«ក្រេវក្រោធ» នៅសម័យបុរាណ ខ្មែរយើងប្រើពាក្យនីមួយៗដោយមានន័យ និងស័ព្ទច្បាស់ប្រាកដពុំមានល្អៀង បើតាមការសង្កេតទៅឃើញថា គេប្រើពាក្យ «ក្រោធ» ដើម្បីកត់សម្គាល់តាមផ្លូវចរិយា ឯពាក្យ «ខឹង» វិញ សម្រាប់សម្ដែងបង្ហាញថា អវៈយវៈយើងដែលខឹងនោះ។
ដូច្នេះ ពាក្យថាអ្នកនេះខឹងនឹងអ្នកនោះណាស់ ពាក្យ ខឹង មួយម៉ាត់នេះ អាចកត់សម្គាល់បានថា ការឈ្លោះប្រកែកគ្នាម្ដងៗ រមែងជេរបញ្ចោរជាពាក្យអាសគ្រាម ឬឲ្យកេរ្តិ៍ខ្មាសគ្នាទៅវិញទៅមកពុំខានឡើយ ។ អាស្រ័យហេតុនេះហើយ គេនិយាយថា អ្នកនេះខឹងនឹងអ្នកនោះ។
ចំពោះពាក្យ «ក្រោធ» វិញ គេច្រើននិយាយនៅកាលនោះថា នាយចៅហ្វាយបានក្រោធនឹងសហការីលោកដោយមានកំហុសព្រោះចូលធ្វើការពុំទាន់ពេលវេលា ពោលគឺ នាយចៅហ្វាយមានចិត្តប្រកាន់ច្រឡោត «ខឹង» ដូចពាក្យសម្ដីយើងប្រើសព្វថ្ងៃនេះ ។ ដូច្នេះបរិវារស័ព្ទ «ក្រេវ» អាចគន្លាស់បានជាពាក្យ «ក្រេវមួយឆោត» គឺ «ក្រោធមួយឆេវ» ពោលគឺក្រោធមួយភ្លែត ទោះខ្លាំងណាស់ក្ដី រមែងឆាប់បានស្បើយទៅវិញដោយមានសេចក្ដីអនុគ្រោះ ៕