ស្ត្រីឯកោម្នាក់ ខ្លោចចិត្ត អាណិតខ្លួន រស់រងទឹកភ្នែកដោយសារតែកូនស្រីតែម្នាក់គត់របស់គាត់ ដាច់ចិត្តវេចបង្វេច ចុះចេញពីផ្ទះទៅរួមរស់ជាមួយនឹងបុរសជនជាតិបរទេសម្នាក់។ទំនាក់ទំនងស្នេហាដូចផ្លេកបន្ទោរជាមួយបុរសបរទេសរូបនោះបានធ្វើឲ្យកូនស្រីក្លាយទៅជាកូនអកតញ្ញូ។ ម្តាយខំប្រឹងប្រែង រកស៊ីបោកខោអាវ កោសខ្យល់ឲ្យគេ ដើម្បីរកប្រាក់មកចិញ្ចឹម និងឲ្យកូនរៀនបានជិតចប់មហាវិទ្យាល័យ ប៉ុន្តែចុង ក្រោយគ្មានលទ្ធផល សល់តែទឹកភ្នែកទាំងថ្ងៃទាំងយប់។
ចាប់ផ្តើមរំឭក ទឹកភ្នែកចាប់ហូរ។ នេះគឺជាស្ថានភាពដ៏ខ្លោចផ្សារបស់អ្នកមីង ចន្ធូ [ឈ្មោះអ្នកនិពន្ធដាក់ឲ្យ]។ តាមពិត គាត់ជាស្ត្រីមេម៉ាយគ្មានកូន និងសាច់ញ្ញាតិនឹងគេនោះទេ ហេតុនេះគាត់ក៏មានគំនិតចង់រកកូនកំព្រាម្នាក់មកចិញ្ចឹមគ្រាន់បានជាគ្នា ម្យ៉ាងការសុំកូនកំព្រាមកចិញ្ចឹមបែបនេះក៏វាជារឿងមួយល្អផងដែរ។ នៅពេលនោះដោយឃើញគាត់មានបំណងបែបនេះ មានបុរសម្នាក់ដែលរស់នៅក្នុងទីក្រុងភ្នំពេញបានណែនាំគាត់ឲ្យទៅយកក្មេងស្រីម្នាក់កំព្រាទាំងឪពុកទាំងម្តាយ មកចិញ្ចឹម។ គ្រាន់តែបានឮដូចនោះគាត់មាន ការត្រេកអរមែនទែន ហើយក៏បានទៅសុំក្មេងស្រីនោះមកចិញ្ចឹមតាមការណែនាំ។ ក្មេងស្រីនោះមានអាយុប្រាំពីរឆ្នាំទៅហើយ ដូចនេះពេលយកនាងមកនៅជាមួយនោះ នាងដឹងថា គាត់មិនមែនជាម្តាយបង្កើតរបស់នាងដែរ។ ទោះបីយ៉ាងណាក៏គាត់ចាត់ទុកនាងដូចជាកូនបង្កើតចេញពីសាច់របស់គាត់អីចឹង ដែរដោយបានដាក់ឈ្មោះថ្មីឲ្យនាងថា លក្ខិណា។
បើទោះបីជាគាត់មិនធ្លាប់មានកូននឹងគេក៏ពិតមែន តែគាត់ដឹងពីតួនាទីរបស់ឪពុកម្តាយចំពោះកូន ដូចនេះគាត់បានបញ្ជូនកូនស្រីចិញ្ចឹមនោះទៅ សាលារៀន រីឯគាត់ខំប្រឹងរកស៊ីដើម្បីក្តីសង្ឃឹមនៃគ្រួសារថ្មីមួយនេះ ដោយគាត់ទូលផ្លែឈើលក់ ក្រៅពីនេះគាត់បោកខោអាវ និងកោសខ្យល់ឲ្យគេ។ ពេលវេលាចេះតែកន្លងផុតទៅជាមួយនឹងការរស់នៅប្រកបដោយសេចក្តីសុខពីរនាក់ម្តាយ និងកូនស្រី។ កូនស្រីរៀនចប់សាលាបឋមសិក្សា បន្តចូលវិទ្យាល័យ ចប់វិទ្យាល័យ បន្តចូលរៀននៅមហាវិទ្យាល័យ ទៀត។ គាត់ពិតជាមានមោទកភាព ចំពោះគ្រួសារដ៏តូចមួយរបស់គាត់ណាស់ ព្រោះគាត់មានលទ្ធភាពឲ្យកូនស្រីរៀនបានខ្ពស់ ខណៈដែលកូន គេខ្លះទៀតមិនទាំងចប់វិទ្យាល័យ ផងដោយសារបញ្ហាជីវភាព ម្យ៉ាងវិញទៀតគាត់រំពឹង ទុកយ៉ាងមុតមាំថា កូនស្រីគាត់ប្រាកដជាមានអនាគតល្អ ហើយសាងកេរ្តិ៍ឈ្មោះឲ្យគ្រួសារ និងមើលថែរក្សាតបស្នងសងគុណ គាត់វិញនៅពេលគាត់ចាស់។
ផ្សាររាត្រីជួបបុរសបរទេស
បន្ទាប់ពីប្រឡងចប់បាក់ឌុប កូនស្រីបានសម្រេច ចិត្តចូលរៀនបង់ថ្លៃផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ ដោយនៅក្នុងឆ្នាំទីមួយ និងទីពីរ សាលាតម្រូវឲ្យបង់តម្លៃ២៨០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែក្នុងឆ្នាំសិក្សាទីបីមិនទាន់ទាំងបានបង់ថ្លៃសាលារៀនផងក៏មានបញ្ហាកើតឡើងរវាងគាត់ និងកូនស្រីបណ្តូលចិត្ត។ អ្នកមីង ចន្ធូ បានបន្តឲ្យដឹងទៀតថា ដោយសារតែស្រឡាញ់កូនគាត់មិនសូវជាបើកសេរីភាពឲ្យកូនដើរហើរសេរីនោះទេ ប៉ុន្តែចំពោះការចំណាយពេលលើការសិក្សាវិញ គាត់មិនដែលហាមឃាត់នោះទេ ។ នៅថ្ងៃមួយ កូនស្រីគាត់បានសុំការអនុញ្ញាតពីគាត់ទៅដើរលេងនៅផ្សាររាត្រីជាមួយមិត្តភក្តិនៅជិតផ្សារចាស់។ គាត់និយាយថា “បើសិនជាខ្ញុំមិនឲ្យកូនទៅលេងផ្សារនោះទេ ប្រហែលក៏មិនមានរឿងប្រេះស្រាំនៅក្នុងគ្រួសារកើតឡើងបែបនេះដែរ ខ្ញុំស្តាយណាស់” ។ ដោយកូនស្រី លក្ខិណា ចេះភាសា អង់គ្លេសអាចប្រើការបានការដើរលេងនៅផ្សារាត្រីនោះហើយ ដែលកូនស្រីគាត់បានជួប និងស្គាល់គ្នាជាមួយជនបរទេសម្នាក់នោះ។
ទំនាក់ទំនងក៏កើតមានរវាងពួកគេទាំងពីរនាក់ មានពេលខ្លះជនបរទេសនោះបានទៅដល់សាលារៀន ដើម្បីសុំកូនស្រីគាត់ផឹកកាហ្វេជាមួយទៀតផង។ នៅពេលដែលពិធីបុណ្យឆ្លងឆ្នាំនៅម្តុំរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ អ្នកមីងចង់ស្គាល់បុរសម្នាក់នោះ ដើម្បីមើលពីអត្តចរិតឫកញថា តើគួររាប់អានឬយ៉ាងណា ព្រោះថា គាត់តែងតែអប់រំកូនម្តងហើយម្តងទៀតពីការសេពគប់មិត្ត បើប៉ះល្អទាញយើងឲ្យដើរផ្លូវល្អ ប៉ុន្តែបើប៉ះអាក្រក់វិញកូនយើងក៏អាក្រក់ដែរ។
ម្យ៉ាងវិញទៀតគាត់ខ្លាចកូនគាត់ចាញ់បោកគេផង។ អ្នកមីងក៏ឲ្យកូនស្រីហៅជនបរទេសនោះមកជួបនៅពេលដើរកម្សាន្តនៅក្នុងពិធីបុណ្យនោះ ហើយគាត់ក៏សាកសួរពីទំនាក់ទំនងនោះថា រាប់កូនស្រីគាត់ទុកដូចជាអ្វី? ជនបរទេសនោះក៏ឆ្លើយ តាមរយៈការបកប្រែរបស់កូនគាត់ថា រាប់អានទុកជាមិត្តភក្តិ ប៉ុន្តែថ្ងៃក្រោយមិនដឹងជាទៅជាអ្វីនោះទេ។ ថ្ងៃក្រោយមកទៀតកូនស្រីគាត់បានប្រាប់គាត់ថា ជនបរទេសនោះឲ្យនាងទៅបកប្រែភាសាអង់គ្លេសឲ្យគាត់នៅតាមផ្សារនានានៅក្នុងទីក្រុងភ្នំពេញ ព្រោះថាបុរសនោះមានមុខរបរបោះដុំសាច់មាន់។ ការបកប្រែនោះគេគិតថ្លៃឲ្យមួយម៉ោងមួយដុល្លារអាមេរិក។
អ្នកមីងក៏យល់ព្រម ប៉ុន្តែគាត់ហាមកូនហើយហាមទៀតកុំឲ្យហូបអ្វី ផ្តេសផ្តាសជាមួយគេ ប្រយ័ត្នគេដាក់ថ្នាំ ហើយប្រព្រឹត្តអំពើមិនគប្បីណាមួយ។ ទៅបកប្រែភាសាអង់គ្លេសឲ្យបានប្រហែលជិត២០ថ្ងៃ ជនបរទេសនោះបានសុំឲ្យ លក្ខិណា ទៅធ្វើការឲ្យគេដោយសន្យាថា ឲ្យគ្រប់គ្រងការបោះដុំលក់សាច់មាន់ នោះតែម្តង។ លក្ខិណា ពិតជាចង់ធ្វើការងារនោះមែនទែន ប៉ុន្តែចំពោះអ្នកមីងវិញជំទាស់ដោយគាត់យល់ឃើញថា ខ្លាចកូនមិនមានសមត្ថភាព គ្រប់គ្រាន់ក្នុងការងារនោះ ហើយនាំឲ្យមានបញ្ហាណាមួយកើតឡើង ម្យ៉ាងមកពីគាត់មានការសង្ស័យពីទំនាក់ទំនងរបស់គេហាក់ដូចជាមិនស្រួល។
កូនស្រីចុះចោលម្តាយទៅរួមទ្រនំជាមួយជនបរទេស ក្រោយពីដឹងពីទំនាក់ទំនងមិនធម្មតារបស់កូនស្រី ជាមួយជនបរទេសនោះមក អ្នកមីងបាននិយាយទូន្មានកូនម្តងទៀតឲ្យឈប់ទាក់ទង និងឈប់ទៅធ្វើការ ព្រោះថាជនម្នាក់នោះមើលទៅមិនមែនជាមនុស្សល្អនោះទេ ប៉ុន្តែកូនស្រីគាត់មិនស្តាប់គាត់នោះទេ ។ គាត់គ្មានជម្រើសក៏ដកទូរស័ព្ទកូនស្រីគាត់ទុក ដើម្បីកុំឲ្យគេមានទំនាក់ទំនងគ្នា ហើយគាត់ក៏ត្រូវការប្រើទូរស័ព្ទនៅក្នុងការរកស៊ីដែរ។
ផ្ទុយទៅវិញការដកទូរស័ព្ទទុក បែបនោះវាបានបែកធ្លាយនូវរឿងមួយដែលធ្វើឲ្យគាត់មិនសប្បាយចិត្តទាល់តែសោះ និងធ្វើឲ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង នោះគឺមិត្តភក្តិទូរស័ព្ទមករកនាងហើយគាត់ក៏លើកទូរស័ព្ទឆ្លើយ។ មិត្តភក្តិដែលទូរស័ព្ទមកនោះសួរថា អ្នកមីងជាអ្នកណា គាត់ប្រាប់ថាម្តាយលក្ខិណា។ ភ្លាមៗនោះ មិត្តភក្តិបានប្រាប់គាត់ថា “លក្ខិណា ថាមីងមិនមែនជាម្តាយបង្កើតរបស់គេទេ”។ គ្រាន់តែឮពាក្យថាមិនមែនម្តាយបង្កើតអ្នកមីង ចន្ធូ ញ័រដើមទ្រូងញ័រដៃរកញក្យនិយាយមិនចេញដោយគាត់នឹកហួសចិត្ត មិននឹកស្មានថា កូនស្រីធ្វើបែបនេះសោះ។ គាត់មិនដែលរំឭកពីរឿងណាមួយដែលធ្វើឲ្យប៉ះញល់អារម្មណ៍កូនស្រីទេ គឺមានតែខំផ្តល់ភាពកក់ក្តៅឲ្យនាងចាត់ទុកដូចជា កូនចេញពីសាច់គាត់។ គាត់ចេះតែគិតពីរឿងផ្សេងៗ ទៀតដោយមិនដឹងថា លក្ខិណា បានធ្វើរឿងអ្វីខ្លះទេនៅខាងក្រៅផ្ទះ។ ម្យ៉ាងវិញទៀតជនបរទេសនោះចេះ តែតាមនាងទៅសាលារៀន និងជួនកាលតាមដល់ផ្ទះ ហើយថែមទាំងហ៊ាននិយាយថា អ្នកមីងបំបិទសិទ្ធិសេរីភាពកូនស្រីទៀតផង។ ដោយខ្លាចញាតិមិត្តជិតខាងគេមើលមកមិនសមនឹងការមកបែបនេះ គាត់បានហាមបុរសបរទេសនោះឲ្យឈប់ធ្វើបែបនេះ ហើយថាបើស្រឡាញ់ កូនគាត់ឲ្យចូលស្តីដណ្តឹងតាមប្រពៃណីទៅ។ ជនបរទេសនោះបានប្រាប់គាត់ថា គេស្រឡាញ់ និងថែមទាំងចង់រៀបការជាមួយនាងទៀតផង ប៉ុន្តែអត់ប្រាក់។
គាត់នឹកហួសចិត្តដោយមានគេនិយាយថា គាត់មិនមែនជាម្តាយនាងបង្កើត និងដោយការនិយាយណែនាំមិនស្តាប់ ហើយមានការឡើងចុះផ្ទះគាត់របស់បុរសបរទេសផងនោះ។ គាត់ក៏ប្រាប់ លក្ខិណា ដែលជាកូនស្រីចិញ្ចឹមថា “បើកូនគិតថា កូនឯងមិនមែនជាកូនបង្កើតម៉ែទេ កូនឯងកុំជិះម៉ូតូម៉ែ កុំប្រើកុំព្យូទ័រយួរដៃ របស់ម៉ែដែលម៉ែទិញឲ្យ” ។ ចាប់តាំងពីថ្ងៃនោះមក កូនស្រីគាត់ក៏ឈប់ប្រើ របស់ទាំងនោះមែន ហើយគាត់ក៏មិនដឹងថា នាងចិត្តដាច់ហ៊ានចុះចេញពីផ្ទះបែបនោះទេ ។ នៅថ្ងៃដែលនាងចេញពី ផ្ទះបាត់មិនឃើញត្រឡប់មកវិញនោះ គាត់ចុចទូរស័ព្ទទៅនាងស្ទើរពេញមួយយប់ គឺចុចទាល់ តែទូរស័ព្ទអស់ភ្លើងនៅតែនាងមិនលើកទូរស័ព្ទរបស់គាត់ទៀត។
យប់នោះគាត់យំដោយ តូចចិត្ត អាណិតខ្លួនពេក មិនដឹងជា ទៅរកអ្នកណាមកជួយដោះស្រាយ និង មិនដឹងទៅតាមរកនាងនៅឯណា ។ ក្រោយមកគាត់ក៏ស្កាត់ទៅ រកជួបនាងនៅសាលារៀន ។ គ្រាន់តែឃើញនាងភ្លាម គាត់ខ្លោចចិត្ត អាណិតកូន និង លាន់មាត់ថា “អាស្រី ម៉េចក៏កូនស្គមហើយខ្មៅ ម្ល៉េះ ? កូនទៅនៅឯណាកូន ?” ។ គ្រាន់តែឮថានាងទៅនៅជាមួយនឹង បុរសបរទេសអាយុ ៤៥ ឆ្នាំនោះ ភ្លាម គាត់ស្រឡាំងកាំងរកពាក្យនិយាយស្ទើរមិនចេញ ។ គាត់យល់ថា កូនស្រីគាត់ខូចអនាគតអស់ហើយ ។ អ្វីៗត្រូវបាត់បង់អស់តែមួយប៉ប្រិច ភ្នែក ។ នៅពេលនោះ គាត់បានយំ អង្វរកូនស្រីឲ្យមកផ្ទះវិញ បើទោះបី ជាមានរឿងអ្វីកើតឡើងក៏ដោយ គាត់ សុខចិត្តដោះស្រាយតាមក្រោយឲ្យ តែកូនព្រមមកវិញ ប៉ុន្តែគាត់បាន ត្រឹមសម្រក់ទឹកភ្នែក និង វិលត្រឡប់ មកផ្ទះវិញដោយអស់សង្ឃឹមតែម្នាក់ ឯងតែប៉ុណ្ណោះ៕