ជំនឿ​ចាស់​បុរាណ​ជាមួយ​ពេលវេលា​ហាម​រៀបការ​

, , Leave a comment

khmer-wedding

​កាល​យុគសម័យ​បុរាណ​មនុស្ស​តែង​មានជំនឿថា​បើសិន​កាលណា​កូនកំលោះ​ក្រមុំ​រៀបចំ អាពាហ៍ពិពាហ៍​មិនបាន​ធ្វើទៅ​តាម​ថ្ងៃខែ​ល្អ​ទេ​ពេល​ក្លាយជា​គូ​ប្តី​ប្រពន្ធ ក៏​តែង​កើត​មានការ​រកាំរកូស និង​អ្នកខ្លះ​អាចឈាន​រហូតដល់​ការបែកបាក់​ឬ​លែងលះគ្នា​ទៀតផង​។ តើ​ជំនឿ​ទាំងអស់នេះ​មាន​ដូចម្តេចខ្លះ​?

 

​ជំនឿ​ទី​១
​ជនជាតិ​មួយចំនួន​នៅក្នុង​ប្រទេស​អាស៊ី​មានជំនឿថា​ហាម​រៀបការ​នៅ​ថ្ងៃ​ពុធ ព្រោះ​បើតាម​ក្បួន​ហោរាសាស្ត្រ​នោះគេ​ជឿថា​ជា​ថ្ងៃ​ដួងផ្កាយ​នៃ ការប្រែប្រួល​ដោយសារ​មានការ​គោចរ​ខុស​ប្រក្រតី​ជាប់​ជាប្រចាំ​គឺ​ម្តង​គោចរ​លឿន​ម្តង​គោចរ​យឺត​ហើយ​ជួនកាល​គោចរ​ថយក្រោយ​។ ព្រោះតែ​មូលហេតុ​ទាំងនេះ​ទើប​គេ​មានជំនឿថា ផ្កាយ​ព្រះ​ពុធ រក​អ្វីដែល​ពិតប្រាកដ ឬ​ភាព​គង់វង្ស​មិនបាន​ទើប​គេ​មិន​និយម​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​រៀបការ​ចំ​ថ្ងៃ​នេះឡើយ​។ ក្រៅពីនេះ​បើតាម​ជំនឿ​នោះគេ​ជឿ​ផង​ថា ការរៀប​ការ​ចំ​ថ្ងៃនេះ​អាច​នាំ​ឲ្យ​គ្រួសារ​មានការ​រកាំរកូស និង​ពិសេស​ងាយ​មានការ​លែងលះគ្នា​ទៀតផង​។​

 

​ជំនឿ​ទី​២
​ការរៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍ ក៏​គេ​មានជំនឿថា មិនល្អ​ដែរ ព្រោះ​ចាត់ទុកថា​ជា ថ្ងៃ​រឹង ថ្ងៃ​ខ្លាំង ហើយ​សមរម្យ​ក្នុង​ការរៀបចំ​ធ្វើបុណ្យ​លើករាសី ឬ​ធ្វើ​ពិធី​ខាង​សាសនា​អ្វីមួយ​ទៅវិញ​ទេ​។​

 

​ជំនឿ​ទី​៣
​គេ​មានជំនឿថា ហាម​រៀប​អាពាហ៍ពិពាហ៍​ថ្ងៃ​ព្រហស្បតិ៍ ព្រោះ​ជា​ថ្ងៃ​គ្រូ ហើយ​ចាត់ទុក​ថាបើ​រៀប​អាពាហ៍ពិពាហ៍​ក្នុងថ្ងៃនេះ ភាគី​បុរស​តែង​ចាញ់​ស្ត្រី​ជានិច្ច​។ ជាមួយគ្នា​នៅមាន​ក្បួនតម្រា​របស់​ពលរដ្ឋ​លោកខាងលិច​បាន​ឲ្យ​ដឹង​ទៀតថា ការ​រៀបការ​ក្នុងថ្ងៃនេះ​អាច​នាំ​ឲ្យ​មានការ​ផិតក្បត់ ព្រោះ​បើតាម​ជំនឿ​មាន​តំណាល​ថា កាលដើមឡើយ​នោះគេ​ចូលចិត្ត​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​រៀបការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ណាស់ ព្រោះ​តំណាង​ជា​ព្រះ​ចន្ទ តែ​តម​ក ព្រះ​ចន្ទ​នេះ​បាន​ទៅ​សា​ហាយ​ស្មន់​ជាមួយ​ព្រះ​អង្គារ​ទើប​គេ​មាន​ជំនឿ​ឈប់ ទុកដាក់​កូនចៅ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃនេះ​តែម្តង​។​

 

​ជំនឿ​ទី​៤
​គេ​មានជំនឿថា​ហាម​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ថ្ងៃសីល​ព្រោះថា​ជា ថ្ងៃ​ដែល​ព្រះសង្ឃ ត្រូវ​រៀបចំ​ពិធី​ក្នុង​វត្ត​ជាមួយ​ឧបាសក​ឧបាសិកា​តាំងតែ ពី​ព្រឹករ​ហូរ​ដល់​ល្ងាច​ទើប​មិនគួរ​និមន្ត​ព្រះសង្ឃ​មក​ចូលរួម​ពិធី​ផ្សេងៗ​ឡើយ​។ ពិសេស​ការរៀប​អាពាហ៍ពិពាហ៍​ជា​រឿង​របស់​កិលេស​តណ្ហា និង​ការ​រួមភេទ​ដែលជា​ការមិន​ល្អ​ទេ​។​

 

​ជំនឿ​ទី​៥
​គេ​មានជំនឿថា​ការរៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃ​កើត​ឧប្បត្តិហេតុ​ធំៗ​របស់​ពិភពលោក​ក្នុង​មួយឆ្នាំៗ​នោះ​ពុំ​ល្អ​ទេ​នាំ​ឲ្យ​គូ​ប្តី​ប្រពន្ធ​តែងតែ រកាំរកូស​និង​វិនាស​ព្រាត់ប្រាស​គ្នាច្រើន​។​

 

​ជំនឿ​ទី​៦
​មនុស្ស​របស់​ជនជាតិ​រ៉ូ​មាំ​ង​មានជំនឿថា​មិនគួរ​រៀបការ​ក្នុង​ខែឧសភា​ទេ ព្រោះ​ជា​អំឡុង​ខែ​ពួក​ក្រៅ​សាសនា​ដែល​គ្មាន​សីលធម៌​រៀបចំ​ឆ្លង​ពិធី​ផ្សេងៗ ហេតុនេះ​គេ​ទើប​មិន​យក​ខែ​នេះ​សម្រាប់​រៀបចំ​ពិធី​មង្គល​អាពាហ៍ពិពាហ៍​ដល់ កូនចៅ​គេ​ទេ​។​

 

​ជំនឿ​ទី​៧
​មនុស្ស​បុរាណ​ដំបូង​បំផុត​មានជំនឿថា​មិនគួរ​រៀបការ​កូនចៅ​ក្នុង​ខែ​១២ ព្រោះថា​ជា​អំឡុង​ពេលដែល​សត្វ​រក​គូ​ជាពិសេស​សត្វ​ឆ្កែ​ដោយ​ញី​ឈ្មោល​ហើយ​ខែ នេះ​ថែមទាំង​ជា​ខែ​មាន​ទឹកជំនន់​ផង​ធ្វើ​ឲ្យ​ជួប​ផល​លំបាក​ក្នុងការ ធ្វើដំណើរ​និង​គូ​ប្តី​ប្រពន្ធ​តែង​កើត​មានការ​រកាំរកូស គ្នា​ច្រើនតែ​យ៉ាងណា​ជំនឿ​នេះ​ក្រោយៗ​មក​ត្រូវបាន​គេ​លែង​ជឿ​ទៀតហើយ ពិសេស​គេ​ចូលចិត្ត​រៀបចំ​ពិធី​មង្គល​អាពាហ៍ពិពាហ៍​កូនចៅ​ក្នុង​ខែ​នេះ​ទៀតផង​៕ កំណត់ត្រា​

 

​តើ​អ្នក​យល់​យ៉ាងណាដែរ​?

 

 

Leave a Reply

(*) Required, Your email will not be published