រាជធានីភ្នំពេញ : មន្ត្រីបច្ចេកទេសជាន់ខ្ពស់ទេសចរណ៍នៃប្រទេសកម្ពុជា វៀតណាម ថៃ បានឯកភាពគ្នាបង្កើតឲ្យមានខ្សែទស្សនកិច្ចទេសចរណ៍ថ្មីចំនួន៣ នៅតាមច្រករបៀងទេសចរណ៍ភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការឲ្យដឹងរបស់ពីក្រសួងទេសចរណ៍កម្ពុជា។
ការពិភាក្សា នឹងឯកភាពគ្នាក្នុងការបង្កើតឲ្យមានខ្សែកញ្ចប់ទេសចរណ៍ថ្មីនេះត្រូវបានស្នើឡើងនៅក្នុងកិច្ចប្រជុំស្តីពីច្រករបៀងទេសចរណ៍ខាងត្បូងថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់ទេសចរណ៍លើកទី២ (ក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ GMS)ដែលបានប្រារព្ធធ្វើកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានៅរមណីយដ្ឋានតារាសាគរ កោះ ស្តេច ក្នុងខេត្តកោះកុង។
កិច្ចប្រជុំបានឯកភាពគ្នាបង្កើតឲ្យមានខ្សែទស្សនកិច្ចទេសចរណ៍ចំនួន៣ រួមមាន កញ្ចប់ទស្សនកិច្ចទី១៖ បាងកក រ៉ាយ៉ង ត្រាត កោះកុង (កោះស្តេច) បូកគោ ព្រះសីហនុ សៀមរាប និងកញ្ចប់ទស្សន កិច្ចទី៣ ៖ ហូជីមីញ ភូគួក កែប កំពត បូកគោ តាកែវ ភ្នំពេញ សៀមរាប។ កិច្ចប្រជុំបានឯកភាពដាក់បញ្ជូលខេត្តរបស់ប្រទេសទាំង៣ នៃច្រករបៀងទេសចរណ៍ខាងត្បូងក្នុងនោះប្រទេសកម្ពុជាបានបញ្ចូលខេត្ត៥រួមមាន (កោះកុង ព្រះសីហនុ កំពត កែប និងតាកែវ) ថៃបានបញ្ចូលខេត្ត៤ និងវៀតណាមបានបញ្ចូលខេត្ត៥។
យ៉ាងណាក៏ដោយគម្រោងបង្កើតឲ្យមានខ្សែទស្សនកិច្ចទេសចរណ៍ថ្មីនេះក្នុងគោលបំណងលើកកម្ពស់វិស័យទេសចេរណ៍នៃប្រទេសទាំង៣ដែលមានសមុទ្រជាប់គ្នា។ ដើម្បីជំរុញខ្សែទស្សនកិច្ចទាំង៣ខាងលើឲ្យមានដំណើរការឆាប់រហ័សអង្គប្រជុំបានស្នើឲ្យចាប់ផ្តើមបង្កើតយន្តការ ដើម្បីសហការជាមួយផ្នែកឯកជនរៀបចំផ្សព្វផ្សាយ និងលក់កញ្ចប់ទស្សនកិច្ចនេះ។ កម្ពុជាជាប្រទេសមួយស្ថិតក្នុងតំបន់ដែលមានកំណើនទេសចរណ៍ខ្ពស់ ហើយដែលត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងលំដាប់ពិភពលោកជាមួយនឹងឧត្ដមភាព ប្រៀបធៀបនឹងការប្រកួតប្រជែងខ្ពស់ដោយឈរលើមូលដ្ឋាននៃបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិដ៏សម្បូរបែបដែលមាននៅរាយប៉ាយពាសពេញផ្ទៃប្រទេស។ ឈរលើទិដ្ឋភាពដ៏ត្រកាលនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពក្នុងការអនុវត្ដយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ហើយបានដើរតួជាមាសបៃតង និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធានានិរន្ដរភាពនៃការអភិវឌ្ឍជាតិតាមរយៈការបង្កើតនិងបង្កើនឱកាសការងារបង្កើតឱកាសមុខរបរបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សសម្បត្ដិវប្បធម៌ និងធនធានធម្មជាតិជាពិសេសរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុសាកល។
ឆ្នេរសមុទ្ររបស់កម្ពុជាមានប្រវែង៤៤០គីឡូម៉ែត្រ (គ្របដណ្តប់លើខេត្តតំបន់ឆ្នេរទាំង៤) ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី៧ របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ២០១១ នៅទីក្រុង Toubacouta ប្រទេស សេណេហ្គាល់ ក្រោមឈ្មោះរួមតែមួយគឺឆ្នេរសមុទ្រកម្ពុជា (Cambodia Bay) និង ត្រូវបានប្រកាសជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី»កាលពីថ្ងៃទី១១ ខែកក្កដា ២០១១ នាខេត្តព្រះសីហនុ។ បន្ទាប់ពីបានចូលជាសមាជិកពេញសិទ្ធិ កម្ពុជាត្រូវបានជ្រើសរើស ជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតលើកទី៩ របស់ក្លឹប នាពេលនេះ។ ក្នុងឆ្នាំ២០១៤ កម្ពុជាទទួលបានទេសចរ អន្ដរជាតិ៤,៥លាននាក់ក្នុងអត្រាកំណើន ១៥ ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៤ រួមនឹងទេសចរក្នុងស្រុកប្រមាណជិត១០ លាននាក់ ។ វិស័យទេសចរណ៍បាននាំមកនូវចំណូលប្រមាណជាង២.៥៥០ លានដុល្លាររួមចំណែកប្រមាណ១៦ភាគរយនៃ GDP និង បង្កើតការងារដោយផ្ទាល់ប្រមាណ៥០ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត៕