រាជធានីភ្នំពេញ : មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយនៅថ្ងៃទី២ នៃប្រឡងបាក់ឌុបឆ្នាំនេះដោយមានបេក្ខនារីម្នាក់នៅមណ្ឌលអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុងបាន ឈឺពោះសម្រាលកូន ដោយពុំបានប្រឡងមួយវិញ្ញាសាចុងក្រោយនៃថ្ងៃបញ្ចប់។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងកាលពីយប់ថ្ងៃទី២៥ ថា ពិតជាមានបេក្ខនារីម្នាក់ ដែលឈឺពោះសម្រាលកូនស្របពេលកំពុងប្រឡង នៅមណ្ឌលអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ខេត្តកោះកុង ដោយពុំបានប្រឡងមួយវិញ្ញាសាចុងក្រោយនា ថ្ងៃបញ្ចប់នេះពិតប្រាកដមែន ហើយបេក្ខនារីនោះបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាលកូនរួចហើយដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា «បេក្ខនារីដែលឈឺពោះសម្រាលកូននេះ គឺជាបេក្ខជនបំពេញវិជ្ជា ដាក់ពាក្យប្រឡង ដូច្នេះករណីគាត់ឈឺពោះមិនបានប្រឡងនេះ គឺមិនអាចឲ្យគាត់ប្រឡងម្ដងទៀតបានទេ គឺឱកាសប្រឡងបានតែម្ដងទេ»។
នៅពេលសួរថា តើមូលហេតុអ្វីបានជាក្រសួងអនុញ្ញាតឲ្យបេក្ខជនមានផ្ទៃពោះចូលរួមប្រឡងលោក រស់ សាលីន បានពន្យល់ថាចំពោះបេក្ខជនស្វែរិន និងបំពេញវិជ្ជា ក្រសួងមិនបានកំណត់ទេ ទោះបីជាបេក្ខជននោះមានផ្ទៃពោះ ក៏ដោយតែបើបេក្ខជនធម្មតាក្រសួងក៏មិនអនុញ្ញាតឲ្យដែរ។
គ្រាន់តែក្នុងរយៈពេលពីរថ្ងៃនៃដំណើរការប្រឡងបាក់ឌុបនេះមានបេក្ខជនប្រមាណជិត៧០នាក់មានបញ្ហាសុខភាពខ្លះដួលសន្លប់ខ្លះទៀតមានអាការៈវិលមុខក្អួតចង្អៀរតែភាគច្រើនក្នុងចំណោមពួកគេទាំងនោះបានត្រឡប់ទៅប្រឡងវិញបន្ទាប់ពីមានការជួយសង្គ្រោះបឋមពីគ្រូពេទ្យរួចមក។ តែមានមួយចំនួនតូចដោយសារអាការៈជំងឺមិនទាន់ប្រសើរមិនអាចត្រឡប់ទៅប្រឡងវិញបានឡើយ។ តាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបានឲ្យដឹងថាគិតត្រឹមព្រលប់ថ្ងៃទី២៥ម្សិលមិញនេះមានបេក្ខជនចំនួន៤៩នាក់មានបញ្ហាសុខភាពក្នុងអំឡុងដំណើរការសំណេរក្នុងនោះមាន១៨នាក់បានកើតឡើងនោះពេលព្រឹកដោយមានបេក្ខជន៣នាក់ដោយសារបញ្ហាសុខភាពមិនអាចត្រឡប់មកប្រឡងវិញបានទេ។
ចំណែកនៅពេលរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០១៥មានបេក្ខជនប្រឡង៣១នាក់នៅមណ្ឌលរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ចាម សៀមរាប ត្បូងឃ្មុំ កោះកុង កំពង់ស្ពឺ កណ្តាល កំពត កែប កំពង់ធំ ពោធិ៍សាត់ កណ្ដាល កំពង់ឆ្នាំង ព្រះវិហារបាត់ដំបង និងខេត្តព្រៃវែងមានបញ្ហាសុខភាព។ ក្នុងចំណោមបេក្ខជន៣១នាក់នោះមានបេក្ខនារីម្នាក់នៅមណ្ឌលអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុងបាន ឈឺពោះសម្រាលកូន ដោយពុំបានប្រឡងមួយវិញ្ញាសាចុងក្រោយនៃថ្ងៃបញ្ចប់ទៀតផង។ ចំណែកកាលពីថ្ងៃប្រឡងបាក់ឌុបថ្ងៃទី១ ក៏មានបេក្ខជនចំនួន១៩នាក់បានមានបញ្ហាសុខភាពផងដែរក្នុងនោះមានបេក្ខជន១៨នាក់អាចមានលទ្ធភាពប្រឡងឡើងវិញបាន។ តែបេក្ខជនម្នាក់ទៀតមិនអាចចូលរួមប្រឡងបានទេ។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ ជាថ្ងៃប្រឡងទី២ថាសរុបទាំងពីរថ្ងៃនៃការប្រឡងមានបេក្ខជនប្រឡងនៅមណ្ឌលរាជធានីមានបញ្ហាសុខភាពចំនួន៥នាក់ក្នុងនោះនៅថ្ងៃទី២៥ សីហា មាន៣នាក់ និងបេក្ខជន២នាក់បានដួលសន្លប់កាលពីថ្ងៃប្រឡងថ្ងៃទីមួយ។
កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះដែរ លោក រឹម រ៉េត នាយកវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំរោង រាជធានីភ្នំពេញ និងជាអនុប្រធានមណ្ឌលប្រឡងវិទ្យាល័យផ្សារដើមថ្កូវដែលបានសន្លប់ក្នុង ពេលបំពេញ ភារកិច្ចបាន និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ តាមទំព័រហ្វេសប៊ុនរបស់ក្រសួងអប់រំបានឲ្យដឹងទៀតថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងរយៈពេល២ថ្ងៃនេះបានប្រព្រឹត្តទៅប្រកបស្ងប់ស្ងាត់ សន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អពុំមានបាតុភាពមិនប្រក្រតីណាមួយកើតមានគួរឲ្យកត់សម្គាល់ឡើយ ក្រោមការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍវិស័យអប់រំនានា។ បន្ទាប់ពីប្រឡងចប់ប្រធានគណៈមេប្រយោគ និងគណៈកម្មការអប្បមាទទូទាំងប្រទេសបានរៀបចំដឹកជញ្ជូនយកវិញ្ញាសាបេក្ខជនដែលបានប្រឡងរួចពីមណ្ឌលប្រឡងនីមួយៗ ក្នុងថ្ងៃទី២ដំណើរការសំណេរថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះយកទៅផ្ញើទុក នៅសាលារាជធានី ខេត្តដោយសុវត្ថិភាព។
គួរបញ្ជាក់ថាឆ្នាំនេះមានបេក្ខជនដែលបានចុះឈ្មោះប្រឡងក្រោយពេលដកបេក្ខភាពសរុបចំនួន ៨៤ ៩៣០នាក់ ស្រី ៤០៩៧២នាក់ មានមណ្ឌលប្រឡងសរុប ចំនួន១៥០មណ្ឌល ចែកចេញជា៣៤២៧ បន្ទប់៕