បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​

, , Leave a comment

word

​បរិវារស័ព្ទ គឺជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុងចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវា​រ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិ​រោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាងច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀតផង ។​
​សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖

 

​ក​. ពាក្យ​ដើម​ផ្សំគ្នា​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់កាស ព្រៃផ្សៃ ។​ល​។​
​សមាសនាម ដូចខាងលើ​នេះ សុទ្ធសឹង​ជា​ពាក្យ​មានន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។​ល​។ ពាក្យ​ថា «​ផ្សៃ​» មួយ​ម៉ាត់​នេះ​ប្រហែលជា​អស់លោក​អ្នកអាន​ខ្លះ​ពុំដែល​ស្គាល់​ឡើយ គឺជា​ពាក្យ ជួន​ព្រៃភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃផ្សៃ បានសេចក្ដីថា ព្រៃ​ពស់ ព្រោះ​ស្អូច កាលសម័យ​ដើម ប្រទេស​យើង​មាន​ព្រៃឈើ​ធំៗ​ច្រើនណាស់​ដែល​សម្បូ​ណ៍​ទៅដោយ​សត្វព្រៃ ដូចជា ពស់ ក្អែប​ភ្នំ ជាអាទិ៍ [​ពាក្យ «​ផ្សៃ​» មាន​ពន្យល់​នៅក្នុង​សៀវភៅ​សាវតារ​ខេត្តកំពត​របស់លោក ម៉េ​ណែ​ទ្រី​យេ (Ménétrier) និង​ពាក្យ «​ស្អូច​» មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់លោក ម៉ូ​រ៉ា (Moura)] ។​

 

​ខ​. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ សម្លសម្លុក ប្ដីសី បីបាច់ ជាតិ​ជៅ ។​ល​។​
​ពាក្យ ទាំងពីរ​ម៉ាត់​ក្នុងចំណោម​សមាសនាម​ខាងលើនេះ មានតែ​ពាក្យ​ដើម​ទេ ដែលមាន​អត្ថន័យ​ចំហ រីឯ​បរិវារស័ព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ តែបើ​យើង​ពិចារណា​ឲ្យ​ជ្រៅជ្រះ​ដើម្បី​រិះរក​ហេតុផល​ឲ្យ​សព្វគ្រប់​ទៅ យើង​អាច​រកឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារស័ព្ទ​ទាំងនេះ ដែលមាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀតផង ដោយ​ប្រើ​ជា​គុណស័ព្ទ បង្ហាញ​យ៉ាងច្បាស់​ឲ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ ។​

 

​បុព្វ​ហេតុដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​ប្រើ​បរិវារស័ព្ទ​
​មុន នឹងធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿងនេះ សូម​ឆ្លៀតឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យបុរាណ​ដែល មាន​សារៈសំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការប្រើ​បរិវារស័ព្ទ​រហូត មកដល់​សព្វថ្ងៃនេះ ។​

 

​កាលនោះ​ប្រទេស ខ្មែរ​យើង​ជា​មហា​ប្រទេសមួយ​ក្នុង​ពិភពលោក មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រមទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើន ផង ។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់ ប្រកបដោយ​កិត្តិ​ស័ព្ទ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាសពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប អាស៊ី​ទាំងមូល ។​

 

​ធនធាន​យើង​ទៀត ក៏​សម្បូណ៌​ច្រើន​ជា​អនេកប្បការ​គ្រាន់តែ​សម្ភារៈ​សម្រាប់​ភ្ញៀវកិត្តិយស នៅ​ប្រាសាទតាព្រហ្ម​តែមួយ​ប៉ុណ្ណោះ​ឃើញថា យើង​មាន​ចាន​ជាច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហមឆ្អៅ មាន​ទម្ងន់​ទាំងអស់​ដល់​ទៅ​ប្រាំ​តោន ប្រកបដោយ​ក្បាច់ចម្លាក់​រចនា​ផ្សេងៗ និង​ដាំ​ត្បូង​ពេជ្រ​ទាំង​គ្រាប់​តូចធំ និង​ត្បូង​ពណ៌​ឯទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅលើ​ចាន​នីមួយៗ នោះ ។​ល​។​

 

​ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់ហេតុ​លោក ជីវ តាក្វាន់ ស្ដី អំពី​ប្រពៃណី​អ្នកស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មកជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េ​លី​យ៉ូ ប្រែ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹ​ក គា​ម និង​សូម​អាន​សៀវភៅ​ពីរ​ទៀត​និពន្ធ​ដោយ​លោក សឺ​ដេ​ស (G. Coedès) ដែលមាន​ចំណងជើង ៖

 

១. វឌ្ឍនធម៌​ឥណ្ឌូ​និយមនៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី​
២. សៀវភៅ​ដែលមាន​ចំណងជើង​ថា “​ដើម្បី​ងាយ​ស្គាល់​ប្រាសាទអង្គរវត្ត​
​និង បញ្ចប់​សូម​អាន​សៀវភៅ​លោក ម៉ូ​រី​ស ក្លែ​ស (Maurice Glaize) ស្ដីអំពី​ប្រាសាទបុរាណ​ទាំងអស់​ក្នុងចំណោម​ប្រាសាទអង្គរវត្ត​ទំព័រ ១៨៤ ។​

 

​របៀប​ចាត់ថ្នាក់​នៃ​លំដាប់​ស័ក្តិ​មន្ត្រី​យោធា​
​កាល សម័យបុរាណ​ប្រទេស​ខ្មែរ​យើង​រៀបចំ​ចាត់ថ្នាក់​មន្ត្រី​យោធា តាម​លំដាប់​កងទ័ព​ជាតិ​រ៉ូ​ម៉ាំង​ដែល​មេក្រុម​នីមួយៗ​មាន​ងារ​ជា​ដេ​គួ​រី​យ៉ុង (១០ Décurion) សង់​ទី​រី​យ៉ុង (១០០ Centurion) មី​លួ​រី​យ៉ុង (១០០០ Millurion) គឺ​នាយត្រួត​១០​នាក់ ១០០​នាក់ និង​១០០០​នាក់ ។​ល​។ (​សូម​អាន​សៀវភៅ​អង្គរ​និង​ប្រទេស​រ៉ូម​) ។​

 

​ចំណែក មន្ត្រី​យោធា​ខ្មែរ​យើង​វិញ មាន​លំដាប់ថ្នាក់​របៀប​គ្នា​ដែរ​គឺ នាយ​រយ នាយត្រួត​មនុស្ស​មួយរយ​នាក់ នាយ​ពាន់ នាយត្រួត​មនុស្ស​មួយ​ពាន់​នាក់ នាយ​ម៉ឺន នាយត្រួត​មនុស្ស​មួយ​ម៉ឺន​នាក់ នាយ​សែន នាយត្រួត​មនុស្ស​មួយ​សែន​នាក់ ។​

 

​ចំពោះ​នាយ​ម៉ឺន និង នាយ​សែន ដែលមាន​បណ្ដា​ស័ក្តិធំ​ពេក​ទៅ អ្នកនៅក្រោមឱវាទ​ទាំង​អម្បាលម៉ាន​ពុំ​ហ៊ាន​បន្លឺ​ស័ព្ទ​ស្រដី​ហៅ​ចំ​ងារ ថា នាយ​ម៉ឺន ឬ នាយ​សែន​ទេ ម្ល៉ោះហើយ​ពាក្យ​នាយ​មួយ​ម៉ាត់​នេះ​បានក្លាយ​ទៅជា​ពាក្យ​មួយ​ថ្មី​ទៀត​ដែល មាន​សម្លេង​បង្អុរ​ឡើង​ដោយ​ញញើតញញើម​ខ្លាច​ពុំ​ពិ​រោះ​គាប់​ថា “​នាម៉ឺន នា​សែន​” ទៅវិញ រហូត​ទៅដល់​បំបាត់​ពាក្យ “​នា​” នេះ​ទៅទៀត ហើយ​ក្លាយទៅជា​ហៅថា លោក​ម៉ឺន​ឯក ឬ ម៉ឺន​ទោ ។​ល​។​

 

​ការចេញដំណើរ​នៃ​មន្ត្រី​បុរាណ​
​ការចេញដំណើរ​នៃ​មន្ត្រី​បុរាណ​នោះ បើតាម​លោក ជីវ តាក្វាន់ និង បព្វជិត​កាតូលិក​អេ​ស្ប៉ា​ញ៉ុ​ល ឈ្មោះ សង់ អង់​តូ​នី​ញ៉ូ (Le Frère dominlcan de San Antonio) ដែល​លោក​បានធ្វើ​សេចក្ដីរាយការណ៍​ថ្វាយ​ព្រះ​ចៅ ដុង ហ្វី​លី​ប (Don Philippe) នៃ​ប្រទេស​អេ​ស្ប៉ា​ញ​ក្រោម​ចំណងជើង​ថា “​ព្រឹត្តិការណ៍​ជាក់ស្ដែង​សង្ខេបនៃ​ប្រទេស​កម្ពុជា​នៅ​សតវត្ស​ទី​១៦” ប្រែ​ពី​ភាសា​អេ​ស្ប៉ា​ញ៉ុ​ល​មកជា​ភាសា​បារាំង​ដោយ​លោក កា​បា​តុង (A. Cabaton) បោះពុម្ពផ្សាយ​នៅ​រាជធានី​ម៉ា​ឌ្រី​ដ​ក្នុង​ឆ្នាំ​១៦០៤ បាន​អធិប្បាយ​ថា ៖

 

​ក​. នៅ​សម័យ​នោះ មន្ត្រី​ធំៗ​ខ្មែរ នឹង​ចេញដំណើរ​ទៅណា​មក​ណា រមែង​មាន​ក្បួន​ហែហម​មុខក្រោយ​មាន​ពេល​រេ​ហ៍ សេនា​បាវព្រាវ មនុស្សម្នា ប្រកបដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​តាម​លំដាប់​ស័ក្តិធំ​តូច ដូចជាៈ មន្ត្រី​ស័ក្តិ​១០​ហ៊ូពាន់​ដែល​ក្លាយ​មកពី​ពាក្យ​សៀម “​ហ៊ួ​ផាន់​” (​ក្បាល​ពាន់​) គ្រឿង​ហែ​ក្បួន​ត្រូវមាន​គ្រែស្នែង ពាក្យ​រាជ​ស័ព្ទ​ហៅថា ព្រះ​សលៀង មាន​ក្លស់​៥​ប្រកបទៅដោយ​ពណ៌​ក្រហម ឬ​បៃតង​ខៀវ ស្របតាម​ឋានៈ​មន្ត្រី​ឆ្វេង​ស្ដាំ ។​ល​។ ចំពោះ​មន្ត្រី​មាន​ឋានន្តរស័ក្តិ​ពី​១០​ពាន់​ចុះមក ក្បួន​ហែហម​ជា​កិត្តិយស​មន្ត្រី​ទាំងនោះ​មាន​ចំនួន​ចុះថយ​ជា​លំដាប់ មាន​ក្លស់​បាំង​ពី​៤​ចុះមក​មួយ ។​ល​។​

 

​ខ​. ចំពោះ​ព្រះមហាក្សត្រ​វិញ ក្បួន​ហែហម​ធំ​ជាង​មន្ត្រី ក្លស់​សម្រាប់​បាំង​ជុំវិញ​សុទ្ធតែ​ពណ៌​ស ឬ​លឿង​តាម​ថ្ងៃ​ធំ ឬ​តូច​ដោយ​ពុំមាន​កម្រិត​ចំនួន​ព្រមទាំង​គ្រឿង​ប្រដាប់​សម្រាប់​បាំង ពន្លឺព្រះអាទិត្យ និង​បក់​កម្ដៅ ដូចជា បាំង​សែន​ដែល​សៀម​ហៅថា ប័ង​សួន (​ប័ង​សុ​រ័យ​) មយូរា​ឆ័​ត្រ ចាមរ ឬ​បៃមន់ ។​ល​។ ពាក្យ​ទាំងនេះ សូម​មើល​វចនានុក្រម​ខ្មែរ ។​
​សម្លៀកបំពាក់​

 

​សម្លៀក បំពាក់​មន្ត្រី​ខ្មែរ​យើង​តែងមាន​តាម​លំដាប់​ស័ក្តិ​ជា​មន្ត្រី​ឆ្វេង ស្ដាំ ដែល​ប្រកបទៅដោយ​ពណ៌​ក្រហម ឬ​បៃតង ត្រូវមាន​មួក​មាន​កំពូល​យ៉​តមាស​ដាំ​ពេជ្រ មាន​សំពត់​អាវ​ចរបាប់​ទាំងអស់ ព្រមទាំង​ស្បែកជើង​ស្រោមជើង ។​

 

​អក្សរ​ខ្មែរ​
​អក្សរ ខ្មែរ​យើង​នោះ​ទៀត ត្រូវមាន​សភាព​ជា​អក្សរ​អ្នក​អរិយ​ប្រទេសមួយ គឺមាន​សភាព​ដូចជា​សម្លៀកបំពាក់​ដែ​រៈ មាន​សក់ ហាក់ដូចជា​មួក មាន​តួអក្សរ និង​មាន​ជើង​អក្សរ ហាក់ដូចជា​ស្បែកជើង ។​

 

​សម្ដី​និយាយ​
​សម្ដី និយាយ​នោះ​សោត ក៏ត្រូវ​មាន​វរិ​វារ​ស័ព្ទ​ហែហម​ជា​លំដាប់​ដែរ ។ ម្យ៉ាងវិញទៀត ខ្មែរ​យើង​ច្រើន​ប្រឌិត​ពាក្យពេចន៍​ដោយ​ពុំមាន​ឫសគល់​ពី​បាលី ឬ​សំស្ក្រឹត ដើម្បី​យកមកប្រើ​តាម​សេចក្ដីត្រូវការ​នៃ​អ្នកស្រុក ដូចជា​អាទិ៍ ពាក្យ «​កណ្ដុំឆែប​…​ឆា​» ដែល​អ្នកខ្លះ​ច្រើន ភ្លាត់មាត់​នៅវេលា​ចាក់ក្រឡេក​ប្រលែង​គ្នា​លេង ។ បើ​ពុំ​បានជា​គិត យើង​ស្មានថា​ជា​ពាក្យ​អនុក​រណៈ ឬ​ឧទាន​ស័ព្ទ ។ ផ្ទុយទៅវិញ គឺជា​ពាក្យចំអាស​មួយបែប គួរ​ឲ្យ​កោតសរសើរ​ថ្វីដៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ចេះ​យកពាក្យ «​ឆា​» មួយ​ម៉ាត់​មក​ដាក់​បញ្ឆោត​ភ្ជាប់​ពី​ខាងក្រោយ​បង្អស់ ដើម្បី​បង្វែងដាន​អ្នកផង​កុំ​ឲ្យ​នឹង​សង្ស័យ​រក​អត្ថន័យ​ប្រាកដ​ឃើញ ។​

 

​ពាក្យ​នេះ យើង​ព្យាយាម​វែកញែក​រកហេតុ​ផល​ទៅ យើង​អាច​រកឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់កាត់​មាន​សេចក្ដី​ថា “​កណ្ដុំឆែប​មួយ​ដួ​យ​” ។ ពាក្យ​នេះ សូម​ជូន​អស់លោក​អ្នកអាន​គន្លាស់​ត្រឡប់​ទៅវិញ​ខ្លួនឯង​ទៅ​ចុះ ។​

 

​ពាក្យ «​ធ្នើ​» វិញ​ក៏មាន​លំនាំ​របៀប​ដូចគ្នា​ដែរ​គឺ​ពាក្យ «​ធ្នើ​» ថ្នាក់លើ ។ រីឯ​ពាក្យ «​ក្បាក់​» ដែលជា​ឈ្មោះ​កូន​ជើងពាន​ទំនាប់​ច្រើន​ធ្វើ​អំពី​ប្រាក់​វិញ​គឺជា​ពាក្យ «​ក្បាក់​ប្រាន​» បានសេចក្ដីថា «​ក្បាន​ប្រាក់​» ។ សូម​មើល​ពាក្យ ចានក្បាន ។​

 

​របៀប​ដាក់ឈ្មោះ​ឲ្យ​កូនចៅ​
​តាម ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យបុរាណ ការដាក់​ឈ្មោះ​ឲ្យ​កូនចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំមែន​ចេះតែ​ដាក់ឈ្មោះ​ឲ្យ​ដោយ​ពុំបាន​រក​គ្រូអាចារ្យ​ដើម្បី គន់គូរ​ទស្ស​ទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយទៅវិញ ការដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅតាម​ឫក្សពារ តាម​ពេលា​ល្អ ឡើង​ស័​ក្ត ឡើងរាសី សម​តាម​លំដាប់​ថ្ងៃខែ​នៃ​កំណើត​ទារក​ដែលមាន​អត្ថន័យ​សំខាន់​ស្របតាម គម្ពី​បាលី និង​ស្របតាម​សេចក្ដីប្រាថ្នា​នៃ​មាតាបិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង នោះ ។​

 

​នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្របតាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

 

​ក​. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ​
​ព្រះនាម​នីមួយៗ​ត្រូវមាន​ពាក្យ​ពី​បួន​ព្យាង្គ ឡើងទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧: វិ​រ​កុមារ សុរិយ​កុមារ ។ ព្រះបរមនាម​ព្រះបាទ​ន​រោ​ត្ដម គឺ​រា​ជាវ​ត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរី​សុវត្ថិ ។​

 

​ខ​. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី​
​ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញអង្គ ព្រះនាម​ត្រូវមាន​យ៉ាងច្រើន​ត្រឹមតែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរ​ក្ខ​ស៊ី ឥន្ទ្រា​វង្ស (​ក្រុម​ក្សត្រ​) ប​លី​វ័​ណ្ណ ទេព​អរជូន ពិស្ណុលោក (​មន្ត្រី​រាជវង្ស​) ។​

 

​គ​. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រីកិត្តិយស​
​នាម​បុត្រ​ត្រូវមាន​យ៉ាងច្រើន​ត្រឹមតែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរ​ណ៍ ។​ល​។​

 

​ឃ​. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ​
​នាម​បុត្រ​មាន​តែមួយ​ព្យាង្គ ឬមួយ​ម៉ាត់​ទេ ពោលគឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។​ល​។​

 

​បើ ប្រជារាស្ត្រ​ទាំងនេះ បាន​ឡើងបុណ្យស័ក្តិ​ធ្វើជា​មន្ត្រី​កាលណា គេ​គ្រាន់តែ​បន្ថែម​ទៅលើ​ឈ្មោះ​ទាំងនោះ​នូវ​គោ​រម្យ​ងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។​ល​។​

 

​អាស្រ័យ ដូច​បាន​អធិប្បាយ​ខាងលើនេះ​ស​ឲ្យ​ឃើញថា ចាប់តាំងពី​កិច្ច​ចេញដំណើរ​រហូតដល់​ស​ម្ដី​និយាយ ព្រមទាំង​របៀប​ដាក់ឈ្មោះ​ឲ្យ​កូនចៅ​ទៀត ឃើញថា សុទ្ធ​តែមាន​របៀប​ជា​លំដាប់ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជាក​ត្តិ​យស​ជា​ដរាប ។​

 

 

ប្រភពៈ សៀវភៅ បរិវារស័ព្ទក្នុងភាសាខ្មែរ កម្រាស៣៦០ទំព័រ និពន្ធដោយ ស៊ីសុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២

 

Leave a Reply

(*) Required, Your email will not be published