រាជធានីភ្នំពេញ ៖សេចក្តីរាយការណ៍បានអោយដឹងថា កាលពីរសៀលថ្ងៃទី២៨សីហាឆ្នាំ២០១៥ បុរសម្នាក់ដែលជាអង្គរក្សឧកញ៉ា ឧកញ៉ា ស្រី វ៉ាន់ថន ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ
ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សំរេចដាក់ឃុំក្នុងគុកព្រៃស ក្រោមការចោទប្រកាន់ពីបទ លួច ទាក់ទិននិងករណីគាស់ទ្វាររថយន្តនៅក្នុងផ្សារអ៊ីអនលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ។
សេចក្តីរាយការណ៍បន្តថា ជនជាប់ចោទឈ្មោះ វ៉ាន់ ប្រុស អាយុ៤២ឆ្នាំ ជាអង្គរក្ស របស់លោក ឧកញ៉ា ស្រី វ៉ាន់ថន នៅផ្ទះលេខ២១ ផ្លូវលេខ៣៦៩ សង្កាត់ ព្រែកប្រាខណ្ឌច្បាអំពៅ។ ឈ្មោះ វ៉ាន់ ប្រុស ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនមកតុលាការកាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០១៥ ក្នុងនោះក្រោយពីបានធ្វើការសាកសួររួចមកព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ បាន សំរេចចោទប្រកាន់ពីបទលួច ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទទៅអោយចៅក្រមចាត់ការ តាមច្បាប់។ក្នុងថ្ងៃនេះដែរ ចៅក្រមតុលាការក៏បានចេញដីកាសំរេចឃុំខ្លួនតែម្ដង។
គួររំលឹកថា កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥ជនសង្ស័យឈ្មោះ វ៉ាន់ ប្រុស ភេទប្រុសអាយុ ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យឧកញ៉ា ស្រី វ៉ាន់ថន ស្នាក់នៅផ្ទះលេខ២១ ផ្លូវ៣៦៩ សង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ។ក្រោយពីឃាត់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតរថយន្ត១គ្រឿង ម៉ាក Wolvagenពណ៌ខ្មៅ គ្មានស្លាកលេខ កាំភ្លើងខ្លី១ដើម ម៉ាក QSZ92-9 លេខ០០៧៧៤០ គ្រាប់ ១៥ ទូរស័ព្ទដៃ ២គ្រឿង។ ចំណែកឯទ្រព្យសម្បត្តិ របស់រងគ្រោះ មានលុយ ២៥.៨២០បាត និង ទូរស័ព្ទiPhone5s ១គ្រឿង បានដកហូតពីជនសង្ស័យ និងបានប្រគល់ទៅឲ្យជនរងគ្រោះ វិញ។ រីឯជនរងគ្រោះឈ្មោះ លឿង កំហាក់ ភេទប្រុសអាយុ២៦ឆ្នាំ លក់ដូរ ស្នាក់នៅផ្ទះលេខ៧០ ភូមិ ២០ឧសភា ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិះរថយន្តម៉ាក Toyota Camry ស៊េរី ២០០៣ពណ៌ទឹកមាសស្លាកលេខ2A-6368បាត់ដំបង ខូចសោទ្វារមុខខាងឆ្វេង។ មុនពេលកើត ហេតុ ជនសង្ស័យបានជូនមេ មកផ្សារ AEON។ បន្ទាប់មកជនសង្ស័យ ក៏ដើរមើលរថយន្ត ណា ដែលមានទុកសម្ភារៈ ក្នុងរថយន្ត រួចធ្វើសកម្មភាពគាស់សោយកទ្រព្យសម្បត្តិ បន្ទាប់មកដើរទៅ អង្គុយ ក្នុងរថយន្តរបស់ខ្លួនវិញ។រាល់សកម្មភាពទាំងអស់នេះ ត្រូវបានសន្តិសុខផ្សារមើលឃើញ ក្នុងកាមេរ៉ាសុវត្ថិភាពទាំងអស់ក៏ប្ដឹងសមត្ថកិច្ចអាវុត្ថចាប់ខ្លួនជនដៃដល់បានភ្លាមៗ ខណៈជននោះ ទៅអង្គុយក្នុងរថយន្តគេវិញ៕