ខេត្តបាត់ដំបង ៖ កញ្ញាឯក សុជាតា ហៅសាសា តុលាការចេញដីកាកោះ ហៅលើកទី២ បន្ទាប់ ពីដីកាកោះលើកទីមួយដែលតម្រូវអោយនាងចូលខ្លួនកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥ ហើយ
ត្រូវអវត្តមានដោយមិនមានការផ្តល់ដំណឹងអ្វីទាល់តែសោះ ពាក់ព័ន្ធនឹងសំណុំរឿង ដែលនាងបាន បង្ក គ្រោះថ្នាក់ចរាចរនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២ ខែសីហា កន្លងទៅថ្មីៗនេះ។
មន្ត្រីតុលាការខេត្តបាត់ដំបងបានអោយដឹងថាកាលពីអាទិត្យមុនតុលាការខេត្តបាត់ដំបងបានចេញ ដីកាកោះមួយទៅកាន់ កញ្ញាសាសានៅឯទីក្រុងភ្នំពេញ ដោយបានកំណត់អោយនាងចូលខ្លួនមក បំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបងនាថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ពាក់ព័ន្ធនឹង ការបង្កគ្រោះថ្នាក់ចរាចរនាពេលកន្លងមកដែលក្នុងករណីនេះ គឺត្រូវបានកញ្ញាសាសា ស្ថិតក្នុងភាព ស្រវឹងថែមទាំងបានធ្វើការបដិសេធមិនទទួលស្គាល់នូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តថែមទៀត ផង។ក្រោយពីសាក្សីសំខាន់ចំនួន៧នាក់បានចូលខ្លួនមកបំភ្លឺរួចរាល់ នៅសល់តែកញ្ញាសាសា និង នារី ម្នាក់ទៀតដែលជាមិត្តភ័ក្តិរបស់នាងតែប៉ុណ្ណោះ ដែលខកខានមិនបានចូលបំភ្លឺ។ តែដីកាកោះ លើកទីមួយមិនត្រូវបានកញ្ញា ឯក សុជាតា ហៅសាសា ចូលខ្លួនតាមកាលកំណត់និងមិនបានផ្តល់ ដំណឹងអ្វីបន្តិចសោះនោះទើបតំណាងអយ្យការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ថ្ងៃត្រង់នេះ បានចេញដីកាកោះមួយច្បាប់ទៀតដើម្បី បញ្ជូនទៅឲ្យតំណាងអយ្យការនៃសាលា ដំបូងរាជធានីភ្នំពេញដែលតម្រូវឲ្យកញ្ញាសាសា ចូលខ្លួនជាលើកទីពីរ ខាងមុខនេះ នៅក្នុងសាលា ដំបូងខេត្តបាត់ដំបង។
មន្ត្រីតុលាការខេត្តបាត់ដំបងបានអោយដឹងបន្តថា ក្នុងករណី កញ្ញា ឯកសុជាតា ហៅសាសា មិន គោរព តាម ដីកាកោះលើកទីពីរនេះទេ នោះតំណាងអយ្យការនឹងអនុវត្តតាមនីតិវិធីរបស់តុលាការ ព្រោះគ្មានទេសម្រាប់ដីកាកោះលើកទី៣ នេះបើនាងនៅតែប្រកាន់ជំហរថា មិនព្រមចូលខ្លួនតាម ដីកាកោះទេនោះគឺ នឹងមានវិធានការតាមផ្លូវច្បាប់៕
គួររំលឹកថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ កញ្ញា សាសា និងមិត្តភក្តិ ២នាក់ ទៀត បានផឹកស៊ី ក្នុងហាង «តោពីរ» ក្នុងក្រុងបាត់ដំបង រួចបើករថយន្តម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ក្នុងស្ថានភាពស្រវឹង ទៅបុកអ្នកជិះម៉ូតូ សណ្ដោងរ៉ឺម៉ក ដឹក ទឹកកក បណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួស។ ក្រោយហេតុការណ៍ កើតឡើង ក្រុមជនបង្ក បានសង ជនរងគ្រោះចំនួន៣លានរៀលដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ឋតុលាការ។ប៉ុន្តែភ្លាមៗនោះស្លាក លេខ រថយន្ត បានត្រូវដោះចេញ និងជម្លៀស កញ្ញា សាសា ចេញពីកន្លែងកើតហេតុ ដើម្បីបង្វែងដាន មិនឲ្យមហាជន ស្គាល់មុខ ៕ ដោយ ស្រស់ នីកា