ស្តាប់​ពាក្យសម្តី​របស់​ឪពុក​ម្នាក់​បាន​ទូន្មាន​ទៅ​កូនប្រុស​មុនគេ​រៀបការ ធ្វើ​ទឹកនេត្រា​ស្ទើរ​រមៀល​ស្រក់​

, , Leave a comment

រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ ប្រយោគ​មួយ​ឃ្លា​ដ៏​វែង និង​មាន​អត្ថន័យ ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​ខណៈ​ដែល​សំណេរ ទាំង​នោះបាន​រៀបរាប់​ពី​ការ​ទូន្មាន​កូន ប្រុស​មុនគេ​រៀបការ​។ ខ្លឹមសារ​ទាំងនោះ​មាន​ជាអាទិ៍ “​ឪពុក​បាន​និយាយថា ៖ កាលពី​ប្រពន្ធ​របស់​កូន​នៅ​ក្មេង គេ​នៅផ្ទះ​ឪពុកម្តាយ​គេ គេ​ចិញ្ចឹម​បីបាច់​ដោយ​ខ្លួនគេ អង្ក​ផ្ទះ​យើង​មួយ​គ្រាប់ ទឹក​ផ្ទះ​យើង​មួយ​កែវ​យើង​មិនដែល​ឲ្យ​គេ​ឡើយ តែដោយសារ​ពាក្យ​ថា​ស្រឡាញ់ គេ​សុខចិត្ត​ចេញពី​ទ្រនំ​ដ៏​សែន​កក់ក្តៅ​ដែល​គ្រួសារ​គេ​បានផ្តល់​ឲ្យ ហើយ​មកប្រើប្រាស់​ពេលវេលា​ពាក់កណ្តាល​ជីវិត​ដែល​គេ​មានមក​រួមរស់​ជាមួយ​កូន មក​ធ្វើជា​ប្រពន្ធ​កូន មក​ធ្វើជា​កូនប្រសា​រពុក​និង​ម៉ែ​ឯង យក​ឪពុកម្តាយ​របស់​កូន​ធ្វើជា​ឪពុកម្តាយ​របស់ខ្លួន យក​បងប្អូន​របស់​កូន​ធ្វើជា​បងប្អូន​របស់ខ្លួន​កូន​និយាយ​ទៅ​មើល៍ !! បើ​កូន​ធ្វើ​មិនល្អ​ដាក់​គេ តើ​វា​គួរ​ឲ្យ​ខ្មាសអៀន​ចំពោះ​ឪពុកម្តាយ​របស់គេ​ដែរឬទេ ?

 

​នៅពេលដែល​កូន​ឃើញ​ម្ហូប​ឆ្ងាញ់ កូន​នឹង​ហូប​ទាល់តែ​ហល់ តឹង​ពោះ​ហល់​ហើយ​រសេះរសោះ​ពិបាក​ក្នុង​ខ្លួន​មែន​ទេ ? ហើយ​ចុះបើ​ប្រពន្ធ​របស់​កូន​ត្រូវ​ពពោះ​ប្រហែលជា​ជិត​១០​ខែ ប្រសិនបើ​គេ​មិន​ពេញចិត្ត​ដែល​ត្រូវ​ក្លាយជា​ម្តាយ មាន​អ្នកណា​ដែល​គេ​សុខចិត្ត​ទ្រាំ​ភាព​តឹងតែង​វេទនា​ក្នុង​ខ្លួន​ហ្ចឹ​ង​ដើម្បី​ឲ្យ​កំណើត​ជីវិត​ក្មេង​តូច​ម្នាក់ ដែល​គេ​ខំ​បង្កើត​មកហើយ​មិនបាន​ប្រើ​ទាំង​នាមត្រកូល​គ្រួសារ​ខ្លួនគេ​ផង​​កូន​ថា​ទៅ​មើល៍ ! បើ​កូន​ធ្វើ​មិនល្អ​ដាក់​គេ វា​គួរ​ឲ្យ​ខ្មាសអៀន​ទេ​ដែល​គេ​ខំ​លះបង់​ឲ្យ​គ្រួសារ​យើង​ដល់​ថ្នាក់​នេះ​។​

 

​មិន​ថា កើតជា​មនុស្ស​ប្រុស ឬ​ជាម​នុស្ស​ស្រី​ទេ​ម្នាក់ៗ​សុទ្ធ​តែមាន​អារម្មណ៍​ប្រែប្រួល​មួយ​ឆាវៗ​ដូចគ្នា មនុស្ស​ប្រុស​មាន​អារម្មណ៍​ប្រែប្រួល​មួយ​ឆាវ​ទៅតាម​រឿង​មួយចំនួន ប្រសិនបើ​គិតថា រឿង​ណា​ដែល​មិន​ត្រឹមត្រូវ​នោះ​រឿង​នោះ​និង​ដក់​នៅក្នុង​ចិត្តជា​និច្ច​។ ចំណែក​មនុស្ស​ស្រី​វិញ​មាន​អារម្មណ៍​ប្រែប្រួល​មួយ​ឆាវ​ទៅតាម​ពាក្យសម្តី បើ​គេ​ស្តាប់​ហើយ​មិន​ចូល​ត្រចៀក នោះគេ​កាន់តែ​ស្តាប់​កាន់តែ​អារម្មណ៍មិនល្អ​ទោះជា​វា​បាន​កន្លងផុតទៅ​ហើយក៏​ដោយ ក៏​នៅតែ​ខឹង​មិន​បាត់ ដូចនេះ​កូន​ជា​មនុស្ស​ប្រុស កូន​ត្រូវ​ចេះ​កាត់បន្ថយ និង​ជម្រុះ​ភាព​មានះ​រឹងរូស សម្តី​គំរោះគំរើយ​ក្នុង​ខ្លួន​កូន ហើយ​និយាយ​អ្វីដែល​ប្រពន្ធ​កូន​ចូលចិត្ត​ស្តាប់ ត្រូវ​ចេះ​យកចិត្តទុកដាក់ ពេលនោះ​កូន​រក​សុភមង្គល​ឲ្យ​គេ​បាន​ហើយ​ពិភពលោក​នេះ​មាន​ស្រី​ស្អាតៗ​ច្រើនណាស់ តែបើ​រៀបការ​ហើយ​កុំ​រលៀម ខិលខូច​លួចលាក់​ទៀត ហើយ​កុំ​យកប្រពន្ធ​របស់​កូន​ប្រៀបធៀប​ជាមួយ​ស្រី​ផ្សេង​។​

 

​ជីវិត​របស់​មនុស្ស​យើង​កើតមក​នៅក្នុង​មជ្ឈដ្ឋាន​ខុសគ្នា ប្រពៃណី​មិន​ដូចគ្នា ដូចនេះ​ការចិញ្ចឹម​បីបាច់​ថែរក្សា និង​ចំណង់​ចំណូលចិត្ត​មិន​ដូចគ្នា​ទេ ទោះបី​រៀបការ​ហើយក៏​ចំណង់​ចំណូលចិត្ត​និង​អត្តចរិត​នៅតែ​កប់​ជាប់​នៅក្នុង​ចិត្ត​ដដែល ដូចនេះ​ពេល​កូន​រៀបការ​ហើយ ចូរ​កូន​កុំ​កាត់សេចក្តី​ត្រូវ ឬ​ខុស​ទៅលើ​ភាពផ្ទុយ​គ្នា​របស់គេ​ដោយ​យក​ចំណង់​ចំណូលចិត្ត​និង​ចរិត​របស់​កូន​ជា​គោល ពុក​សង្ឃឹមថា​កូន​និង​ព្យាយាម​ផ្លាស់ប្តូរ​ខ្លួន​កូន​ជាមុនសិន មុន​និង​កូន​ផ្លាស់ប្តូរ​គេ​។​

 

​សង្គម​យើង​បច្ចុប្បន្ន មិន​ថា​ស្រី ឬក៏​ប្រុស​ទេ សុទ្ធ​តែមាន​ការងារ​ធ្វើ​ដូចគ្នា ហត់​ដូចគ្នា ដូចនេះ​ចូរ​កូន​កុំ​មើលរំលង​ការងារ​ក្នុងផ្ទះ ត្រូវ​ចេះ​ជួយ​ធ្វើ​គ្នា កុំ​បណ្តោយ​ឲ្យ​នាង​ធ្វើ​ការងារ​ផ្ទះ​ម្នាក់ឯង​សាក​គិត​មើល​ប្រសិនបើ​ថ្ងៃ​ណាមួយ​មាន​មនុស្ស​ប្រុស​ម្នា​ក់មក​ស្រឡាញ់​ប្រពន្ធ​កូនជាង​កូន តើ​កូន​អាច​ទប់ទល់​និង​បញ្ហា​ដែល​កើតឡើង​តាម​ក្រោយ​ហ្នឹង​បានដែរ​ឬទេ​។​
​ការរៀប​ការ គឺជា​រឿង​ដែល​សំខាន់បំផុត​នៅក្នុង​ជីវិត គឺជា​ពេលដែល​ត្រូវ​ចាប់ដៃគ្នា​មក​រស់នៅ​ជាមួយគ្នា​ក្រោម​ដំបូល​តែមួយ​កសាង​គ្រួសារ​ថ្មី​មួយ​ជាមួយគ្នា ដូចនេះ​ការយល់​ចិត្តថ្លើម​គ្នា​គឺជា​រឿង​សំខាន់បំផុត​មាន​មនុស្ស​ជាច្រើន​ដែល​បាន​លែងលះគ្នា​ដោយសារ​ការមិនយល់​ពី​គ្នា​ទៅវិញទៅមក ដោយសារ​មាន​អ្នក​ទី​បី និង​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត តែ​កូន​ត្រូវ​ចាំ​ទុក​ថា ការរៀប​ការមិន​មែន​ជា​រឿង​មួយ​ដែល​ធ្វើ​ដើម្បី​ធានាបាន​នូវ​ភាព​ឋិតថេរ​នៃ​ស្នេហា​របស់​កូន​ឲ្យ​គង់​វង់​រហូត​ទេ មានតែ​ការចេះ​ស្រឡាញ់​ស្មើ​ចុង​ស្មើ​ដើម ការមិនធ្វើ​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ក្តី​ស្រឡាញ់​ដែល​ធ្លាប់​បានទទួល​មិន​ថយចុះ ការយោគយល់ យល់ចិត្ត​គ្នា​ទៅវិញទៅមក គឺជា​កាតព្វកិច្ច​ដែល​កូន​ទាំងពីរ​ត្រូវបំពេញ​ដើម្បី​សុភមង្គល​គ្រួសារ​កូន​ឲ្យ​ឋិត​ស្ថេ​រ​ជា​និរន្ត​៕ ពេញចិត្ត​
image212

 

Leave a Reply

(*) Required, Your email will not be published