រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់ ក្នុងនោះមានបុរសជនជាតិវៀតណាមម្នាក់ និងខ្មែរ២នាក់ដាក់ពន្ធនាគារម្នាក់ៗកំណត់៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនបុរសជនជាតិចិនម្នាក់ដែលជំពាក់លុយពួកគេចំនួន៣០០០ ដុល្លារអាមេរិកជាថ្នូរនឹងឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះផ្ញើលុយជំពាក់នោះមកពួកគេដើម្បីលោះខ្លួនជនរងគ្រោះវិញ។
លោក ស្វាយ តុញ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការងថា ជនជាប់ចោទទាំង៣នាក់នេះរួមមាន១-ឈ្មោះ ង្វៀង អ៊ាំងហ៊ីវ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ គឹម សាវ៉េត ហៅ ធី ភេទប្រុស អាយុ៣៨ ឆ្នាំនិងទី៣-ឈ្មោះ រដ្ឋ ឡា ភេទប្រុស អាយុ៤១ ឆ្នាំ (អ្នកទាំង២នាក់នេះជាជនជាតិខ្មែរ)។ ពួកគេទាំង៣នាក់នេះត្រូវបានតុលាការសម្រេចកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ កំណត់៣ឆ្នាំពីបទ«ការចាប់ ការឃុំឃាំង និងការបង្ខាំងមនុស្សដោយខុសច្បាប់»។
លោក ស្វាយ តុញ បានបញ្ជាក់ថា ពួកគេទាំង៣នាក់ត្រូវបានតំណាងអយ្យការចោទប្រកាន់តាម បញ្ញត្តិមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណចក្រកម្ពុជា និងត្រូវបានប្តឹងដោយបុរសជនជាតិចិនម្នាក់ (ជនរងគ្រោះ) បន្ទាប់ពីពួកគេបានឃុំខ្លួនជនរងគ្រោះនៅក្នុងបន្ទប់ជួលរបស់ពួកគេមួយកន្លែងនៅក្នុងរាជធានី ភ្នំពេញដើម្បីជំរិតប្រាក់ចំនួន៣០០០ដុល្លារអាមេរិកជាប្រាក់ដែលជនរងគ្រោះបានជំពាក់លុយពួកគេក្នុងការខ្ចីលេងល្បែងស៊ីសងនៅកាស៊ីណូចាញ់កាលពីថៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤៕