ចាងហ្វាង​ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិន ៖ ទោះ​ឡើង​ភ្នំភ្លើង ចុះ​ខ្ទះ​ខ្លាញ់ ក៏ត្រូវ​តែ​តាម​វាយ ប៉ែន ចំ​រ៉ុង ប្រសិនបើ​មិន​ឈប់​ទាក់ទង​ជាមួយ​កូនស្រី​ខ្ញុំ​

, , Leave a comment

​រាជធានី​ភ្នំពេញ :ចាប់ពី​ថ្ងៃនេះ​ទៅ​ខ្ញុំ​ជួប ប៉ែន ចំ​រ៉ុង កន្លែង​ណា នឹង​តាម​វាយ​គេ​កន្លែង​នោះ ប្រសិនបើ​មិន​ឈប់​ទាក់ទង​ជាមួយ ដា​លី​ស កូនស្រី​ខ្ញុំ​ទេ​"។ នេះ​ជា​សំដី​របស់លោក អ៊ិន សុ​ភិន ដែលជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស និង​ជា​ឪពុក របស់​តារា​សម្ដែង ភិន សុ​ដា​លី​ស ត្រូវបាន​លើកឡើង​ក្នុង​ពិធី​ស​ន្នី​សីទ​សារព័ត៌មាន នៅក្នុង​ថ្ងៃទី ២៧ ខែសីហា​នេះ​កាលពី​ម៉ោង​១០ និង​១៥​នាទី នៅ​ផលិតកម្ម​មហាហង្ស​។​

 

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​បែបនេះ​បន្ទាប់ពី​លោក អ៊ិន សុ​ភិន បានទទួល​ដំណឹង​ថា លោក ប៉ែន ចំ​រ៉ុង ដែលជា​តារា​សម្ដែង​កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងសង្គម​សិល្បៈ និង​កូនស្រី​របស់លោក គឺ​កញ្ញា ភិន សុ​ដា​លី​ស កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​គ្នា​យ៉ាង​ផ្អែមល្ហែម​។ បន្ទាប់ពី​រូបលោក​បាន​ចរចា​គ្នា​ជាមួយ​លោក ប៉ែន ចំ​រ៉ុង និង​កូនស្រី​របស់លោក​និង​ការព្រមាន​ជាមុន​ថា ឲ្យ​ពួកគេ​ទាំងពីរ ( ដា​លី​ស និង ប៉ែន ចំ​រ៉ុង )​បញ្ឈប់​ទំនាក់ទំនង​គ្នា​និង​បញ្ចប់​សម្ព័ន្ធភាព​ស្នេហា​នោះ ។ ប៉ុន្ដែ​អ្នក​ទាំងពីរ នៅតែ​បន្ដ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ដដែល​។​

 

​លោក​អ៊ិន សុ​ភិន បន្ដថា អ្វីដែល​ធ្វើ ឲ្យ​លោក​កាន់​តែមាន​កំហឹង​ខ្លាំង​ជាង​នេះ ដោយសារ​លោក​ធ្លាប់បាន​ខ​ល​ទៅ​បញ្ជាក់​ពី​បញ្ហា​នេះ​ម្ដងទៀត​ជាមួយ​លោក ប៉ែន ចំរុង ឲ្យ​ឈប់ និង​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ​កូនស្រី​របស់លោក  ប៉ុន្ដែ​ទូរស័ព្ទ​ត្រូវបាន​បងប្រុស​របស់​ប៉ែន ចំ​រ៉ុង​លើក​ជំនួស​ដោយ​និយាយថា  គេ​ក៏មាន​កូនស្រី​ដែរ ឲ្យ​ខ្ញុំ​ប្រាប់​តែ​កូនស្រី​ខ្ញុំ​ទៅ​កុំ​ឲ្យ​ទៅទាក់ទង​ប្អូនប្រុស​របស់គេ ទៅបាន​ហើយ​។ ការលើកឡើង​បែបនេះ​ហាក់ដូចជា មិនបាន​ផ្ដល់​តំលៃ​ឲ្យ​គ្រួសារ​ខ្ញុំ​បន្ដិច​សោះ​។ លោក អ៊ិន សុ​ភិន បន្តថា​ទើប​យប់​ម៉ិ​ញ​ខ្ញុំ​ក៏បាន​ឈរ​ចាំ​កូនស្រី​ខ្ញុំ​នៅមុខ​ផ្ទះ ប្រហែលជា​ម៉ោង​១០ ព្រោះ​ខ្ញុំ​ដឹងថា ពួកគេ​នៅ​ជាមួយគ្នា ពេលដែល ដា​លី​ស មកដល់​ផ្ទះ​បើកទ្វា​ឲ្យ​ចូល​ឡាន​ហើយ​នាង​ក៏​មិនបាន​ចូល​ឡាន​ក្នុងផ្ទះ​ដែរ ដូចជា​មានបំណង​មក​ផ្លាស់​សំលៀកបំពាក់​ហើយ​ចេញ ទៅ​ក្រៅ​បន្ដ​។​

 

ខ្ញុំ​ដឹងថា ចំ​រ៉ុង នៅក្នុង​ឡាន​នោះ​ខ្ញុំ​ក៏​ទៅ​សួរនាំ​ហើយ ក៏បាន​ដេញ​ធាក់​ចំ​រ៉ុង​ពីរ ទៅ​បី​ជើង និង​វាយ​ពីរ​ទៅ​បី​ដៃ​ទៀត តែ​គេ​អត់​បាន​តបត​អ្វី​ឡើយ​។ ក្រោយមក​គេ​ក៏​ដើរទៅ​បាត់​ខ្ញុំ​មិនដឹងថា​ទៅណា​ទេ​។ លោក អ៊ិន សុ​ភិន បន្ដថា ថ្ងៃនេះ​ខ្ញុំ​ប្រកាសថា ខ្ញុំ នឹង​ទៅផ្ទះ ប៉ែន ចំ​រ៉ុង ឬក៏​ទៅគ្រប់​កម្មវិធី​របស់​ស្ថានីយ៍ទូរទស្សន៍ ដែលមាន ប៉ែន ចំ​រ៉ុង បន្ដ​ផ្ទាល់​(​ជួប​កន្លែង​ណា ខ្ញុំ​វាយ​កន្លែង​ហ្នឹង ខ្ញុំ​ធ្វើ​ផ្ទាល់ដៃ ដោយ​ខ្លួនឯង​មិនបាច់​ប្រើ​នរណា​ទេ​) ។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់ ជាមួយ​មនុស្ស​គ្រប់គ្នា ខ្ញុំ នឹងធ្វើ​ឲ្យ​គាត់​អាម៉ាស់​វិញ​មិន​ខាន ប្រសិនបើ​គាត់​មិន​ព្រម​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនស្រី​របស់ខ្ញុំ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ចំពោះមុខ​ច្បាប់ ខ្ញុំ​មិន​ខ្លាច​អ្វី​ទាំងអស់ ខ្ញុំ​ចង់​ឲ្យ​តែ​គាត់​ប្ដឹង​ខ្ញុំ​ទេ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ប្រសិនបើ ចំ​រ៉ុង មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬ​របួសស្នាម​អី្វ​មួយ រកឃើញ​ភស្ដុតាង​ថា ខ្ញុំ​ធ្វើ​ខ្ញុំ​ទទួល​។​

 

​លោក អ៊ិន សុ​ភិន ក៏​បញ្ជាក់ថា ពីដំបូង ខ្ញុំ​ក៏មាន​អារម្មណ៍​ពេញចិត្ត ជាមួយ​ក្មេង​ម្នាក់​នេះដែរ ថែមទាំង​បាន​និយាយ​រឿង​ទាំងនេះ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ​ថែមទៀត តែ​ក្រោយមក​ខ្ញុំ​មើលឃើញថា ក្មេង​នេះ​យ៉ាប់​ពេក ធ្វើ​អ្វី​គិតតែ​ផលប្រយោជន៍​ខ្លួនឯង​។ ក្នុងនាម​ខ្លួនឯង​អ្នក​ស្រលាញ់​កូនស្រី​គេ មិនដែល​បានធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​ក្រុមគ្រួសារ​ទេ គិតតែ​រឿង​លុយ​មួយ​មុខ​គត់ លើសពីនេះ​ពេលធ្វើ​ការងារ​ឲ្យ​មហាហង្ស ទំរាំ​សុំ​ពេល​ថត​បាន​នោះ​គឺ​យ៉ាប់​មែនទែន​។ ទី​២ ខ្ញុំ​ធ្លាប់​ឮថា តារា​សម្ដែង​រូបនេះ​សំបូរ​ស្រី​ច្រើន​ក្នុង​សិល្បៈ រហូត​មាន​គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ខ្វះ​មនុស្ស​ប្រុស​យកមក​ធ្វើ​កូនប្រសារ​មែន​ទេ បាន​ឲ្យ​កូន​ទៅ​ស្រលាញ់គ្នា​ជាមួយ ចំ​រ៉ុង​។

 

នេះហើយ​ជា​បញ្ហា​ដែល​ខ្ញុំ​ត្រូវ​គិត ខ្លាច​ថ្ងៃក្រោយ​គេ​ស្រលាញ់​តែ​លុយ​មិន​ស្រលាញ់​កូន​ខ្ញុំ ធ្វើបាប​ចិ​ត្ដ​កូន​ខ្ញុំ សុខ​ចិ​ត្ដ​ខ្ញុំ​ឲ្យ​ពួកគេ​ចប់​ឲ្យ​ហើយ​។  លោក បន្ថែមថា មុនពេល​កើតរឿង​នេះ​ឡើង​ខ្ញុំ​បាន​ប្រាប់​ដល់ ចំ​រ៉ុង និង​កូនស្រី​ខ្ញុំ ប៉ុន្ដែ​គេ​នៅតែ​ទាក់ទង​គ្នា ដូច្នេះ​ខ្ញុំ​ត្រូវតែ​ធ្វើ​ឲ្យ​បាន ព្រោះ​គេ​មិន​ឲ្យ​តំលៃ​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ក៏​មិន​ខ្វល់​ពី​ចិ​ត្ដ​កូន​ខ្ញុំ​ដែរ ដោយសារ​ខ្ញុំ​បាន​ប្រាប់​គេ​ហើយ​ប្រសិនបើ​គេ​ជ្រើសរើស​គ្រួសារ ខ្ញុំ​សប្បាយ​ចិ​ត្ដ បើ​គេ​ជ្រើស​បុរស​នោះ​(​ប៉ែន ចំ​រ៉ុង )​ដោយ​ចាក​ចេញពីផ្ទះ​ខ្ញុំ​ក៏ មិន​ទទួលស្គាល់​ស្នេហា​ពួកគេ​ដែរ​។ លោក​អ៊ិន សុ​ភិន ក៏​បញ្ជាក់ថា រឿង​ការងារ​គឺ​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ជា​រឿង​ផ្សេង ដូច្នេះ​រាល់​ភាពយន្ដ​ដែលមាន ចំ រ៉ុង សម្ដែង​ឲ្យ​មហាហង្ស គឺ​ខ្ញុំ​នៅតែ​ចាក់​បញ្ចាំង​ជាធម្មតា​។   ជាមួយគ្នា​ដែរ​លោក អ៊ិន សុ​ភិន បន្ថែមថា ខ្ញុំ​នឹង​ពិភាក្សា ជាមួយ​ក្រុមគ្រួសារ​និង​រៀបចំ​ពិធីមង្គលការ​រវាង ប៉ែន តុលា និង​កូនស្រី​ខ្ញុំ ដែលជា​គូ​ដណ្តឹង​នឹង​គ្នា ក្នុង​ខែធ្នូ​ឆ្នាំ​២០១៥ ខាងមុខនេះ​បើ​អាចទៅរួច​៕

27-8-2015 (1) 27-8-2015

 

Leave a Reply

(*) Required, Your email will not be published