រាជធានីភ្នំពេញ : ស្ត្រីម្នាក់ជាថៅកែភោជនីយដ្ឋានមេគង្គ និងជាថៅកែ អាយវែន (KTV IVAN) ហើយអះអាងថា ជាភរិយារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រើអំពើហិង្សា លើសមត្ថកិច្ចខណ្ឌ៧មករា ខណៈដែលស្ត្រីរូបនេះ បានចតរថយន្ត ក្បែររបងវិទ្យាល័យបាក់ទូក ដែលដំណើរការប្រឡងបាក់ឌុប ទើបចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា រៀបចំសណ្តាប់ធ្នាប់ការប្រឡងបាក់ឌុបថ្ងៃទី១ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក ស្ត្រីដែលអះអាងថា ជាភរិយារបស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បើកបររថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-0119 មកចតនៅលើចញ្ចើមផ្លូវជាប់នឹងរបងវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពេលឃើញបែបនេះសមត្ថកិច្ចប៉ូលិសធ្វើការហាមឃាត់ ពីព្រោះសិស្សត្រូវប្រឡងបាក់ឌុប ស្រាប់តែស្ត្រីរូបនោះមិនព្រមបើករថយន្តចេញ បែរជាប្រកាន់ខឹង ហើយជេរប្រមាថ ព្រមទាំងខ្វាចលើផ្ទៃមុខមន្ត្រីប៉ូលិសម្នាក់ឈ្មោះ សេង ណាត់ ជានាយរងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងយាមការពារសន្តិសុខ សណ្តាប់ធ្នាប់មណ្ឌលប្រឡង បណ្តាលឲ្យរងរបួសស្រាល ទើបផ្អើលដល់ប៉ូលិសខណ្ឌ៧មករាចេញអន្តរាគមន៍ភ្លាមៗ ។
តែទោះជាយ៉ាងណាអំពើរបស់ស្ត្រីរូបនេះមានន័យស្មើនឹងការប្រមាថលើបុគ្គលសមត្ថកិច្ចកំពុងបំពេញការងារទាំងពាក់ឯកសណ្ឋាន និងប៉ះពាល់ដល់កិត្យានុភាពស្ថាប័ននគរបាលជាតិទាំងមូល។ ក៏ប៉ុន្តែសំណុំរឿងនេះត្រូវបានមេប៉ូលិសថ្នាក់លើបង្គាប់បញ្ជាឲ្យបញ្ចប់រឿងរ៉ាវតាមរយៈការសម្របសម្រួលគ្នា គឺមិនទុកឱកាសឲ្យប៉ូលិសរងគ្រោះ ដាក់ពាក្យប្តឹងតាមនីតិវិធីនៃច្បាប់ឡើយ ហើយបានត្រឹមឲ្យប៉ូលិសរងគ្រោះឈឺចុកចាប់ក្នុងចិត្តប៉ុណ្ណោះ ដោយទទួលបានជាការបង់ជាលុយកាក់បន្តិចបន្តួចដើម្បីបញ្ចប់រឿងរ៉ាវ៕