ជាធម្មជាតិបុគ្គលគ្រប់រូបតែងតែទទួលបានលក្ខណៈសម្បត្ដិផ្សេងៗគ្នា ទាំងសរីរាង្គកាយ និងទំនោរផ្លូវចិត្ដ។ និស្ស័យជាពាក្យមួយម៉ាត់ដែលប្រជាពលរដ្ឋយើងនិយាយជាញឹកញាប់ ដើម្បីសម្គាល់ទៅលើការបានជួបប្រាស្រ័យទាក់ទងគ្នាបានរួមរស់ជាមួយគ្នា ធ្វើអ្វីៗចុះសម្រុងគ្នាជាដើម។ ចុះអ្នកចិត្ដវិទូលោកបកស្រាយយ៉ាងដូចម្ដេចដែរអំពីនិស្ស័យ។ ហើយនិស្ស័យកើតមានលើមនុស្សពីពេលណា និងតាមរយៈអ្វី?
ដើម្បីឆ្លើយតបនឹងសំណួរខាងលើ ថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមធ្វើបទបង្ហាញខ្លះៗ បកស្រាយអំពីនិស្ស័យជូនប្រិយមិត្ដ ៖
អ្វីជានិស្ស័យ?
និស្ស័យជាឫកពា ដែលមានលក្ខណៈខុសគ្នាពីអត្ដចរិត ដែលអាចទទួលបានពីឥទ្ធិពលនៃការអប់រំរបស់គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋានជុំវិញ សាលារៀន និងសង្គមនៅពេលដែលបុគ្គលនោះដឹងក្ដី ឬធំពេញវ័យ។ ឥទ្ធិពលនេះអាចឲ្យគេក្លាយជាមនុស្សស្លូតបូត រម្យទម សុភាពរាបសារ ឬកោងកាច ព្រហើនច្រឡើសបើស ខ្ជិលច្រអូស ជាដើម។
អត្ដចរិតកើតឡើងលើមនុស្សក្រោយនិស្ស័យមួយជំហានដែលអត្ដចរិតនោះគេអាចធ្វើការកែប្រែបានតាមរបត់នៃការរស់នៅក្នុង មជ្ឈដ្ឋាន។ និស្ស័យមានការពាក់ព័ន្ធនឹងមូលដ្ឋាន បេះដូង ទឹកប្រមាត់ អ័រម៉ូន ជាដើម។ ឧទាហរណ៍បុគ្គលមានឫកពាឆេវឆាវ ឆាប់ខឹងច្រឡោត ស្រគត់ស្រគំ ស្ងប់ស្ងៀម ប្រុសតែមានសារជាតិដូចស្រី ឬស្រីតែមានសារជាតិដូចជាប្រុស ស្ទក់ៗទុយមុយ មានសភាពស្រស់ស្រាយ ញញឹមប្រិមប្រិយជាប់ជានិច្ចជាដើម។ ជាក់ស្តែងអ្នកប្រាជ្ញផ្នែកចិត្ដវិទ្យាបានរកឃើញនិស្ស័យរបស់មនុស្សមាន៤គឺ
ទី១-មនុស្សចិត្ដនឹងនរ គឺគេមិនងាយផ្លាស់ប្ដូរការគិត មិនងាយជឿជាក់តាមអ្នកដទៃ
ទី២-មនុស្សឆេវឆាវ គឺជាបុគ្គលដែលឆាប់ខឹង ឆាប់បាត់ ខ្វះហេតុផល
ទី៣-មនុស្សមានការសម្រេចចិត្ដខ្ពស់ គឺជាមនុស្សមានឧត្ដមគតិ មានការគិតល្អិតល្អន់ មានហេតុផលមុនសម្រេចចិត្ដ
និងទី៤-មនុស្សទុក្ខក្រៀមក្រំ ជាមនុស្សដែលមានភាពខ្វាយខ្វល់ច្រើន រស់នៅដាច់ឆ្ងាយពីអ្នកដទៃ។
និស្ស័យកើតឡើងពេលណា ដោយសារអ្វី?
ជាការពិតណាស់និស្ស័យរបស់មនុស្សគេអាចបណ្ដុះបានចាប់ពីពេលតាំងគភ៌រហូតក្មេង ចាប់ផ្ដើមដឹងក្ដី ទាំងខាងផ្លូវចិត្ដ ឫកពា ចំណង់ចំណូលចិត្ដជាដើម។ មាតាបិតាត្រូវត្រៀមលក្ខណៈជាស្រេចនូវកត្ដាផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅឋាន និងសង្គម ដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ និងកូនដែលកំពុងចាប់ផ្ដើមវិវត្ដន៍ផ្នែកស្មារតី។
១-កត្ដាផ្លូវចិត្ដ
ឪពុកម្ដាយជាមនុស្សសំខាន់ក្នុងការតម្រង់និស្ស័យកូន(តាមរយៈអារម្មណ៍របស់ម្ដាយ)។ មិនឈ្លោះគ្នា ឬគ្មានភាពល្អក់កករ បង្កភាពស្និទ្ធស្នាល និងការថ្នាក់ថ្នមផ្លូវកាយផ្លូវចិត្ដ និយាយរឿងសប្បាយៗ ផ្ដល់នូវភាពកក់ក្ដៅរីករាយឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ប្ដីត្រូវរកសៀវភៅផ្សេងៗដូចជារឿងនិទានកុមារ ទស្សនាវដ្ដី ឬអត្ថបទអប់រំល្អៗ សម្រាប់ភរិយាអាន ឬអានឲ្យភរិយា និងកូនស្ដាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះមាតាគួរមើលទូរទស្សន៍ ឬវីដេអូដែលផ្ដោតសំខាន់ទៅលើវីរភាពអង់អាច ក្លាហានមានឧត្ដមគតិ។ ទាំងនេះកូនអាចមានសតិក្លាហាន មិនកោងកាច មានហេតុផល ឆ្លាតវៃ ឆាប់ចេះនិយាយ កាយសម្បទារឹងប៉ឹង មានទំនាក់ទំនងល្អរវាងអន្ដរបុគ្គលជាដើម។
២-កត្ដាសេដ្ឋកិច្ច
សំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារពេលដែលស្ដ្រីពពោះ និងក្រោយពេលសម្រាល។ ការបំប៉នសុខភាពមាតា និងទារក ថវិកាត្រៀមត្រូវមានជាចាំបាច់។ ត្រូវគិតពីរបបអាហារឲ្យបានគ្រប់គ្រាន់ និងកម្រិតប្រភេទអាហារ ដែលគួរបរិភោគ។ លើសពីនេះចំពោះការប្រើប្រាស់ថ្នាំក៏ជាកត្ដាសំខាន់ ព្រោះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទារកក្នុងផ្ទៃ (ករណីមិនទាន់សម្រាល)។ របបអាហារ និងការប្រើឱសថ គួរប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីតាមដានសុខភាព។
៣-ពាក់ព័ន្ធលំនៅដ្ឋាន
លំនៅដ្ឋានគួរសម្អាតឲ្យបានស្អាត ប្រកបដោយផាសុកភាព ពិសេសត្រូវចាប់អារម្មណ៍ចំពោះបន្ទប់ដេកគួរបិទរូបក្មេងស្អាតៗ បន្ទប់គួរលាបពណ៌ពងមាន់ ពណ៌ផ្ទៃមេឃស្រាល ឬពណ៌ស៊ីជម្ពូជាដើម។ ទាំងនេះគឺរួមចំណែកឲ្យម្ដាយមានអារម្មណ៍ល្អស្រស់ថ្លា។
៤-កត្ដាសង្គម
ក្មេងទើបនឹងកើត និងមិនទាន់ដឹងក្ដី ពុំទាន់ឆ្លងផុតដំណាក់កាលនៃការពត់និស្ស័យទេ។ ដូច្នេះកត្ដាជុំវិញ ដែលក្មេងបានជួប បានឮ បានឃើញនូវឥរិយាបថ រឿងភាពយន្ដ សកម្មភាពទាំងឡាយរបស់មនុស្សក្នុងសង្គម។ ក្នុងនោះរួមទាំងឪពុកម្ដាយ ញាតិសន្ដាន និងអ្នកដទៃ ពិសេសអ្វីដែលនៅក្បែរ និងដក់ជាប់ក្នុងអារម្មណ៍ ជាចំណែកមួយនៃការបណ្ដុះនិស្ស័យរបស់ក្មេង។
ប្រការចាំបាច់គួរចៀសវាង
ថ្វីត្បិតកូនក្នុងផ្ទៃពុំទាន់ឃើញពន្លឺថ្ងៃ ក្មេងទើបកើតពុំអាចហាស្ដី ឬពុំអាចវិភាគអ្វីបាន ប៉ុន្ដែទារក ឬក្មេងអាចទទួលឥទ្ធិពល គ្រប់យ៉ាងដែលម្ដាយបានជួប ឬវាផ្ទាល់បានប្រទះ។ ដូច្នេះព្រឹត្ដិការណ៍ខ្លះដែលមិនគួរភពប្រសព្វ គឺជម្លោះផ្សេងៗ មិនគួរទៅសួរសុខទុក្ខ ឬទៅទីកន្លែងមានអ្នកជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់អារម្មណ៍ មិនគប្បីមើលហេតុការណ៍រន្ធត់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាដើម។ មិនគួរមើលទូរទស្សន៍ ឬវីដេអូប្រភេទរឿងខ្មោច រឿងធ្វើទារុណកម្ម រឿងកាចសាហាវ មានកាត់ក្បាល ខ្វេះភ្នែក ឬរឿង ដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញពោរពេញដោយការឈឺចាប់ និងទុក្ខសោកសៅនោះទេ។
ដំបូន្មានអ្នកផ្ដល់ប្រឹក្សា
គូស្វាមី ភរិយាគ្រប់គ្នាតែងតែប្រាថ្នាមានបុត្រដែលឆ្លាតវៃ មានសុខភាពល្អទាំងកាយទាំងចិត្ដ ស្លូតបូត ស្របតាមគន្លងធម៌។ ប៉ុន្ដែឪពុកម្ដាយស្ទើរមួយរយភាគរយមិនសូវយកចិត្ដទុកដាក់ ឬគិតគូរលើការអប់រំតាំងពីក្នុងផ្ទៃនោះទេ។ លុះកូនកើតមកធំដឹងក្ដីមិនឆ្លាត មិនស្ដាប់ការទូន្មាន ទើបមានវិប្បដិសារី។ ដូច្នេះអាណាព្យាបាលគ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ ជាពិសេសចំពោះទារកតាំងពីក្នុងឧទរ(ផ្ទៃពោះ)រហូតពេញវ័យ ទើបការបណ្ដុះពូជធនធានមនុស្សម្នាក់មានសុពលភាពស្របតាមក្ដីប្រាថ្នា៕