ភ្នំពេញ ឬ​ភ្នំ​បឹង​

, , Leave a comment

​ភ្នំពេញ គឺជា​ទីក្រុង ឬ​គេ​ហៅថា ជា​បេះដូង​តែមួយគត់ និង​ធំជាងគេ​របស់​ខ្មែរ​។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បង្ហាញថា ភ្នំពេញ​នេះ​ជា​ឈ្មោះ​ទីក្រុង​ដែល​យកតាម​ឈ្មោះ​របស់​ដូនជី មេម៉ាយ​ស្តុកស្តម្ភ​ម្នាក់ ព្រះនាម​ពេញ ហើយ​វា​បាន​កើតឡើង​តាំងពី​ប្រហែល ៦០០​ឆ្នាំមុន ដែល​កាលណោះ​ព្រះមហាក្សត្រ​ខ្មែរ​ឲ្យ​ឈ្មោះ​ទីក្រុង​នេះ​ថា ទីក្រុង​ចតុមុខ​។​

 

​តាម​ប្រវត្តិ​នៃ​រឿងព្រេង​ខ្មែរ បានសរសេរថា លោកយាយ​ពេញ បាន​រើស​គគី​អណ្តែត​ទឹក​មួយ​ដើម ដែលមាន​ព្រះ​បដិមា ចំនួន​ប្រាំ​ព្រះអង្គ​។ បន្ទាប់មក​លោកយាយ​ឲ្យ​គេ​ជីកដី​លើក​ទួល​សង់​ព្រះវិហារ ដើម្បី​តម្កល់​ព្រះ​បដិមា​ទាំងនេះ ទុកជា​ទីសក្ការៈ​។ ពុំមាន​ប្រភព​ផ្សេងទៀត​សម្រាប់ធ្វើ​ការស្រាវជ្រាវ​អំពី​ប្រវត្តិ នៃ​ទីក្រុង​ភ្នំពេញ​ក្រៅ​អំពី​ឈ្មោះ​លោកយាយ​ពេញ​នេះ​ទេ ហើយ​ពេល​ថ្មីៗ នេះ សាលា​រាជធានី​បាន​សង់​រូបសំណាក​លោកយាយ​ពេញ​ទុកជា​រំ​ឮ​ក​អនុស្សាវរីយ៍​។​

 

​ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក ឡុង សៀម បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ បាន​ឲ្យ​ដឹងថា លោក​មិនទាន់​ឯកភាព ឬ​យល់ស្រប​ទៅនឹង​ប្រវត្តិ​រឿងព្រេង​របស់​ខ្មែរ​ថា ភ្នំពេញ កើតឡើង​តាម​ឈ្មោះ​ដូនជី​ម្នាក់​ឈ្មោះ​ពេញ​នេះ​ទេ​។ លោក​បណ្ឌិត​បាន​បន្តថា បើតាម​ទីតាំង​ភូមិសាស្ត្រ​របស់​ទីក្រុង​ធ្វើ​ឲ្យ​លោក​យល់ថា ពាក្យ​ថា​ភ្នំពេញ​នេះ អាច​កើត​មកពី​ពាក្យ​ភ្នំ​បឹង ឬ​ភ្នំ​ដែល​ព័ទ្ធជុំវិញ​ទៅដោយ​បឹង​។​

 

​លោក​បណ្ឌិត​សាស្ត្រាចារ្យ​បញ្ជាក់ថា កត្តា​ភូមិសាស្ត្រ ទើប​អាចធ្វើ​ឲ្យ​យើង​វិនិច្ឆ័យ​បាន​ដូចជា នៅ​ភ្នំពេញ​នេះ មាន​សង្កាត់​ជាច្រើន ប្រើពាក្យ​បឹង និង​អូរ ដូចជា បឹងទំពុន បឹង​ព្រលឹត បឹង​កេងកង បឹងរាំង បឹងត្របែក ឬ​អូរ​ឬ​ស្សី អូរ​ឡាំ​ពិ​ក បាក់​ទូក ទួ​ក​គោក ទួល​ទំពូង ជាដើម​។ លោក​ថា កត្តា​ទាំងនេះ​អ្នកសិក្សា​គួរតែ​បន្ត​សិក្សា​បន្តទៀត មិនគួរ​បញ្ចប់​តែត្រឹម​នេះ​ទេ​។​

 

​លោក​បន្តថា លោក​ទទួលស្គាល់ថា រឿងព្រេង​វា​គ្រាន់តែ​ជា​រឿងព្រេង​ទេ តែ​កត្តា​វិទ្យាសាស្ត្រ គឺជា​កត្តា​ផ្សេង​។ លោក​ក៏បាន​អះអាង​ការពារ​ហេតុផល​របស់លោក​ទៀត​ថា ការដែល​លោក​អះអាង​បែបនេះ គឺ​សម្អាង​ទៅលើ​ការប្រែប្រួល​នៃ​ភាសា​ខ្មែរ ដែល​កាលពីដើម​ខ្មែរ​និយាយ​ពាក្យ ឆី ជំនួស​ស៊ី តែ​ក្រោយមក​ក្លាយ​ពាក្យ​ឈី ដែល​ពាក្យ​នេះ​នៅមាន​ប្រើ​នៅ​តំបន់​មួយចំនួន​នៃ​ខេត្តតាកែវ និង​កំពត ទៅ ឆ្រែ ឆ្រូត ឆ្រូ​វ ហើយ​ក្រោយមក​ពាក្យ​ឈី​នេះ​ក៏​ក្លាយទៅជា​ស៊ី​តែម្តង​។ ឯ​ពាក្យ​ថា​ភ្នំពេញ​នេះ​ប្រហែល​មកពី​ពាក្យ​ភ្នំ​បឹង ឬ​ភ្នំ​ដែល​ព័ទ្ធជុំវិញ​ទៅដោយ​បឹង (​បឹង​កេងកង បឹងកក់ បឹងទំពុន បឹងត្របែក​។​ល​។​) លុះ​ក្រោយមក​ពាក្យ​បឹង​នេះ​អាច​ក្លាយទៅជា​ពេញ​ទៅវិញ​។​

 

​ការលើកឡើង​របស់លោក​បណ្ឌិត​សាស្ត្រាចារ្យ ពិតជា​អាច​ទទួលយកបាន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ភូមិសាស្ត្រ ដែល​និស្សិត ឬ​អ្នកប្រាជ្ញ​ខ្មែរ គួរតែ​ស្រាវជ្រាវ​បន្តទៀត​។ នេះ​គ្រាន់តែ​ជាការ​លើកឡើង​ដើម្បី​ចែករំលែក​បទពិសោធ និង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​ប៉ុណ្ណោះ​។ យើង​គ្មាន​បំណង កាលៃ​ប្រវត្តិសាស្ត្រ​ទេ​៕ កំណត់ត្រា​ខ្មែរ​
​លិខិត​មិត្ត​អ្នកអាន​

21-8-2015 21-8-2015 (1) 21-8-2015 (2) 21-8-2015 (3)

 

Leave a Reply

(*) Required, Your email will not be published