្តើរស្រែកយំបណ្តើរ គួរឲ្យអាសូរដល់នាងណាស់ កម្មក្រាស់ទៅប្រទេសថៃពីរឆ្នាំពេលត្រឡប់មកវិញបានកូនមួយគ្មានឪពុកទទួលខុសត្រូវទៀត៕