រាជធនាភ្នំពេញ : លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញារជាតិទទួលបន្ទុកកិច្ចការព្រំដែនបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣១ ខែសីហាម្សិលមិញ ថា លោកស្រីបានទទួលការគំរាមកំហែង និងការជេរប្រមាថយ៉ាងខ្លាំង ហើយការគំរាមកំហែងនេះ ដោយសារតែអ្នកនយោបាយប្រឆាំងមិនទទួលស្គាល់ការពិតលើបញ្ហាព្រំដែន ហើយបើគណបក្សប្រឆាំងទទួលយកការពិត ប្រហែលជាលោកស្រីអត់មានការគំរាមកំហែងបែបនេះទេ។
លោកស្រី កុយ ពិសី បានមានប្រសាសន៍បែបនេះ បន្ទាប់ពីលោកស្រីត្រូវបានជនមិនស្គាល់មុខគំរាមតាមបណ្តាញសង្គមហ្វេសប៊ុកដោយបានសរសេរថា ៖ «ប្រយ័ត្នខ្លួនបន្តិចណា ម៉េចមីច្រម៉ក់ឯងថាលោក អ៊ុំ សំអាន ដើរកុហករឿងព្រំដែន»។ លោកស្រីបានលើកឡើងទៀតថា ការគំរាមនេះមាន២ប្រភេទ គឺការជេរប្រមាថ និងគំរាមកំហែង ហើយការជេរប្រមាថនេះ វាអសីលធម៌ណាស់មានពលរដ្ឋមួយចំនួនក៏ដូចជាលោកស្រីមិនអាចនិយាយពាក្យនោះចេញទេពីព្រោះវាអាក្រក់ស្តាប់ពេក។
លោកស្រីមានប្រសាសន៍ដែរថា ដោយសារបែបនេះមានច្រើនកន្លងមកហើយ តែលោកស្រីមិនដែលយកចិត្តទុកដាក់ទេ ប៉ុន្តែដល់ពេលគិតយូរៗទៅ ទាំងគ្រួសារ ទាំងបងប្អូន បាននិយាយថា នេះមិនអាចជាការលេងសើចទេ ប្រហែលជាគេមានបំណងមែនទេដឹងបានជាចេះតែផ្ញើសារបែបនេះ។ លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីមានការរំលឹករបស់ក្រុមគ្រួសារ លោកស្រីបានចាប់អារម្មណ៍ ហើយក៏បារម្ភផងដែរលើបញ្ហានេះ។
លោកស្រី កុយ ពិសី អះអាងថា “ខ្ញុំមិនមែនជាអ្នកនយោបាយទេ ខ្ញុំគឺជាអ្នកបច្ចេកទេស ដូច្នេះទាំងអ្នកសារព័ត៌មាន ទាំងពលរដ្ឋដែលមិនយល់ពីបញ្ហាព្រំដែន លោកសួរខ្ញុំ ខ្ញុំប្រាប់ គឺឆ្លើយប្រាប់តាមការពិតជម្រាបពីការពិតបើមិនពិតខ្ញុំមិនប្រាប់ទេហើយជាទូទៅខ្ញុំតែងតែឆ្លើយជាមួយគណបក្សសង្គ្រោះជាតិ ដែលលោកតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថារាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយប្រើផែនទីយួន ឬក្លែងសន្ធិសញ្ញា ឬស្អីៗដែលសុទ្ធតែជាការងាររបស់យើងខ្ញុំ។
លោកស្រី កុយ ពិសី បានលើកឡើងទៀតថា “មិនមែនមានន័យថា ខ្ញុំធ្វើការនៅក្រសួងកិច្ចការនារីហើយខ្ញុំមកនិយាយរឿង ព្រំដែនទេ អាហ្នឹងចង់ប្រាប់ថា ខ្ញុំចេះដឹងអី រឿងព្រំដែន បើខ្ញុំធ្វើការក្រសួងបរិស្ថាន ឬក្រសួងសេដ្ឋកិច្ចមកនិយាយរឿងព្រំដែនអាចថា វាខុសវិជ្ជាជីវៈតែអ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយរឿងព្រំដែនជាការងាររបស់ខ្ញុំការងាររាជរដ្ឋាភិបាលក៏ដូចជាការងាររបស់ពួកយើងខ្ញុំដែលធ្វើអីចឹងវាប៉ះពាល់ដល់ពួកគេដែល ប្រឆាំងរដ្ឋាភិបាលចឹងបានជាកើតរឿងជេរប្រមាថ មានការគំរាមមកអីចឹងហើយខ្ញុំថា សុំឲ្យពលរដ្ឋដែលលោកស្រពិចស្រពិល កុំ មើលមកខ្ញុំថាជាអ្នកនយោបាយហើយប្រើប្រាស់គឺមិនមែនទេ។ អ្វីដែលខ្ញុំនិយាយគឺ សុទ្ធ្ធតែជាកាពិតដែលពួកយើងខ្ញុំបាននឹង កំពុងធ្វើតាំងពីមុនរហូតមកដល់ឥឡូវ។ ទាកទងនឹងការគំរាមនេះដែរ លោកស្រី កុយ ពិសី បានមានប្រសាសន៍ទៀតថា មកដល់ពេលនេះលោកស្រីមិនទាន់បាន ដាក់ពាក្យប្តឹង ឬធ្វើអ្វីទេដោយសារតែការ គំរាមនោះពេលខ្លះលោកស្រីគិតថា គេ និយាយលេង ពេលខ្លះគិតថា គេនិយាយ មែន តែការជេរប្រមាថ គេជេរមែនគេមិននិយាយលេងទេ។
ម្យ៉ាងទៀតលោកស្រី គិតថា “ដោយសារតែស្ថានភាពនយោបាយយើងអត់ទាន់ស្រួលវាមិនអាចបញ្ចប់រឿងហ្នឹងដោយសាតែគណបក្សប្រឆាំងចេះតែចោទប្រកាន់រដ្ឋាភិបាលហើយបើគាត់ទទួលយកការពិតប្រហែលជាខ្ញុំអត់មានការគំរាមកំហែងហ្នឹងទេ តែប្រសិនបើគណបក្សនយោបាយអស់ទាំងហ្នឹងនៅតែមិនព្រមទទួលយកការពិតការគំរាមកំហែងនៅតែមានបន្ត។ តាមលោកស្រី កុយ ពិសី បានបញ្ជាក់ថា មកដល់ពេលនេះលោកស្រីមិនទាន់បានប្តឹងទេចាំមើលបន្តិចទៀតប្រសិនបើ នៅតែបន្តសមត្ថកិច្ចត្រូវតែមានវិធានការជំនួសលោកស្រីហើយពីព្រោះលោកស្រីធ្វើការសម្រាប់ប្រទេសជាតិ អត់មានសម្រាប់ គណបក្សណាមួយទេ។ អ្នកធ្វើការព្រំដែន គឺមិនមែនជាអ្នកគណបក្សទេគឺធ្វើការទៅតាមវិជ្ជាជីវៈហើយថ្ងៃក្រោយបើទោះជាគណបក្សណាមួយឡើងកាន់អំណាចក៏នៅតែធ្វើការងារព្រំដែនដដែល៕

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញារជាតិទទួលបន្ទុកកិច្ចការព្រំដែន។ រូបថត សហការី