ខេត្ដស្វាយរៀង ៖ សេចក្តីរាយការណ៍បានអោយដឹងថា ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធម៍ ក្រោយពីវះកាត់ គីសក្នុងដៃស្បូន ដោយលោក កែវ រត្នថា ជាម្ចាស់គ្លីនិកយីហោ “ផាសុកភាព” និង
ជាប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយរៀង ព្រមទាំងបិតបាំងព័ត៌មាន ក្រោមការគំរាមកំហែង ក្រុមគ្រួសារស្ដ្រីរងគ្រោះក្នុង អំណាចជាប្រធានមន្ទីរសុខាភិបាលខេត្ដ មិនខ្លាចរអារច្បាប់ សូម តែបន្តិច។
ប្រភពពីគ្រួសារស្ដ្រីរងគ្រោះនិយាយក្រោយពីបានរៀបចំចាត់ចែងបញ្ចុះសាកសពនៅស្រុកកំណើត ឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ សំ ឈួន អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយយារ ឃុំស្វាយយារ ស្រុក ស្វាយជ្រំ ខេត្ដស្វាយរៀង មានជំងឺដុំគីសដៃស្បូន។ ដោយមានការចុកឆ្អល់ឈឺចាប់អស់រយៈពេល ច្រើនខែមកនោះ ក្រុមគ្រួសារក៏បាននាំគាត់ទៅព្យាបាលនៅគ្លីនិកឯកជនមួយ ឈ្មោះ“ផាសុកភាព” ស្ថិតក្នុងក្រុងស្វាយរៀងដែលជាគ្លីនិករបស់លោក កែវ រត្នថា ប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយ រៀង។ក្រោយពីអ្នកឯកទេសពិនិត្យឃើញថាស្ដ្រីមានជំងឺ គីសដៃស្បូនពិតមែន ប៉ុន្មានថ្ងៃក្រោយនៅ ថ្ងៃទី២ខែកក្កដាឆ្នាំ២០១៥ ក្រុមគ្រួសារក៏បាននាំអ្នកជំងឺទៅពិគ្រោះ ជាមួយគ្រូពេទ្យប្រចាំគ្លីនិក ខាងលើ ហើយគ្រូពេទ្យក៏សម្រេចធ្វើការវះកាត់ក្នុង តម្លៃ៤៥០ដុល្លារ ដែលមាន លោក កែវ រត្នថា ប្រធានគ្លីនិក ជាអ្នកវះកាត់ដោយផ្ទាល់តែម្ដង ។លុះដល់ម៉ោង៦ល្ងាចថ្ងៃដដែលក្រោយពីវះកាត់រួច អ្នកជំងឺមានអាការក្អក តឹងពោះ។បន្ទាប់ពីស្ថានភាពមានការប្រែប្រួលខុសពីប្រក្រតី របស់អ្នកជំងឺ គ្រូពេទ្យក៏បានយកទៅពិនិត្យឡើងវិញម្ដងទៀត ហើយហាមដាច់ខាតមិនឱ្យសាច់ាញាតិ ចូលទៅ មើលទេ។បន្ទាប់ពីគ្រូពេទ្យពិនិត្យរួចរាល់ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយមកនៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៥ ស្ដ្រីជាអ្នកជំងឺឈ្មោះ សំ ឈួន ក៏បានបាត់បង់ជីវិតនៅក្នុង គ្លីនិកនោះតែម្ដង។ក្រោយពីអ្នកជំងឺស្លាប់ភ្លាមម្ចាស់គ្លីនិកបង្ខំឱ្យក្រុមគ្រួសារធ្វើកិច្ចសន្យាថា មិនឱ្យ មានការប្ដឹងផ្ដល់និងបាននិយាយបំភ័យគ្រួសាររងគ្រោះថា បើទោះបីជាប្ដឹង ក៏មិនឈ្នះខាងគ្លីនិក ដែរ ព្រោះ ប្រធានគ្លីនិកលោក កែវ រត្នថា មាន តួនាទីជាប្រធានមន្ទីរសុខាភិបាលខេត្ដ ស្វាយរៀង មានអំណាចធំមហិមា មិនមានអ្នកណាប៉ះពាល់បានឡើយ។ ជាមួយគ្នានោះដែរ ខាងគ្លីនិកក៏បាន បង្ខំឱ្យក្រុមគ្រួសារជនរង គ្រោះទទួលយកសំណង់២.០០០ដុល្លារ ទៅដើម្បីបញ្ចប់រឿង ។
មន្រ្តីប៉ូលីសយុត្តិធម័ខេត្តស្វាយរៀងបានអោយដឹងថា ករណីលោក កែវ រត្នថា ម្ចាស់គ្លីនិក យីហោ “ផាសុកភាព”និងជាប្រធាន មន្ទីរសុខាភិបាលខេត្ដស្វាយរៀង វះកាត់ជំងឺដុំគីសដៃស្បូន បណ្តាល អោយអ្នកជំងឺស្លាប់ជិត២ខែកន្លងមកនោះពុំដឹងថាលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានដឹងហើយ ឬនៅនិងមានវិធានការបែបណាទៅលើលោក កែវ រត្នថា ប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយរៀង នោះយ៉ាងណានៅឡើយទេ៕
ជុំវិញព័ត៌មានខាងលើនេះ កំណើតថ្មី មិនអាចទទួលការពន្យល់ពីលោក កែវ រត្នថា ម្ចាស់ គ្លីនិកយីហោ “ផាសុកភាព” និងជាប្រធាន មន្ទីរសុខាភិបាលខេត្ដស្វាយរៀងនេះនៅឡើយទេព្រោះ ទូរស័ព្ទចូលពុំមានអ្នកទទួល៕ ស្រស់ ពិដោរ