រាជធានីភ្នំពេញ : ដើម្បីការពារកេរ្ដិ៍ ឈ្មោះក្រុមគ្រួសារនិងកិត្ដិយសកូនស្រី លោកចាងហ្វាងផលិតកម្មមហាហង្ស បានព្រមានតារាសម្ដែងល្បីឈ្មោះប៉ែន ចំរ៉ុង បន្ទាប់ពីមិនព្រមឈប់ទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់លោក គឺកញ្ញា ភិន សុដាលីស ខណៈដែល គ្រួសារមិនពេញចិត្ដទាល់តែសោះ។ ការប្រកាសឲ្យតារាសម្ដែង ប៉ែន ចំរ៉ុង ដកខ្លួនចេញពីទំនាក់ទំនងជាមួយកូនស្រីរហូតដល់ធ្វើឲ្យលោក អ៊ិន សុភិន ផ្ទុះកំហឹងធ្វើសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅទីស្នាក់ការផលិតកម្មមហាហង្ស ផ្ទះលេខ២១ ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយមានអ្នកសារព័ត៌មានជាច្រើន ស្ថាប័នចូលរួម។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បាននិយាយថា លោកសុំប្រកាសសង្គ្រាមជាមួយប៉ែន ចំរ៉ុង ព្រោះតែតារារូបនេះដោយលោកមិនអាចទទួលយកបានហើយ។ ដោយលោកបញ្ជាក់ថា ប៉ែន ចំរ៉ុង ពីមុនជាមនុស្សល្អ អាចរាប់រកជាគ្នាបាន ប៉ុន្ដែក្រោយពីធ្វើការងារជាមួយគាត់មួយរយៈមកទើបដឹងថា ចំរ៉ុង ជាមនុស្សមានពុតត្បុត ច្រើនក្រឡិកក្រឡុច មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យតម្លៃដល់អ្នកដទៃ ហើយបានបំបាក់មុខគ្រួសាររបស់លោកទៀតផង។ ដោយនិយាយទាំងកំហឹងមិនទាន់ស្ងប់នេះលោក សុភិន បាន បញ្ជាក់ថា លោកនឹងវាយបំបាក់មុខប៉ែនចំរ៉ុងវិញទោះជួបគ្នានៅ កន្លែងណាក៏ដោយ។
លោក អ៊ិន សុភិន បន្ថែមថា កាលពីយប់ ថ្ងៃទី២៦ខែសីហា លោកបានឃើញ ចំរ៉ុង ជិះឡានជាមួយកូនស្រីរបស់ខ្លួនជូនដល់ ក្នុងផ្ទះនៅវេលាម៉ោង១០យប់ ហើយ ពេលនោះលោកបាននិយាយហាមឃាត់ មិនឲ្យមានទំនាក់ទំនងគ្នាទៀត ប៉ុន្ដែ រូបគេមិនស្ដាប់ ហើយបែរជាចោទថា ខាងកូនស្រីលោកឯណេះទេដែលជា អ្នកទាក់ទងមុន ។ គ្រានោះលោកបាន ផ្ទុះកំហឹងទាត់ប៉ែន ចំរ៉ុង៣ជើង ដើម្បី ជាការប្រដៅ និងឲ្យដឹងថា លោក មិនអាចទទួលយកទង្វើដ៏គឃ្លើនរបស់ ចំរ៉ុង ជាមួយកូនស្រីនៅចំពោះមុខលោកបានឡើយ។
ជាមួយគ្នានេះលោក អ៊ិន សុភិន ក៏បានដាក់បម្រាមដល់កូនស្រីឲ្យឈប់ទាក់ទងជាមួយ ចំរ៉ុង ហើយប្រសិនបើអាចលោកនឹងហាមកូនស្រីមិនឲ្យប្រឡូកបន្ដក្នុងសិល្បៈ ព្រោះពិភពសិល្បៈមើលទៅគួរឲ្យខ្លាច ។ ប៉ុន្ដែបើកូនស្រីមិនស្ដាប់សុខចិត្ដបោះបង់គ្រួសារតាម ប៉ែន ចំរ៉ុង លោកនឹងបណ្ដោយតាមចិត្ដរបស់កូនហើយប្រកាសមិនទទួលស្គាល់ជាដាច់ខាត។
សូមជម្រាបថា លោក អ៊ិន សុភិន មានគម្រោងនឹងរៀបចំមង្គលការមួយសម្រាប់កូនស្រី និងគូដណ្ដឹងដែលជាអតីតតារាសម្ដែងលោក ប៉ែន តុលា នៅចុងឆ្នាំ២០១៥នេះ ដើម្បីបញ្ចប់ស្នេហារវាង ប៉ែន ចំរ៉ុង និងកូនស្រីលោក។ ប៉ុន្ដែបើដាលីស សម្រេចចិត្ដចាកចេញពី គ្រួសារ លោកបើកផ្លូវសម្រាប់នាង ជានិច្ច ប៉ុន្ដែយ៉ាងណាក៏ដោយក៏លោក និងក្រុមគ្រួសារមិនអាចទទួលយក ប៉ែន ចំរ៉ុង ជាដាច់ខាត៕