ខេត្តកំពង់ស្ពឺ : យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលដេករដូករណែល៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ខណៈដែល រថយន្តកុងតឺន័របានបើកជ្រុលទៅកៀរ និងកិនរថយន្តនីសាន់ ក្នុងទិសដៅស្របគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ82-83នៅភូមិទី១ (ដីអំបិល) ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីសមត្ថកិច្ចសមត្ថិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខPP 3C-3001 បើកពីលិចទៅទិសកើត លុះមកដល់ចំណុចខាងលើ ក៏បានជ្រុលទៅកៀរ និងកិនទៅលើរថយន្តមួយគ្រឿងទៀតម៉ាក់នីសាន់ណាវ៉ារ៉ាពណ៌ស្ករពាក់ ស្លាកលេខភ្នំពេញ2AA-1846 បើកបរដោយឈ្មោះ រស់ មុន្នីរត្ន័ អាយុ៤៤ ភេទប្រុសនៅភូមិត្រពាំងវែង សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបើកបរស្រប់ទិសគ្នា បណ្ដាលឲ្យស្លាប់២នាក់(ស្រី) របួសស្រាល៧នាក់(ប្រុស) និង របួសធ្ងន់ម្នាក់(ប្រុស)។ ចំណែករថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ឯអ្នកបើកបររថយន្តបង្កមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនបាត់ក្រោមពេលកើតហេតុ។
ជនរងគ្រោះមានឈ្មោះ១. ជឿន ដា ភេទស្រីអាយុ២៥ឆ្នាំ (ស្លាប់) ២.ប៉ាន សៀក ភេទស្រីអាយុ៥២(ស្លាប់) ៣. ជួប ជឿន អាយុ៥៩ឆ្នាំ របួសធ្ងន់ ៤.ប៉ាន់ សើ អាយុ៥៤ ឆ្នាំ(ស្រី) របួសស្រាល ៥. លីម ម៉ុចឡាយ ភេទប្រុសអាយុ២ឆ្នាំ របួសស្រាល ៦.ហ៊ា ហៀងលី ភេទប្រុសអាយុ១១ឆ្នាំរបួសស្រាល ៧. មុន្នីរត្ន័ ធារ៉ាត់ ភេទប្រុសអាយុ១៥ឆ្នាំ របួសស្រាល ៨. យ៉ន គីមហេង ភេទស្រីអាយុ៣ឆ្នាំ ស្រាល៕