វិញ្ញាសារ​ប្រឡង​ទុតិយភូមិ​ឆ្នាំនេះ មាន​ភាពល្អ និង​ធូ​ស្រាល​ជាង​ដូច​ឆ្នាំមុន​

, , Leave a comment

​រាជធានី​ភ្នំពេញ : វិញ្ញាសា​ប្រឡង​បាក់​ឌុប​ដែល​ទើបតែ​បញ្ចប់ទៅ​កាលពី​ថ្ងៃទី​២៥ ខែសីហា​នេះ ត្រូវបាន​អ្នក​ប្រឡង​ជាប់​កាលពី​ឆ្នាំមុន​អះអាងថា​ស្រួល​ជាង​ឆ្នាំទៅ​។ បន្ទាប់ពី​ប្រឡង​បាក់​ឌុប​ចប់​វិញ្ញាសា​ជាច្រើន​ត្រូវបាន​គេ​បង្ហោះ​នៅតាម​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​អ្នក​ប្រឡង​ជាប់​កាលពី​ឆ្នាំមុន​បាន លើកឡើងថា វិញ្ញាសា​ប្រឡង​មាន​ភាព ងាយស្រួល​ជាង​ពោលគឺ​មិន​តឹង​ដូច​កាលពី​ប្រឡង​កាលពី​ឆ្នាំទៅ​មិញ​នោះឡើយ ដែលជា​ការធ្វើកំណែទម្រង់​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​សម័យ​ប្រឡង​ឆ្នាំ​២០១៤ មាន​បេក្ខជន​ប្រឡង​ជាប់​តែ​ប្រមាណ​២៥​ភាគរយ​ក្នុងចំណោម​បេក្ខជន​សរុប​ចំនួន​៩៣៤៥៦​នាក់​ចែកចេញជា​១៥៤​មណ្ឌល​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​១៤០​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១៤​មណ្ឌល ស្មើនឹង​៣៧៧៩​បន្ទប់​។ ក្នុងនោះ​មាន​បេក្ខជន​ចំនួន​១១​នាក់​ជាប់​និទ្ទេស​A និង​៦៨​នាក់ និទ្ទេស B​។​

 

​ចំណែក​ឆ្នាំនេះ​មាន​បេក្ខជន​ដែល​បាន ចុះឈ្មោះ​ប្រឡង​ក្រោយពេល​ដក​បេក្ខភាព​សរុប​ចំនួន​៨៤៩៣០​នាក់ ស្រី​៤០៩៧២​នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន​១៥០​មណ្ឌល​ចែកចេញជា​៣៤២៧​បន្ទប់​។​

 

​សម្រាប់​ឆ្នាំនេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​ដោយសារ​សិស្ស​ខិតខំ​រៀន​និង​បាន​ត្រៀមខ្លួន​រួចរាល់​មុន​ដល់​ថ្ងៃ​ប្រឡង​។ ជាងនេះទៀត​មុន​ការប្រឡង​ក្រសួង​អប់រំ​ក៏ដូចជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​ឲ្យ​មាន​វគ្គ​បំប៉នបន្ថែម​ដល់​សិស្ស​ប្រឡង​ផងដែរ​។ គេ​រំពឹងថា​បេក្ខជន​ជាប់​និទ្ទេស A ប្រហែល​ជាមាន​ច្រើនជាង​ឆ្នាំមុន​ដែរ​។​

 

​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍​ជាមួយនឹង​ក្តីសង្ឃឹម​ជាមុន​ថា បេក្ខជន​បេ​ក្ខ​នារី​ដែល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​សិក្សា​២០១៥​នេះ​នឹងមាន​អត្រា ជាប់​ច្រើនជាង​ឆ្នាំ​២០១៤ ព្រោះ​សិស្ស​ម្នាក់ៗ​បានបង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ពួកគេ​ដែល​បាន​ប្រឹងប្រែង​នឹង​ត្រៀមខ្លួន​ជាមុន​។​

 

​ការអះអាង​របស់លោក រស់ សា​លីន​នេះ បានបញ្ជាក់​ក្រោយ​ពេលដែល​បេក្ខជន​ចូល​ប្រឡង​ទាំងអស់​មាន​ទឹកមុខ​ស្វាហាប់​ដែល​បង្ហាញ​ពី​ជំនឿ​ង​ជា​ក់លើ​ខ្លួនឯង​ថា ពួកគេ​ប្រឡង​ជាប់​ដោយសារតែ​សមត្ថភាព​ផ្ទាល់ ដោយ​មិនមាន​ការយក​សំណៅ​ឯកសារ​តាម​ខ្លួន និង​មិន​ចម្លង​ពី​អ្នកដទៃ ជាពិសេស​មាន ការ​យាមកាម យ៉ាង​តឹងរឹង​បំផុត មិន​ឲ្យ​មាន​ការបោះ​ប្រ៊ី​យ៉ុង​ពី​ខាងក្រៅ​ចូលក្នុង​ថ្នាក់​ប្រឡង​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​ថា “​ខ្ញុំ​មាន​សុ​ទិដ្ឋិ និយម​ថា ខ្ពស់ជាង​ឆ្នាំទៅ (​ប្រឡង​ជាប់​ច្រើន​) ដោយសារ​ខ្ញុំ​គិត​ទិដ្ឋភាព​មុនពេល ប្រឡង និង​ក្នុងពេល​ប្រឡង​។ មុនពេល​ប្រឡង​ក្រសួង​បានធ្វើការ​បណ្តុះបណ្តាល គ្រូ​បង្គោល​អំពី​មុខវិជ្ជា​ដែល​ត្រូវ​បង្រៀន និង​បាន​ត្រៀម​មេរៀន​សង្ខេប​នូវ​មុខវិជ្ជា​សំខាន់ៗ​មួយចំនួន ហើយ​សិស្ស​ទាំងអស់​បាន​រៀន​ត្រៀម​តាំងពី​ដើមឆ្នាំ​ផងដែរ​។​

 

​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ ដោយ​ទទួលស្គាល់ថា​ដំណើរការ​ប្រឡង​នៅ​ឆ្នាំនេះ​សិស្ស​បាន​ត្រៀម​បានល្អ​មិនបាន​យក​សំណៅ​ឯកសារ និង​ទូរស័ព្ទ​ចូល​ដូច​ឆ្នាំមុន​នោះទេ​ដែល​ខុសពី​ឆ្នាំមុន​ការ​ឆែក​នៅតាម​មាត់​ច្រកចេញ​ចូល​មណ្ឌល​ប្រឡង​ចាប់បាន​សំណៅ និង​ឯកសារ​ច្រើនណាស់​។ ចំណែកឯ​ទឹកមុខ​បេក្ខជន​ប្រឡង​បាន ភាពស្រស់​ស្រាយ​ដែល​បាន​បញ្ជាក់ថា បេក្ខជន​បាន​ត្រៀមលក្ខណៈ​ល្អ​ជាង​ឆ្នាំមុន​និង​មិនមាន​អារ​ម្មរណ៍​ភិតភ័យ​ដូច​ឆ្នាំមុន​នោះទេ​។​

 

​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្លាប់បាន​មានប្រសាសន៍ថា​ដោយសារ​មានការ​រឹតបន្តឹង និង​បេក្ខជន​មិន​អាចមាន​ជំនួយ​ពី​ខាងក្រៅ​ដោយ​ពឹង​ផ្អែកលើ​សមត្ថ​ផាព​ផ្ទាល់ខ្លួន​របស់​សិស្ស​នោះ ដូច្នេះ​វិញ្ញាសា​ប្រឡង គឺ​ចេញ​ល្មម​អាច​ឲ្យ​សិស្ស​ធ្វើ​បានតែ​អាស្រ័យ​លើ​សិស្ស​ត្រូវខិតខំ​រៀន​ដែរ​។​

 

​ចំពោះ​វិញ្ញាសា​ប្រឡង​មិនមែន​ចេញ​តាម​មេរៀន​ទាំងអស់​នោះទេ គឺ​សិស្ស​ត្រូវ​មានការ​ត្រឹះ​រិះ​ពិចារណា និង​វិភាគ​ហើយ​ពិន្ទុ​នឹង​បាន​ទៅតាម​នោះដែរ​។ បើទោះបី​ជាមាន​បេក្ខជន​ប្រឡង​ជាប់​ច្រើ​ជាង​ឆ្នាំមុន​ក៏ដោយ​ក៏​អ្នក​ដែល​ប្រឡង​ជាប់​នោះ​សុទ្ធសឹងតែ​ជាប់​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន​ព្រោះថា​ក្នុង​រយៈពេល​ប្រឡង​ពីរ​ថ្ងៃ​(២៤ និង​២៥​សីហា​)​មិនមាន​ភាពមិនប្រក្រតី​កើតឡើង​ទេ​មាន​ដែរ​តែ​ពាក់ព័ន្ធ​រឿង​ការដួលសន្លប់​មាន​រហូតដល់​ទៅ​៦៨​នាក់​ក្នុងនោះ​មាន​បេ​ក្ខ​នារី​ម្នាក់​នៅ​ខេត្តកោះកុង ​ឈឺពោះ​សម្រាលកូន​នៅពេល​ប្រឡង​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​គាត់​មិន បាន​​ប្រឡង​មុខវិជ្ជា​ចុងក្រោយ​ទៀត​។ មានការ​ប្រឡង​ជំនួស និង​មន្ត្រី​អប់រំ​ច្រឡំ​ដាក់​ទូរស័ព្ទ​តាម​ខ្លួន​។​

 

​សូមបញ្ជាក់ថា លទ្ធផល​នៃ​ការប្រឡង​នឹង​បិទ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ខាងមុខ​សម្រាប់​ខេត្តកណ្តាល និង​ភ្នំពេញ ចំណែក​នៅតាម​បណ្តា​ផ្សេងទៀត​នៅ​ថ្ងៃទី​២៦​កញ្ញា​៕

students

 

Leave a Reply

(*) Required, Your email will not be published