នៅពេលដែលយើងឮ ឬឃើញ គេរាំនូវចង្វាក់រាំមួយបែប ដែលខ្មែរយើងហៅថា ចង្វាក់រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ និងឡាំលាវ យើងពិតជាគិត និងច្បាស់ក្នុងចិត្តថា ក្បាច់រាំទាំងនេះ គឺជាក្បាច់រាំរបស់ខ្មែរយ៉ាងពិតប្រាកដ លើកលែងតែក្បាច់រាំដូចជា ម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬឆាឆាចេញ។
ក្បាច់រាំទាំងនេះ ក៏មានការភ័នច្រឡំដែរថា គឺជាចង្វាក់រាំ ដែលខ្មែរយើងខ្លួនឯងជាអ្នកបង្កើតឡើង ប៉ុន្តែក្រោយពីបានជួប និងសាកសួរសាស្ត្រា និងរៀមច្បង នៅសាលាវិចត្រមួយចំនួនមកទើបដឹងថា ក្បាច់រាំរបស់ខ្មែរស្ទើរតែទាំងអស់មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើងបានយកចេញពីរបាំអប្សរា មកច្នៃឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។
ជាមួយគ្នានេះដែរចំពោះ ក្បាច់រាំ ដូចជា ចង្វាក់រាំវង់ សារ៉ាវ៉ាន់ និងឡាំលាវ គឺចាស់ៗខ្មែរយើងពីដើមបានយកបទរបស់ឡាវ (ពីដើមគេហៅថាលាវ) នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។ មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយដោយគ្រាន់តែខ្មែរយើង មានបទពិសោធពីកែអាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ ខ្មែរយើងច្នៃល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។
លោកសាស្ត្រាខ្លះបាននិយាយថា ដោយសារតែមូលហេតុហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះមានឈ្មោះថា រាំសារ៉ាវាន់និងរាំឡាំលាវ គឺមកពីពាក្យដើមជាភាសាឡាវ ឬឡាំថូន ដែលមានន័យថា រាំតាមសំឡេងភ្លេង (ថូន tone)។
ទោះជាយ៉ាងនេះក្តី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំ ទាំងនេះត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណា នោះទេ ប៉ុន្តែតាមរយៈល្ខោនប្រម៉ោទ័យ ដែលបង្កើតឡើងដោយលោកយាយ ម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ៥០ ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង (អាយុប្រហែល៧ឆ្នាំ) ហើយលោកយាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្ត្រីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយ គឺជាជនជាតិឡាវ (លាវ) ទេ មិនមែនជាកូនខ្មែរសុទ្ធទេ។
ជាមួយគ្នានេះដែរ ការកើតឡើងនូវចង្វាក់ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ នេះ គឺវាតំណាលគ្នានឹងការកើតឡើង នូវវង់តន្ត្រីសម័យរបស់ខ្មែរ ដែលមានលោក មែរ ប៊ុន លោក សុះ ម៉ាត់ លោក ស៊ីន ស៊ីសាមុត និងអ្នកចម្រៀង អ្នកតន្ត្រីដ៏ល្បីឈ្មោះជាច្រើនទៀតដែរ។
តាមប្រសាសន៍ព្រឹទ្ធាចារ្យលោកតា ឆេង ផុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឲ្យដឹងកាលពីឆ្នាំ២០០៦ថា កាលលោកនៅជាប្រធានសិល្បៈសមាគមអាស៊ាន ប្រទេសវៀតណាម ដោយមើលឃើញចង្វាក់រាំរបស់ខ្មែរ មើលទៅសប្បាយ និងល្អម្យ៉ាង បានស្នើមកលោកក្នុងបំណងចង់បង្កើតចង្វាក់ រាំវង់ រាំក្បាច់ និង ឡាំលាវ នេះដែរ ប៉ុន្តែលោកបានបដិសេធថា ប្រទេសយើងមិនធ្លាប់មានមិនគួរឲ្យមានទេ។ ឯប្រទេសគេដែលមានហើយឲ្យគេមានចុះ៕ កំណត់ត្រាខ្មែរ