រាជធានីភ្នំពេញ : តារាសម្តែងសម្បុរស្រអែម ក្រោយស្ងប់ស្ងាត់រយៈពេល២ឆ្នាំជាប់គ្នា ធ្វើឲ្យតារាតូចច្រឡឹងរូបនេះងាកខ្លួនទៅបើកហាងថែរក្សាសម្រស់ដោយយល់ឃើញថាទីផ្សារសិល្បៈសព្វថ្ងៃមានភាពចង្អៀត។ ស្រាប់តែនៅចុងឆ្នាំ២០១៥នេះ នាងមានសន្ទុះឡើងកូដសារជាថ្មីម្តងទៀត ដោយក្រសោបបានតំណែងតួឯកជាបន្តបន្ទាប់ឡើងវិញ ហើយថ្មីៗនេះនាងទើបតែក្រសោបបានតំណែងតួឯកក្នុងរឿង ក្រមុំស្រស់ កំលោះចោម របស់ស្ថានីយទូរទស្សន៍បាយ័ន។
កញ្ញា ពៅ លីដា បានឲ្យដឹងថា នាងទើបតែថតបញ្ចប់រឿង ក្រមុំស្រស់ កំលោះចោម ដែលកំពុងបញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន។ តារាសម្តែងរូបស្រស់បានបន្តឲ្យដឹងថា នាងខិតខំប្រឹងប្រែងពង្រឹងអាជីព និងថែរក្សាសម្រស់ឲ្យកាន់តែខ្លាំងក្លា។
រីឯមនោសញ្ចេតនាស្នេហាវិញនាងត្រូវការស្នេហាចិត្តនិងចិត្ត និងមិនត្រូវការស្នេហាព្រោះតែ លុយ ឡាន និងផ្ទះវីឡានោះឡើយ។ តារារូបស្រស់សម្បូរប្រុសចោមស្នេហ៍រូបនេះបានអះអាងថា កន្លងមកមានម៉ែយ៉ែមទាក់ទងឲ្យនាងចេញទៅញ៉ាំបាយខាងក្រៅ១ពេលឲ្យទៅដល់៥ពាន់ដុល្លារ តែនាងប្រកែកហើយសែនស្អប់ពួកប្រភេទអស់ទាំងនោះណាស់ ម្យ៉ាងនាងខ្ញុំបើនិយាយពីជីវភាពរាល់ថ្ងៃគួរសមមិនដល់ថ្នាក់ខ្វះខាតចេញខ្លួនទៅញ៉ាំបាយខាងក្រៅ ព្រោះតែប្រាក់ប៉ុណ្ណឹងឡើយ។
គួររំឮកផងដែរថា តារាសម្តែងតូចច្រឡឹង ពៅ លីដា ធ្លាប់គ្រងតំណែងតួឯកក្នុងខ្សែភាពយន្តភាគរឿង ត្រីមាស រឿងខ្នាតធំ ខ្មោចពោះធំ សង្គ្រាមកូនភ្លោះ និងរឿងរលកសំលេងជាដើម៕