ជំនួញ​កញ្ឆា​ក្រៀម​៧​លាន​ដុល្លារ​អាមេរិក​

, , Leave a comment

​រាជធានី​ភ្នំពេញ​ : មេខ្លោង​ជួញដូរ​កញ្ឆា ក្រៀម​មានតម្លៃ​ប្រមាណ​ជា​៧​លាន ដុល្លារ ចំនួន​បីនាក់​ត្រូវបាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា  ម្សិលមិញ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​កាលពី​ថ្ងៃទី​២១ សីហា កន្លងទៅ​នៅ​ខណ្ឌឫស្សីកែវ និង​ខណ្ឌមានជ័យ​។​

 

​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ខៀវ សាម៉ន មានប្រសាសន៍ថា​ក្រោយពី​បាន​ស៊ើបអង្កេត​អស់​មួយរយៈ​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ អាជ្ញាធរ រួម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន ចំនួន​បី​ទីតាំង ស្ថិតនៅ​តាមផ្លូវ​ជា​សុផារ៉ា​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​ទី​ពីរ​នៅ​បុរី​មង្គល​ភ្នំពេញ​និង​ចំណុច​ទី​បី​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ជនល្មើស​ទី​១. ឈ្មោះ វិត សាំង ភេទ​ប្រុស​កើត​នៅ​ឆ្នាំ​១៩៦៧, ទី​២. ឈ្មោះ​សួន​ភក្តី (​ប្រុស​)​កើត​នៅ​ឆ្នាំ​១៩៨២ និង​ទី​៣. ឈ្មោះ សោម ដា​រ៉ា ហៅ​បារាំង (​ប្រុស​) កើត​នៅ​ឆ្នាំ​១៩៧៩​ជនល្មើស​ទាំង​៣​នាក់​នេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​នៅក្នុង​ទឹកដី​សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

 

​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រកឃើញ និង​ធ្វើការ​រឹបអូស​នូវ​វត្ថុតាង​ជា​កញ្ឆា​ស្ងួត​បាន​ចំនួន​១.៤៨៧​គីឡូក្រាម​, ប្រេង​កញ្ឆា ១​គីឡូ​កន្លះ និង​ឧបករណ៍​សម្រាប់​កែច្នៃ​គ្រីប​ចម្រាញ់​ដ៏​ទំនើប​មូ​យ​ដែលមាន​ទម្ងន់​ប្រហែល​ជាង​៣​តោន​។​

 

​លោក ខៀវ សាម៉ន ឲ្យ​ដឹង​ទៀតថា​កញ្ឆា​ទាំងអស់នោះ​ត្រូវបាន​ជនសង្ស័យ​៣​នាក់​ទិញ​មកពី​ប្រទេស​ឡាវ​ដែល​បាន​វេច​ខ្ចប់​លាក់​លួច​នៅក្នុង​កញ្ចប់​កាហ្វេ​ម៉ាក​ដាវ​និង​ដាក់​នៅក្នុង​កេស​កាហ្វេ​លួច​ដឹកជញ្ជូន​បន្លំ​ចូលមក​កម្ពុជា និង​វេច​ខ្ចប់​នឹង​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ទី​៣​គឺ​ប្រទេស​ធំៗ​ដែលមាន​តម្លៃ​ខ្ពស់​។ យោងតាម​ចម្លើយសារភាព​ពី​ជនសង្ស័យ​បានបញ្ជាក់​ថា កញ្ឆា​ស្ងួត ទាំងនេះ​មាន​ប្រភព​មកពី​ប្រទេស​ឡាវ (​ប៉ាក់​សេ​) ដឹកជញ្ជូន​តាមផ្លូវ​គោក​បង្កប់​ក្នុង​កេស និង​ស្បោង​កាហ្វេរ​ម៉ាក​ដាវ (DOA) ចូល​តាម​ច្រក​ត្រពាំង​ក្រៀល​ខេត្តស្ទឹងត្រែង​មក​រាជធានី​ភ្នំពេញ​ដោយមាន​មេខ្លោង​ធំ​ជា​ជនជាតិ​នូ​វែ​ល​សេ​ឡង់​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ក្នុងស្រុក​ផ្តល់​លុយ​ឱ្យ​ចាត់ចែង​ដឹកជញ្ជូន​ជួល​ទីតាំង​ធ្វើ​សកម្មភាព​គ្រីប​វេច​ខ្ចប់​ជា​ដុំ​និង​កែច្នៃ​ចម្រាញ់​ជា​ប្រេង​កញ្ឆា​នាំ​ចេញទៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។ ហើយ​ពេលនេះ​សមត្ថកិច្ច​កម្ពុជា​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជា​ជនជាតិ​បរទេស និង​បណ្តាញ​បន្ថែមទៀត​។​

 

​លោក​បន្ថែមថា តាម​ការវាយតម្លៃ​កញ្ឆា​ស្ងួត​ទម្ងន់​១៤៨៧​គីឡូក្រាម​ប្រេង​កញ្ឆា​ទម្ងន់​១,៥​គីឡូក្រាម​គិត​ជា​ទឹកប្រាក់​ប្រមាណ​៧​លាន​៤​សែន​៣​ម៉ឺន ៥​ពាន់​ដុល្លារ​ប្រសិនបើ​ពួកគេ​បាន​នាំទៅ​កាន់​ប្រទេសក្រៅ មែន​។ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥​នគរបាល​រាជធានី​ភ្នំពេញ​រឹបអូស​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​មីន​ជិត​៥៥​គីឡូក្រាម​ដែលមាន​តម្លៃ​ប្រហែល​៣​លាន​ដុល្លារ​ក្នុង​ខេត្តស្ទឹងត្រែង​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ និង​បុរស​ជនជាតិ​ចិន ពីរ​នាក់​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០១៥​នេះ​។​

 

​ជនសង្ស័យ​ទាំងបី​នាក់​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​តាមច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​នៅក្នុង​មាត្រា​៤០​បាន​ចែងថា​ចាប់ពី​៦០​គីឡូក្រាម​ឡើងទៅ​ទាក់ទង​នឹង​កញ្ឆា​ស្ងួត​ត្រូវ​ផ្តន្ទាទោស​ចាប់ពី ២០-៣០​ឆ្នាំ​ឬ​ជាប់គុក​អស់​មួយជីវិត និង ពិន័យ​ជា​ប្រាក់​ចាប់ពី​៤០-១០០​លាន​រៀល​។​

 

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច​ក្រសួងមហាផ្ទៃ​បញ្ជា​ក់ដោយ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សាម៉ន បាន​បង្ហាញថា រយៈពេល​៧​ខែ​ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​គ្រឿងញៀន​ប្រមាណ​៩០​គីឡូក្រាម​ស្មើនឹង​ជាង​១០០០​ករណី​នឹងត្រូវ​បញ្ជូន​ជនសង្ស័យ​ជាង​២០០០​នាក់​ទៅកាន់​តុលាការ​សម្រាប់​ទូទាំងប្រទេស​៕

26-8-2015 26-8-2015 (1) 26-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published