រាជធានីភ្នំពេញ : ក្រុមអ្នកញៀនល្បែងស៊ីសងស្ទូចប្រេងកូឡាចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចុះបង្ក្រាបកាលពីវេលាម៉ោង២១និង៤៥នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៣ ក្រុម៤៩ភូមិ១២ ស្ថិតខាងមុខសណ្ឋាគារកាសា ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ដែលជាកម្មសិទ្ធរបស់ឈ្មោះ គុណ ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ។
ប្រភពពីរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកល្បែងស៊ីសងស្ទូចប្រេងកូឡានោះឈ្មោះជ័យ លក្ខិណា និងឈ្មោះគង់ ចាន់ណា ភេទស្រីត្រូវឃាត់ខ្លួន។ ចំណែកអ្នកមកលេង៦នាក់ទៀត ក្នុងនោះ ប្រុស២នាក់ត្រូវឃាត់ខ្លួនទាំងអស់សរុប៨នាក់។
សមត្ថកិច្ចបានបន្តទៀតថា ទីតាំងល្បែងស៊ីសងស្ទូចប្រេងកូឡា(យូគី)បានមកសម្ងំបើកលេងនៅ ចំណុចកើតហេតុនោះបានរយៈពេល២ទៅ៣ថ្ងៃមកហើយ បើទោះបីអាជ្ញាធរមូលដ្ឋានបានហាមឃាត់មិនឲ្យលេងតែពួកគេនៅតែគឃ្លើន បើកលេងមិនស្ដាប់ការហាមឃាត់របស់អាជ្ញាធរឡើយទើបនៅរាត្រីថ្ងៃ កើតហេតុនេះដែរកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកប៊ុន សត្យា នាយការិយាល័យដោយមានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានចុះមកសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាប ជាក់ស្ដែងដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែង និងអ្នកបើកលេងសរុបចំនួន៨នាក់ ក្នុងនោះប្រុស២នាក់ ព្រមទាំងដកហូតវត្ថុតាងមានឧបករណ៍សម្រាប់លេងដូចជាគ្រាប់ខ្លងប្រេង កូឡាចំនួន២៥គ្រាប់រួមទាំង លុយកាក់មួយចំនួនធំផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីចាប់បង្ក្រាបជាក់ស្ដែងហើយនោះ កម្លាំងសមត្ថកិច្ចបានបញ្ជូនក្រុមអ្នកញៀនល្បែងទាំងនោះទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទៅតាម នីតិវិធី។
ពាក់ព័ន្ធការចាប់បង្ក្រាបរបស់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញនោះគេមិនដឹងថា កម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬក៏អប់រំដោះលែងវិញនោះទេតែគេជឿថាអ្នកទាំងអស់នោះ នឹងមានមុខនៅតុលាការជាក់ជាមិនខានឡើយ៕