រាជធានីភ្នំពេញ : តារាសម្តែងស្រីកញ្ញា ដួង ស្រីពេជ្រ ហៅ ដួង ម៉ានិច កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈការសម្តែងរឿងពូជខ្ញុំអីចឹង? និងរឿងបណ្តាសារ ជាពិសេសនាងលេចធ្លោខ្លាំងក្នុងការសម្តែងបទចំរៀងកាយវិការរបស់លោក ឆាយ វិរះយុទ្ធ ក្រោមចំណងជើងថា ស្មោះបងអូនស្លាប់អី។ ជាមួយការសម្តែងរឿងបែបស្រើបស្រាល និងការប្តូរស្ទីលមកស្លៀកសិចស៊ី និងថែមទាំងប្តូរឈ្មោះពី ដួង ស្រីពេជ្រ មក ដួង ម៉ានិច កាន់តែធ្វើឲ្យទីផ្សារការងារសិល្បៈរបស់នាងមានភាពរលូន និងរកប្រាក់ចំណូលបានយ៉ាងច្រើនពីអាជីពមួយនេះ។
ក្រោយពីប្តូរស្ទីលស្លៀកសិចស៊ីនេះមក កញ្ញា ដួង ម៉ានិច ទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំង ហើយបើនិយាយពីការរិះគន់ក្នុងការស្លៀកពាក់សិចស៊ីរបស់នាងក៏មិនតិចដែរ។ តួយ៉ាង កញ្ញា ដួង ម៉ានិច បានប្រាប់ឱ្យដឹងថា ទម្រាំនាងទទួលបានផ្លែផ្កាពីអាជីពសិល្បៈនេះ នាងប្រឡូកក្នុងអាជីពនេះយូរហើយ សូមមេត្តាបើឃើញនាងបានផ្លែផ្កាហើយកុំក្តិចត្រួយឲ្យស្វិតស្រពោនអី។
ក្នុងនាមជាតារាសិល្បៈ នាងទទួលស្គាល់ថា តែងតែមានការរិះគន់ ហើយនាងក៏ទទួលយកការរិះគន់ដើម្បីស្ថាបនាដែរ ប៉ុន្តែក្នុងការស្លៀកពាក់របស់នាង គឺនាងខ្ញុំយល់ថាមិនហួសហេតុទេ ដោយសារតែនាងខ្ញុំស្លៀកសិចស៊ីធម្មតាមិនដល់ថ្នាក់ស្រាតចំពោះទស្សនិកជន ឡើយ ហើយការបញ្ចេញសាច់តិចតួចវាមិនខុសអីទេ។
ទោះយ៉ាងណា ដួង ម៉ានិច បានអះអាងថា នាងនៅតែបន្តស្លៀក និងតុបតែងខ្លួនសិចស៊ី ដើម្បីឲ្យការងារសិល្បៈហូរចូលមករកនាង មិនដូច្នេះនាងត្រូវផ្កាប់ឆ្នាំងបាយ ហើយតែនាងសន្យាថា មិនស្លៀកឲ្យហួសហេតុនោះទេ និងរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបានល្អ៕