មិត្តភក្តិមានច្រើនប្រភេទមានទាំងល្អ មានទាំងអាក្រក់ ហើយមិត្តភក្ដិដែល គេហទំព័រសារព័ត៌មានកំណើតថ្មីនឹងបង្ហាញជូនលោកអ្នក គឺប្រភេទមិត្តភក្ដិដែលមិនអាចឲ្យលោកអ្នករីកចម្រើនលុយកាក់ ឬសន្សំលុយបានទេ គឺមានតែជួយបង្ហិនតែប៉ុណ្ណោះ។ តើមិត្តភក្ដិដែលជួយបង្ហិនទ្រព្យសម្បត្តិរបស់លោកអ្នកមានរបៀបយ៉ាងម៉េចខ្លះ?
១-មិត្តភក្ដិអួតអាង ៖ មិត្តភក្ដិអួតអាងតែងតែចំណាយលុយយ៉ាងច្រើនរបស់គេទិញរបស់ថ្លៃៗ ហើយអ្វីដែលសំខាន់គឺពួកគេព្យាយាមបង្អួតរបស់ថ្លៃៗ ទាំងនោះដល់អ្នកឲ្យដឹង ធ្វើឲ្យអ្នកមិនអាចទប់ចិត្តបាន ក៏ទិញសម្ភារៈថ្លៃៗតាម។ ពិតជាខ្ជះខ្ជាយណាស់ដោយគ្រាន់តែទិញសម្ភារៈមកបង្អួតគ្នាដូច្នោះ!
២- មិត្តភក្ដិឈ្នានិស ៖ ប្រភេទមិត្តបែបនេះចូលចិត្តតែតាមផ្ចាញ់ ឬចេះតែឌឺដងលោកអ្នក ពិសេសពេលមានទ្រព្យសម្បត្តិច្រើន។
៣-មិត្តភក្ដិដែលចូលចិត្តដើរផ្សារដូចមនុស្សញៀនផ្សារ ៖ ប្រភេទមិត្តនេះចេះតែចង់ចាយលុយ។ ឲ្យតែមានលុយក្នុងដៃ គឺត្រូវដើរផ្សារទិញនេះទិញនោះ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏ត្រូវទៅជាមួយពួកគេដែរ។ មិនយូរមិនឆាប់ គឺត្រូវចំណាយដូចគ្នាដោយសារតែពើបប្រទះនឹងរបស់ដែលខ្លួនពេញចិត្ត។
៤-មិត្តភក្ដិអ្នកមាន ៖ ពួកគេចូលចិត្តចំណាយលុយលើឥវ៉ាន់ថ្លៃៗ ចូលហាងធំៗ ធ្វើឲ្យយ៉ាងណាឲ្យតែបានចាយលុយ និងមានគេដឹងថាខ្លួនមានលុយច្រើន។ មិនយូរមិនឆាប់ គង់តែជាប់បំណុលមិនខាន។
៥-មិត្តភក្ដិដែលចូលចិត្តសួររឿងផ្ទៃក្នុងទោះគេមិនចង់ប្រាប់ ៖ មិត្តប្រភេទនេះចូលចិត្តសួរអ្នកពីរឿងប្រាក់ខែ ចាយលុយរបៀបម៉េច ហើយឆ្លៀតឱកាសខ្ចីលុយតែម្ដង។
៦-មិត្តភក្ដិចូលចិត្តឲ្យប៉ាវ ៖ ចង់ទៅញ៉ាំអី ទៅមើលកុន ឬទៅកន្លែងណាក៏ដោយឲ្យតែជាកន្លែងចេញលុយ គឺពួកគេតែងតែអូសអ្នកទៅតាមជានិច្ចដើម្បីចេញលុយ។
៧-មិត្តភក្ដិដែលមានគំនិតអគតិ ៖ ខណៈពេលដែលលោកអ្នកខំធ្វើការចង់ស្លាប់ដើម្បីរកលុយ បែរជាមានមិត្តម្នាក់មកនិយាយថាការងារមិនរីកចម្រើន នោះលោកអ្នកប្រាកដជាបាក់ទឹកចិត្តជាមិនខាន៕