លុយ ជាបញ្ហាជម្លោះយ៉ាងខ្លាំងនៅក្នុងសង្គមគ្រួសារ ដោយសារតែវាជាវត្ថុដែលយើងត្រូវការប្រើប្រាស់ជាចាំបាច់។ ដោយសារតែបញ្ហានេះ ធ្វើឱ្យគ្រួសារមួយចំនួនមានជម្លោះទាស់ទែងគ្នារហូតដល់បែកបាក់ គ្រួសារក៏មាន។ គ្រួសារខ្លះ មានជម្លោះដោយសារតែភាព ខ្វះខាត គឺចំណូល និងចំណាយមិនមានភាពស្មើគ្នា។ ប៉ុន្ដែគ្រួសារខ្លះទៀត មានលុយបរិបូរណ៍ ហើយក៏នៅតែមានជម្លោះ។ តើនេះបណ្ដាលមកពីមូលហេតុអ្វី?
ថ្ងៃនេះសារព័ត៌មានកំណើតថ្មី ចង់បង្ហាញប្រិយមិត្តទាំងអស់ ឲ្យយល់ពីទុក្ខលំបាកចំពោះស្ត្រីដែលមានប្តីកាន់លុយ។ ខាងក្រោមនេះជាឧទាហរណ៍របស់បងស្រីផល្លា៖
នាង ផល្លា [ឈ្មោះអ្នកនិពន្ធដាក់ឲ្យ] អាយុ៣១ឆ្នាំ មានស្រុកកំណើត និងរស់នៅខេត្តកណ្តាល និងជា កូនច្បងក្នុងចំណោមបងប្អូនប្រាំមួយនាក់ក្នុងនោះប្រុសបួននាក់ ស្រីពីរនាក់។ក្នុងនាមជាកូនច្បងរស់នៅជាមួយម្តាយជា ស្ត្រីមេម៉ាយ កិច្ចការស្រាលធ្ងន់ទាំងអម្បាលម៉ានបាន ធ្លាក់មកលើរូបនាងជាអ្នករ៉ាប់រងទាំងអស់ ទើបបានជាបណ្តាលឲ្យរូបនាងពុំបានចូលសាលារៀនសូត្រដូចគេ រវល់តែជួយធ្វើការរកប្រាក់ផ្គត់ផ្គង់ ជីវភាពគ្រួសារ។
តាំងពីធំដឹងក្តីកាលណា រូបនាងពុំដែលស្គាល់ទេ ភាពស្រណុកស្រួល និងស្លៀកពាក់ស្អាតបាត។ នាងតែងតែលួចច្រណែន និងសរសើរនៅពេលឃើញគេមានសម្លៀកបំពាក់ល្អៗនិងតែងស្រមៃថា ថ្ងៃណាមួយរូបនាងនឹងបានដូចគេដែរ។
ផល្លា បានបន្តទៀតថា នាឆ្នាំ ២០០៧ ដោយជីវភាពកាន់តែធ្លាក់ដុនដាបនោះ នាងក៏ទៅស៊ីឈ្នួលបម្រើនៅតាមផ្ទះគេនៅឯភ្នំពេញ ដើម្បីរកកម្រៃឧបត្ថម្ភគ្រួសារ។ រស់នៅក្នុងម្លប់ផ្ទះថ្ម លម្អដោយភ្លើងអគ្គិសនី និងត្រូវទឹកមានម៉ាស៊ីនផងនោះ បានធ្វើឲ្យសាច់ឈាមស្រស់ថ្លា ទ្រលុកទ្រលន់គួរឲ្យចង់គយគន់ និង មានពពួក កំលោះៗតាមឡែបខាយសម្តីឌឺដងសុំស្នេហ៍ជាហូរហែនៅពេលដែលមកលេងស្រុកម្តងៗ។ ទោះបីយ៉ាងណា រូបនាងក៏ពុំដែលអើពើធ្វើដឹងឮដែរដឹង តែពីខំធ្វើការសន្សំប្រាក់ទុកផ្ញើទៅម្តាយប៉ុណ្ណោះ។
នាឆ្នាំ ២០១២ ម្តាយបានផ្តាំឲ្យឈប់ធ្វើការត្រឡប់មកផ្ទះវិញរួចប្រាប់ថា គាត់ឲ្យនាងមានប្តី ហើយជាកំលោះចាស់ ដែលមានអាយុច្រើនជាងនាង៩ឆ្នាំ ដោយមានលំនៅភូមិផងរបងជាមួយគ្នា។ ក្នុងនាមជាកូនស្រី បើទោះបីឪពុកម្តាយឲ្យទៅឆ្កែឆ្មាក៏មិនប្រកែកដែរ។
ដោយសារជីវភាពពួកយើងទាំងសងខាងខ្វះខាតដូចគ្នា គឺពុំបានរៀបការអ្វីឲ្យបានធំដុំគគ្រឹកគគ្រេងនោះទេ គ្រាន់តែសែនព្រេនឲ្យមេបាចាស់ទុំដឹងឮបង្ក្រប់កិច្ចតែប៉ុណ្ណោះ។ បន្ទាប់ ពីក្លាយជាប្រពន្ធប្តី ប្តីចាប់របរនេសាទ ឯរូបនាងក៏មិននៅទំនេរឥតប្រយោជន៍ដែរ គឺតែងដើរដក ក្រអៅឈូក បេះត្រកួន ស្លឹកបាស ស្លឹកអម្ពិល និង ទិញបន្លែលក់ដើម្បីរកកម្រៃជួយទប់គ្នាពុំដេកស៊ីពឹងលើកម្លាំងប្តីទាំងស្រុងនោះទេ។
នាង ផល្លា បានស្រដីទៀតថា ដំបូងនាងពុំចាប់អារម្មណ៍ទេ លុះយូរៗទៅទើបដឹងថា ស្វាមីកាន់ទុកដាក់ប្រាក់ខ្លួនឯងដោយមួយថ្ងៃឲ្យប្រពន្ធ ៥០០០រៀល ជួនកាលបីបួនថ្ងៃឲ្យ១០០០០រៀល ដើម្បីទិញម្ហូប។ ទោះជាយ៉ាងដូច្នោះក្តី ក៏រូបនាងពុំនិយាយស្តីឲ្យម្តាយដឹងដែរដល់បានជាងមួយឆ្នាំទៅលេងផ្ទះម្តាយក្មេក ទើបបែករឿងថា ប្តីរបស់នាងធ្លាប់មានប្រពន្ធពីរនាក់រួចមកហើយ ហើយទាំងប្រពន្ធដើមទីមួយ និងពីរ សុទ្ធតែបីកូនចុះចោលទាំងអស់ ព្រោះតែរឿងប្តីគំនិតស្រីចាត់ចែងកាន់ប្រាក់ហ្នឹង។ ដោយមិនចង់ឲ្យមានភាពប្រេះឆា នាងតែងទ្រាំរហូត ហើយក៏មិនពឹងកម្លាំងប្តីដែរ មិនតែប៉ុណ្ណោះប្តីរបស់នាងជាមនុស្សចូលចិត្តសប្បាយណាស់ មានធុងបាស់កន្លែងណា មានមុខត្រង់នោះជានិច្ច និងកំពូលប្រចណ្ឌប្រពន្ធទៀតផង។
នាងបានប្រាប់បន្ថែមថា រស់នៅជាមួយគ្នាជាងមួយឆ្នាំ នាងគ្មានសល់អ្វីក្រៅអំពីកូនស្រីម្នាក់នេះទេ ព្រោះប្រាក់កាសត្រូវប្តីយកទៅទាំងអស់។ នាងធ្វើការរកស៊ីខ្លួនឯងរហូតគ្រប់ខែឆ្លងទន្លេទើបឈប់។ ពេលប្រពន្ធឈឺពោះ ក៏ប្រើឲ្យទៅតាមឆ្មប បែរជាទៅដេកធ្វើព្រងើយហើយ បន្ទាប់ពីនាងសម្រាលកូនបានប្រាំពីរថ្ងៃ ស្រាប់តែប្តីចុះចោលបាត់រហូត ដោយពុំដឹងមូលហេតុ។ ក្រោយសម្រាលកូនបានជាងកន្លះឆ្នាំ នាងក៏ទៅផ្ទះម្តាយក្មេក ដើម្បីតាមប្តី និងជម្រាបម៉ែក្មេក គ្រាន់តែឃើញប្រពន្ធភ្លាមគេចភ្លែត ហើយមិនទាន់បានអង្គុយផងត្រូវប្អូនថ្លៃ និងម្តាយក្មេក ដេញដោយនិយាយថា “មេស្រីចង្រៃ ចេញពីផ្ទះអញភ្លាម” ធ្វើឲ្យនាងស្រឡាំងកាំងស្រដីមិនចេញ រួចក៏ឱបកូនត្រឡប់មកផ្ទះវិញទាំងទឹកភ្នែក។
នាងបានស្រដីបន្តថា កាលណោះ នាងបានដំណឹងថា ប្តីបម្រុងដណ្តឹងប្រពន្ធទៀត ក៏ធ្វើដំណើរទៅក្នុងបំណងរករឿងទារថ្លៃចិញ្ចឹមកូនខ្លះ ពេលទៅដល់ញាតិជិតខាងនិយាយថា ប្រពន្ធកូនឯងមកលេង ស្រាប់តែប្តីឆ្លើយថា “មិនមែនកូនខ្ញុំទេ មិនដឹងជាវាផើមជាមួយនរណាផងហ្នឹង”។ ពេលនោះទើបនាងភ្ញាក់ខ្លួនដឹងថា មូលហេតុដែលប្តីចុះចោលតាំងពីសម្រាលកូនបានប្រាំពីរថ្ងៃរហូតកូនអាយុ២ឆ្នាំនេះ គឺមកពីរឿងប្រចណ្ឌ។
ជាចុងក្រោយ នាងបានពោលថា នាងសុំស្មារលាហើយប្រុសគំនិតស្រីប្តីកាន់ប្រាក់ ហើយក៏សុំផ្តាំទៅ បុរសទាំងអស់ផងដែរថា បើមានគំនិតមិនឲ្យភរិយាកាន់ប្រាក់ចាត់ចែង ក្នុងគ្រួសារទេនោះ សូមកុំយកប្រពន្ធ អី ៕

រូបតំណាង