រាជធានីភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យសភាជប៉ុនជួយដល់កម្ពុជាក្របខណ្ឌមហាអនុមេគង្គ ជប៉ុន ដែលកម្ពុជាកំពុងត្រូវការជាចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងជំនួបជាមួយលោកWatanabe Miki សមាជិករដ្ឋសភា និងជាអគ្គនាយកអង្គការ School Aid Japan នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ទាប់ពីជំនួបនោះថា ៖ «ពាក់ព័ន្ធទៅនឹងការស្វែងយល់ពីតម្រូវការរបស់កម្ពុជាដែលសភាជប៉ុនអាចជួយក្នុងក្របខណ្ឌមេគង្គនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសភាជប៉ុនអាចជួយ៖ គឺទី១-ជួយដល់ការអភិវឌ្ឍធនធានមនុស្ស ទី២-ការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងប្រទេសនិងក្នុងក្របខណ្ឌមេគង្គ ទី៣-ការអភិវឌ្ឍន៍វិស័យកសិកម្មដោយបន្តការយកចិត្តទុកដាក់លើការដោះស្រាយទឹកសម្រាប់ស្រោចស្រប់ ទី៤-ការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺគ្រុនចាញ់ និងទី៥-ការបំផ្លាញ់ចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងន័យនេះសម្តេចស្នើដល់សភាជប៉ុនជួយលើវិស័យអាទិភាពទាំងនោះ។
ក្នុងជំនួបពិភាក្សាគ្នានោះ លោក Watanabe Mikiមានប្រសាសន៍ថា ៖ បេសកកម្មរបស់ លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺ ដើម្បីចូលរួមក្នុងពិធីសម្ពោធសាលា និងដើម្បីពង្រឹងនូវទំនាក់ទំនងរវាងសភាជប៉ុន និងសភាកម្ពុជា។ តាមរយៈកិច្ចសន្ទនាគ្នានោះលោកបានសុំនូវការស្វែងយល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនូវអ្វីដែលសភាជប៉ុនអាចជួយដល់កម្ពុជាជាពិសេសក្នុងក្របខណ្ឌនៃមហាអនុតំបន់មេគង្គ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះអង្គការ School Aid Japan ដែលបានជួយសាងសង់សាលារៀនជាង២០០ខ្នងដល់កម្ពុជា។ សម្តេចតេជោបន្តថា នោះគឺជាការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាពោលគឺបើមិនមានសាលារៀននោះទេ គឺពិតជាមិនអាចបណ្តុះបណ្តាលធនធានមនុស្សបានដែរ។ សម្តេចតេជោបន្តថា ការសាងសង់សាលាក្នុងប្រទេសកម្ពុជា មាន៣ប្រភេទ គឺទី១-ការប្រើប្រាស់នូវថវិការបស់រដ្ឋ ទី២-ការប្រើប្រាស់នូវថវិកាកម្ចីពីស្ថាប័នហិរញ្ញវត្ថុ និងទី៣-តាមរយៈការចូលរួមចំណែកពីសំណាក់សប្បុរសជននានាក្នុងនោះសប្បុរសជនជប៉ុនបានចូលរួមចំណែកជួយច្រើនជាងគេលើការសាងសង់សាលារៀននៅកម្ពុជា។ សម្តេចតេជោបន្តថា អ្នកមានធនធានប្រជាពលរដ្ឋ និងព្រះសង្ឃបានចូលរួមចំណែកយ៉ាងច្រើនដល់ការសាងសង់សាលារៀននៅកម្ពុជា៕

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister