រាជធានីភ្នំពេញ : ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋដែលនាំក្មេងទៅលេងក្នុងសួនកុមារ ដែលមានទីតាំងនៅមុខវត្តបុទមវត្តីនេះបានបាត់បង់សម្ភារ របស់ពួកគាត់ដែលទុកក្នុងកែបម៉ូតូហើយពេលចេញមកវិញ ស្រាប់តែបាត់កាបូបលុយ និងទូរស័ព្ទ បែរជាម្ចាស់ផ្ញើម៉ូតូមិនទទួលខុសត្រូវទៅវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចកន្លែងផ្ញើម៉ូតូ រថយន្ត សួនកុមារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ (សុំមិនបញ្ចេញឈ្មោះ) បាននាំកូនទៅលេង សួនកុមារខាងលើនេះ ដោយយកម៉ូតូទៅផ្ញើ និងបានទុកកាបូបលុយ និងទូរស័ព្ទ ដាក់នៅក្នុងកែបម៉ូតូហើយក៏នាំកូនទៅលេងក្នុងសួន។ លុះចេញមកក៏បានបើកកែបម៉ូតូរបស់ខ្លួន ស្រាប់តែបាត់កាបូបក្នុង (មានលុយ និងទូរស័ព្ទ) ដែលដាក់នៅក្នុងកែបម៉ូតូ រួចក៏សាកសួរម្ចាស់ផ្ញើម៉ូតូ បែរជាម្ចាស់ផ្ញើម៉ូតូបដិសេធថា ខ្លួនមិនបានលួចនោះទេ បង្កឲ្យភ្ញាក់ផ្អើលតែម្តង។
ក្នុងហេតុការណ៍នោះដែរ ដោយជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានការសង្ស័យថា បុគ្គលិកនៅកន្លែងផ្ញើម៉ូតូជាអ្នកយកក៏នាំគ្នាឆែកឆេរ ស្រាប់តែឃើញកាបូបលុយរបស់ខ្លួននៅក្នុងកេសដាក់លុយអ្នកផ្ញើម៉ូតូលួច យកកាបូបកប់នៅក្រោមលុយ។ បន្ទាប់ពីរកឃើញកាបូបលុយ និងទូរស័ព្ទ នៅក្នុងកេសលុយអ្នកផ្ញើម៉ូតូហើយ ប៉ុន្តែបុគ្គលិកផ្ញើម៉ូតូបែរជាចោទប្រកាន់ម្ចាស់ម៉ូតូវិញថា ជាអ្នករំខានកន្លែងរកស៊ីរបស់ខ្លួនទៅវិញ។ ក្រោយកើតហេតុគេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ ន.ប ២-១២០៣ ដែលជាម្ចាស់កន្លែងផ្ញើម៉ូតូ ចុះពីលើរថយន្តមិននិយាយអ្វីទាំងអស់មកយកកាបូបម្ចាស់ម៉ូតូដាក់ក្នុងរថយន្ត។ បន្ទាប់មកគេឃើញនគរបាលប៉ុស្តិ៍ចតុមុខបានចុះមកដល់កន្លែងកើតហេតុ ដោយសម្របសម្រួលគ្នាបញ្ចប់រឿងទៅវិញ ដោយមិនរកមុខចោរដែលលួចកាបូបនោះទេ។
ដោយសារតែម្ចាស់កន្លែងផ្ញើម៉ូតូគឺមានមន្ត្រីនគរបាលម្នាក់ ដែលជិះរថយន្តសេរីទំនើប ពាក់ស្លាកលេខ ន.ប ២-១២០៣ចេញមុខមកកាង ដោយអាងអំណាចរបស់ខ្លួន ធ្វើឲ្យលោកនាយប៉ុស្តិ៍នគរបាលចតុមុខ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ មិនចាត់ការតាមច្បាប់ដោយឲ្យបុគ្គលិកអ្នកផ្ញើម៉ូតូដែលជា ចោរលួចកាបូបនោះរត់គេចខ្លួនបាត់ទៅវិញ។
ចំពោះករណីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ គួរតែពិនិត្យមើលករណីនេះ ដើម្បីស្តារកិតិ្តយសឲ្យស្ថាប័នមានសមត្ថកិច្ច៕
រូបថត សហការី