រាជធានីភ្នំពេញ : បុរសម្នាក់ស្លៀកពាក់ខោអាវឈុតដែលគេអះអាងថា ជាលោក សាន សាធុកា ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានទៅធ្វើសកម្មភាពយកលុយពីម្ចាស់ស្ថានីយលក់ប្រេង មួយកន្លែង ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមដែលមានរយៈពេល១នាទី និង២២នាទី។
នៅក្នុងឃ្លឹបវីដេអូនេះបានបង្ហាញសកម្មភាព ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ចូលទៅក្នុងស្ថានីយប្រេងមួយកន្លែង ហើយត្រូវបានស្ត្រីម្នាក់យកលុយមកហុច ឲ្យដៃពីរត្រូវបានគេអះអាងថារូបបុរសនោះ គឺជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង ឈ្មោះ សាន សាធុកា ទៅទារលុយពីម្ចាស់ ស្ថានីយប្រេងមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
បុរសខាងលើដែលគេស្គាល់ឈ្មោះ សាន សាធុកា ត្រូវបានថ្នាក់លើរបស់ខ្លួនបញ្ជាឲ្យចុះ ទៅឃ្លាំមើលបទល្មើសសេដ្ឋកិច្ច នៅតាមបណ្ដោយផ្លូវជាតិលេខ២១ បានដើរបង្គាប់ឲ្យ ឈ្មួញរកស៊ីដឹកទំនិញចេញ ចូលពីប្រទេសវៀតណាម ទាំងតាមរថយន្តក៏ដូច តាមទូកបង់លុយទៅឲ្យពួកខ្លួនទៅតាមក្បាលរថយន្ត ឬក្បាលទូកជារៀងរាល់ថ្ងៃគ្មានឲ្យរួចមួយឡើយ រីឯឃ្លាំងស្តុកទំនិញនាំចេញ ចូល រួមទាំងស្ថានីយលក់ប្រេង នៅតាមផ្លូវជាតិលេខ២១បេ ក្នុងស្រុកស្អាង និងស្រុកកោះធំក៏ត្រូវបានឈ្មោះ សាន សាធុកា កំណត់ឲ្យបង់លុយប្រចាំខែ គ្មានឲ្យរួចមួយដែរ ក្រោមលេសស្តុកទំនិញ ឬលក់ប្រេងនាំចូលអត់បង់ពន្ធ។
ជាក់ស្ដែងដូចមានរូបក្នុងវីដេអូឃ្លីបស្រាប់ ដែលគេអះអាងថា ឈ្មោះ សាន សាធុកា ទៅទារលុយពីម្ចាស់ស្ថានីយលក់ប្រេងមួយកន្លែង នៅតាមផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង បានចំនួន៥០ដុល្លារ រួមទាំងកន្លែងផ្សេងៗទៀត ចាប់ពី២០ដុល្លារ រហូតដល់១០០ដុល្លារក្នុងមួយខែៗ។
គួររម្លឹកដែរថា ចាប់តាំងពីលោក សួរ គឹមលី ត្រូវបានតែងតាំងជាប្រធានផ្នែកប្រតិបត្តិនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបទល្មើស ប្រចាំខេត្តកណ្តាល ទទួលបន្ទុកផ្នែកទំនិញ គេសង្កេតឃើញក្រុមឈ្មួញមួយចំនួន ដែលរកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ២១បេ ពីច្រកព្រំដែនជ្រៃធំ មកកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល សម្តែងភាពក្តៅក្រហាយសឹងគ្រប់ៗគ្នា ចំពោះការកោសរូស បង្ខំឲ្យបង់លុយតាមតែអំពើចិត្ត ពីសំណាក់នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក សួស គឹមលី ហើយគេមិនដឹងថា មន្ត្រីនគរបាលដែលដាក់ប៉ុស្តិ៍ជជុះជាប់ជាប្រចាំ តាមផ្លូវជាតិលេខ២១បេ បង់ថ្លៃទិញប៉ុស្តិ៍ជូនលោក សួរ គឹមលី ក្នុងមួយខែប៉ុន្មាននោះទេ ទើបពួកគេមានអំណាចធ្វើអ្វីៗ តាមតែទំនើងចិត្ត។
ពេលខ្លះកូនចៅរបស់លោក សាន សាធុកា នៅចំណុចផ្លូវជាតិលេខ២១បេ បានយកឥទ្ធិពលអំណាច របស់ប្រធាននាយកដ្ឋាន ទៅប្រើប្រាស់ក្នុងការកោសរូស បង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញបង់លុយ តាមតែទំនើងចិត្ត តាមរយៈការដាក់ប៉ុស្តិ៍ជជុះ ការប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយ និងការកៀងគរក្រុមឈ្មួញ ឲ្យចូលបង់ខែ ។ ទោះជាលោក សួរ គឹមលី ទទួលបានតំណែងជា ប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទទួលផ្នែកត្រួតពិនិត្យទំនិញគេចពន្ធ នៅក្នុងខេត្តកណ្តាល ក៏ពិតមែន ប៉ុន្តែលោក សួរ គឹមលី មិនសូវចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ឬឃ្លាំមើលសកម្មភាព មន្ត្រីក្រោមឱវាទនោះទេ គឺលោក សួរ គឹមលី បានដេញថ្លៃប៉ុស្តិ៍តាមផ្លូវជាតិសំខាន់ៗ ឲ្យទៅមន្ត្រីជំនិតៗបង្កព្យុះភ្លៀង តាមតែអំពើចិត្ត។
ពេលខ្លះលោក សាន សាធុកា បានចាត់ចែងឲ្យកូនចៅរបស់គាត់ ចាប់ឆែកឆេររថយន្តមួយចំនួន ដែលសង្ស័យដឹកឈើខុសច្បាប់ ផ្ទុយពីភារកិច្ចការងាររបស់ខ្លួន ដែលទទួលផែនស្រាវជ្រាវបង្ក្រាប ការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញមានជាតិពុល បង្កើតឲ្យមានភាពចម្រូងចម្រាស់ផងដែរ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ សារព័ត៌មានកំណើតថ្មីមិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីលោក សាន សាធុកា បានឡើយ៕
ធ្លាយរឿង នគរបាលសេដ្ឋកិច្ច ឈ្មោះ សាន សាធុកា ដើរយកលុយដាក់ខែ តាមស…
បច្ចុប្បន្ននេះ ប៉ូលីសសេដ្ឋកិច្ចឈ្មោះ សាន សាធុកា គ្រប់គ្រងលើផ្លូវជាតិ ចំនួនពីរកន្លែង ក្នុងទឹកដីខេត្តកណ្តាលគឺផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដើម្បីចាំកាក់រថយន្ត-កាណូតដឹក ទំនិញយកលុយជារៀងរាល់ថ្ងៃ ដោយនៅផ្លូវជាតិលេខ១ គេមានកូនចៅមួយក្រុមជួលផ្ទះគេដាក់ប៉ុស្តិ៍ប្រចាំការ នៅខាងកើតក្លោងទ្វារចូលសាលាបណ្ឌិតសភា នគរបាលនៅដីឥដ្ឋ និងផ្លូវជាតិលេខ២១ គេដាក់ប៉ុស្តិ៍នៅក្នុង ស្រុកស្អាងរួមទាំងជិះចល័ត ដើរយកលុយពីរថយន្ត-កាណូតដឹកទំនិញចេញ-ចូលប្រទេសវៀតណាម រួមទាំង កំណត់ឲ្យឃ្លាំងស្តុកទំនិញនាំចូលពីវៀតណាម រួមទាំងស្ថានីយលក់ប្រេងនានាបង់លុយប្រចាំខែ ឲ្យខ្លួនពី២០ដុល្លារ ទៅ១០០ដុល្លារផងដែរ ទៅតាមស្ថានីយធំតូច ដោយលើកហេតុផលថា ម្ចាស់ស្ថានីយទាំងអស់នោះ ទិញប្រេង អត់ពន្ធយកមកលក់ខុសច្បាប់។គេមិនដឹងថាសកម្មភាពដាក់ប៉ុស្តិ៍ និងដើរទារលុយតាមស្ថានីយប្រេង និងឃ្លាំងស្តុកទំនិញខាងលើនេះ គឺមានបញ្ជា ពីមេឬមួយក៏ឈ្មោះ សាន សាធុកា លួចទៅធ្វើដោយខ្លួនឯងនោះទេ។ពាក់ព័ន្ធករណីខាងលើនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការ បំភ្លឺពីឈ្មោះ សាន សាធុកា បានទេ តែបើតាមមន្ត្រីនគរបាលសេដ្ឋកិច្ច ដែលដើមអម្ពិលទូរស័ព្ទសាកសួរព័ត៌មាន បានប្រាប់ឲ្យដឹងថា បើមានមន្ត្រីនគរបាលសេដ្ឋកិច្ចទៅដាក់ប៉ុស្តិ៍ទៅជំរិតទារលុយពីអ្នករកស៊ីមែននោះ គឺជាការ ឆក់ឱកាសរបស់បុគ្គលតែប៉ុណ្ណោះ មិនមែនជាបញ្ជារបស់ថ្នាក់លើនោះទេ៕
Posted by Komneut Thmey News on Sunday, 23 August 2015