ក្រហើយ ថែមទាំងមានផ្ទុកមេរោគអេដស៍ទៀត ដែលវាជារឿងដ៏សោកសៅមួយ របស់បងស្រី ធីតា [ឈ្មោះអ្នកនិពន្ធដាក់ឲ្យ] ដែលបានឆ្លងមេរោគដ៏កាចសាហាវនេះពីប្តី ប៉ុន្តែប្តីរបស់គាត់បានស្លាប់ចោលគាត់និងកូនអស់រយៈពេលជាច្រើនឆ្នាំមក ហើយដោយបានបន្សល់ទុកឲ្យគាត់ និងកូនរស់នៅយ៉ាងវេទនា មិនតែប៉ុណ្ណោះបានចម្លងមេរោគអេដស៍ឲ្យគាត់ថែមទៀត។ ដោយសាតែខ្លួនមានជំងឺប្រចាំកាយធ្វើអ្វីមិនកើតជីវិតរស់នៅប្រចាំថ្ងៃរបស់បងស្រីបានពឹងផ្អែកទាំងស្រុងទៅលើកូនស្រីដែលមានអាយុទើបតែ១៥ឆ្នាំ ដើរស៊ីឈ្នួលបោកគុខោអាវឲ្យគេ ដើម្បីបានកម្រៃបន្តិចបន្តួចយកមកចិញ្ចឹមម្តាយដែលកំពុងមានជំងឺនៅឯផ្ទះ។
បងស្រីដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង ប៉ុន្តែដោយសាមានការរើសអើងពីអ្នកស្រុក ភូមិ បងស្រី និងកូនបានសម្រេចចិត្ត ធ្វើចំណាកស្រុកមករស់នៅក្នុងទីក្រុងភ្នំពេញដោយជួលផ្ទះគេ។ តាមពិតទៅបងស្រី ជាជនរងគ្រោះដែលប្តីបានចម្លងមេរោគដ៏កាចសាហាវនេះឲ្យបានធ្វើឲ្យជីវិតបងស្រី និងកូនធ្លាក់ខ្លួនរហូតដល់សព្វថ្ងៃនេះ។
ជាមួយអារម្មណ៍ក្តុកក្តួលបងស្រីបានរៀបរាប់ទាំងទឹកភ្នែកថា នាងខ្ញុំបានរៀបការប្តី បានប៉ុន្មានខែនាងខ្ញុំពរពោះបានកូន ស្រីម្នាក់កាលណោះដោយសាជីវភាពក្នុងគ្រួសារមានការពិបាកពេក ហើយធ្វើស្រែមិនបានផងនោះ ប្តីរបស់នាងខ្ញុំបានសម្រេចចិត្តទៅរកស៊ីកាប់ខ្លឹមច័ន្ទ នៅខេត្តកោះកុង ហើយនាងខ្ញុំក៏បានដើរតាមប្តីរហូតកូនស្រីច្បងរបស់នាងខ្ញុំកើតមកបានអាយុតែប្រាំឆ្នាំប៉ុណ្ណោះ ក៏បានស្លាប់ដោយសាជំងឺខណ្ឌស្លាក់។ ប្តីរបស់នាងខ្ញុំជាមនុស្សចូលចិត្តសប្បាយ នៅពេលគាត់ទ្បើងមកពីកាប់ខ្លឹមច័ន្ទម្តងគាត់ និងមិត្តភក្តិតែងតែនាំគ្នាផឹកស៊ីរួចក៏នាំគ្នាទៅចូលបា រកស្រីប៉ុន្តែគាត់ចាប់ផ្តើមឈឺធ្ងន់នៅចុងឆ្នាំ២០០៣ ពេលនោះ នាងខ្ញុំបាននាំប្តីវិលត្រលប់មកស្រុកកំណើតវិញហើយគាត់បានស្លាប់នៅដើមឆ្នាំ២០០៥ ដែលអាការៈជំងឺរបស់គាត់ ស្គមរីងរៃ ចេញកន្ទួលពេញខ្លួន ហើយមានជំងឺរាគរូសតែបីថ្ងៃប៉ុណ្ណោះធ្វើឲ្យគាត់ស្លាប់តែម្តង ទោះបីជាជាក់ថ្នាំបន្តោងសេរ៉ូមយ៉ាងណាក្តីក៏មិនអាចជួយស្រោចស្រង់ជីវិតរបស់គាត់បានទ្បើយ។
មុនដំបូងនាងខ្ញុំមិនដឹងថា ប្តីមានផ្ទុកមេរោគអេដស៍នោះទេ ប៉ុន្តែបន្ទាប់ពីគាត់បានស្លាប់រយៈពេលជាងប្រាំពីរខែនាងខ្ញុំចាប់ផ្តើមមានអាការៈជំងឺស្លេកស្លាំង ស្គម ហើយចេញកន្ទួលពេញខ្លួន មិនតែប៉ុណ្ណោះមានជំងឺរាគរូសថែមទៀត ដោយសាតែជំងឺ នាងខ្ញុំបានលក់ដីធ្លីអស់ហើយ ដោយមានការសង្ស័យនាងខ្ញុំបានទៅកាន់មន្ទីរពេទ្យស្រុក ដើម្បីឲ្យគ្រូពេទ្យនៅទីនោះពិនិត្យជំងឺ និងជួសឈាមឲ្យនៅពេលលទ្ធផលចេញមកបញ្ជាក់ថានាងខ្ញុំមានផ្ទុកមេរោគអេដស៍ ពេលនោះនាងខ្ញុំស្ទើរតែដួលសន្លប់។ កាលណោះដោយសានាងខ្ញុំមានការពិបាកក្នុងការទទួលសេវាថ្នាំពន្យា និងមានការរើសអើងពីអ្នកស្រុកភូមិដែលរស់នៅក្បែរគ្នាផងនោះ នៅពាក់កណ្តាលឆ្នាំ២០០៥នាងខ្ញុំ និងកូនបានទ្បើងជិះរថយន្តមកកាន់ទីក្រុងភ្នំពេញ ដើម្បីស្វែងរកសេវាថ្នាំពន្យា ហើយក៏បានមកជួលផ្ទះគេស្នាក់។
និយាយពីជីវភាពរាល់ថ្ងៃ គឺពឹងផ្អែកទាំងស្រុងលើកូនស្រីរបស់នាងខ្ញុំដែលនាងទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ នៅពេលចេញមកពីរៀនកូនស្រីរបស់នាងខ្ញុំតែងតែទៅស៊ីឈ្នួលបោកគុខោអាវឲ្យគេដោយក្នុងមួយការធុនគេឲ្យ២០០០រៀល ឬ៣០០០រៀលប៉ុណ្ណោះ ដើម្បីយកមកទិញបាយហូបរាល់ថ្ងៃនេះនាងខ្ញុំបានដាច់បាយស្ទើរតែ រាល់ថ្ងៃពីព្រោះមិនសូវមានគេហៅកូននាងខ្ញុំទៅបោកគុខោអាវច្រើនដូចកាលពីពេលមុន។
ដោយសាតែខ្លួនក្រ ហើយមានជំងឺប្រចាំកាយទៀត កូនស្រីរបស់នាងខ្ញុំមិនបានទៅរៀនជាប់លាប់នោះទេឥទ្បូវនេះខ្ញុំមិនដឹងថា កូនស្រីរបស់នាងខ្ញុំមានផ្ទុកមេរោគអេដស៍ដែរ ឬក៏អត់នោះទេ? ពីព្រោះនាងខ្ញុំមិនហ៊ានយកកូនទៅជួសឈាមមើលនោះទេ ប្រសិនបើពិនិត្យទៅឃើញថា គេមានផ្ទុកមេរោគអេដស៍មែននោះមិនដឹងជាខ្ញុំអាណិតគេប៉ុណ្ណានោះទេ ប៉ុន្តែនាងខ្ញុំនឹងយកគេទៅពិនិត្យឈាមនៅថ្ងៃណាមួយ៕