រាជធានីភ្នំពេញ : មហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិឆ្នាំ២០១៥ រៀបចំឡើងដោយក្រសួងព័ត៌មានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍សាលារាជធានីភ្នំពេញ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានធ្វើឡើងចំនួន៦សប្តាហ៍កន្លងមកបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍ទី៥ ខែសីហានេះ ដោយជ័យលាភីលេខ១ បានទៅលើក្រុមតន្ត្រីមកពីខេត្តប៉ៃលិន ជ័យលាភីលេខ២បានទៅលើក្រុមតន្ត្រីមកពីខេត្តពោធិ៍សាត់ និងជ័យលាភីលេខ៣បានទៅលើក្រុមតន្ត្រីមកពីខេត្តព្រៃវែង។

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)
មហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិ ឆ្នាំ២០១៥នេះ បានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ក្រោមអធិបតីលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៥ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឲ្យគណៈកម្មការផ្តល់ពិន្ទុបានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៥នេះយើងមានមោទនភាពក្រៃលែង ចំពោះបរិមាណក្រុមតន្ត្រីដែលមានការចាប់អារម្មណ៍និងបានដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមឋានៈជាក្រុមជើងឯកប្រចាំឆ្នាំ។ ជាមួយគ្នានេះដែរឆ្នាំនេះ យើងទទួលបាននូវបទចម្រៀងថ្មីចំនួន៤៨បទ ហើយក្នុងចំណោមបទទាំង៤៨នោះ មានបទចម្រៀងប្រមាណ៨៧ភាគរយ ជាបទចម្រៀងបែបទសវត្សរ៍ឆ្នាំ៦០ និងឆ្នាំ៧០ និងប្រមាណ១៣ភាគរយប៉ុណ្ណោះ ជាបទចម្រៀងបែបយុវវ័យ និងទទួលបានសិល្បករ សិល្បការិនីចំនួន១៦៨នាក់ចូលរួមប្រកួតប្រជែង។លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា មហោស្រពតន្ត្រី និងចម្រៀងសម័យឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅអស់រយៈពេលប្រាំពីរសប្តាហ៍កន្លងមកនេះមានអត្ថន័យជ្រាលជ្រៅនៅក្នុងការចូលរួមចំណែកថែរក្សាអត្តសញ្ញាណដើមវប្បធម៌សិល្បៈខ្មែរ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការប្រឡងប្រជែងដណ្តើមយកជ័យលាភី គឺជាគោលបំណងមួយ ប៉ុន្តែការចូលរួមទោះឈ្នះ ឬចាញ់ ក៏ជាមោទនភាពមួយដែរព្រោះថា តាមរយៈស្នាដៃតន្ត្រីចម្រៀងដែលតាក់តែងនិពន្ធថ្មីរបស់អស់លោកបានឆ្លុះបញ្ចាំងឲ្យឃើញនូវមនសិការ ស្នេហាវិជ្ជាជីវៈ ការយកអស់សមត្ថភាពលទ្ធភាពរបស់អ្នកកវីនិពន្ធ សិល្បករ តន្ត្រីករ ដើម្បីបណ្តុះបានដួងចិត្តខ្លួនឲ្យបានទៅជាសមិទ្ធកម្ម តន្ត្រីចម្រៀងជាតិខ្លួន។ ការថែរក្សាការពារនិងអភិវឌ្ឍន៍វប្បធម៌សិល្បៈឲ្យដួងព្រលឹងពណ៌សម្បុរ ជាខ្មែរត្រូវផ្តើមឡើងពីក្នុងជម្រៅបេះដូងនៃមនុស្សម្នាក់ៗសិន ទើបអាចក្លាយទៅជាចលនាមួយទូទាំងប្រទេស។
លោករដ្ឋមន្ត្រីសង្ឃឹមថា ការរៀបចំឲ្យមានមហោស្រពតន្ត្រី និងចម្រៀងសម័យនេះឡើង គឺយើងបានចូលរួមចំណែកធ្វើឲ្យតន្ត្រីចម្រៀងសម័យខ្មែរយើងបានជា ទីពេញនិយមពីមហាជនខ្មែរ និងមានកិត្យានុភាព លេចមុខមាត់ត្រដែតនៅក្នុងពហុវប្បធម៌នាយុគសម័យសកលភាវូបនីយកម្ម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មហោស្រពតន្ត្រីចម្រៀងសម័យថ្នាក់ជាតិ ដែលយើងបានរៀបចំឡើងចំនួនបីលើកមកនេះគ្រាន់តែជាជោគជ័យក្នុងជំហានដំបូងប៉ុណ្ណោះ ដូច្នេះយើងគួរតែធ្វើការងារក្នុងវិស័យសិល្បៈតន្ត្រីចម្រៀងសម័យបន្តដំណើរពីពេលនេះទៅពេលខាងមុខទៀត ពីជំនាន់នេះទៅជំនាន់ក្រោយទៀត ដើម្បីឲ្យដំណើរការនេះមានលក្ខណៈបន្តបន្ទាប់ គ្មានទីបញ្ចប់ក្នុងការបំពេញឲ្យតម្រូវការនៃសង្គមជីវិតទន្ទឹមនឹងដំណើរនៃការរីកចម្រើនរបស់មាតុភូមិកម្ពុជា៕

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)