វិប្បដិសារី​យុវតី​ចំណាកស្រុក​

, , Leave a comment

 

​រាជធានី​ភ្នំពេញ : ដោយសារតែ​ការធ្វើ​ចំណាកស្រុក ឃ្លាតឆ្ងាយ​ពី​ការអប់រំ​របស់​ឪពុកម្តាយ​មករក​ការងារ​ធ្វើ​ក្នុង​ភាព​ក្មេង​វ័យ​ពេក​បាន​បណ្តាល​ឲ្យ​យុវតី​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដ៏​សែន​ជ្រាលជ្រៅ​របស់​ព្រាននារី​ម្នាក់​។ បន្ទាប់ពី​ដឹងថា ត្រូវ​ព្រាននារី​បោកប្រាស់ ហើយ​នោះ នាង​ក៏​សម្រេចចិត្ត​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ព្រហ្ម​លិខិត​នៅតែ​តាម​ញាំញី​នាង​ឥត​ត្រា​ប្រណី បណ្តាល​ឲ្យ​នាង​មាន​ជំងឺ ត្រូវ​ក្រុមហ៊ុន​បញ្ជូន​ត្រឡប់មក​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​វិញ និង​បន្តទៅ​វះកាត់​នៅ​ប្រទេស​វៀតណាម​។ ពេលនេះ​នាង​បានជា​សះស្បើយ​ដូច​ធម្មតា​វិញ​ហើយ និង​សូម​ប្រកាស​ផ្តាំផ្ញើ​ពាក្យពេចន៍​ទៅកាន់​យុវតី​ទាំងឡាយ​ដែល​ធ្វើ​ចំណាកស្រុក​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​មករក​ការងារ​ធ្វើ សូម​ប្រយ័ត្ន​ចាញ់បោក​ប្រុស​ព្រាន​ដូចជា​រូបនាង​ទៀត​។ ខាងក្រោម​នេះ​ជា​ខ្សែជីវិត​ដែល​ល្វីង​ជូរចត់​របស់​នាង​។​

20-8-2015 (1)

រូបភាព​ ៖ បណ្តាញ​សង្គម

​ចិន្តា [​ឈ្មោះ​អ្នកនិពន្ធ​សារព័ត៌​មានកំណើត​ថ្មី​ដាក់​ឲ្យ​] មាន​ស្រុកកំណើត​នៅ ខេត្តកណ្តាល មាន​បងប្អូន បួន​នាក់ (​ប្រុស​បីនាក់ ស្រី​ម្នាក់​) និង​ជា​កូន​ទី​បី​របស់​គ្រួសារ​កសិករ​មួយ​ដែលមាន​ជីវភាព​ធូរធារ​គួរសម​។​

 

​នាង​បាន​រៀបរាប់ថា ដោយសារតែ​ចង់​យឹតយោង ក្រុមគ្រួសារ​ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត នោះ​នាង​ក៏បាន​សម្រេចចិត្ត​សុំ​ឪពុកម្តាយ​ធ្វើ​ចំណាកស្រុក​មករក​ការងារ​ធ្វើជា​កម្មការិនី នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅក្នុង​ទឹកដី​នៃ​រាជធានី​ភ្នំពេញ ដោយ​កាលនោះ​នាង​ទើបតែ​អាយុ​បាន​១៨​ឆ្នាំ​ប៉ុណ្ណោះ​។​

 

​ចិន្តា​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ កាត់ដេរ​រយៈពេល​ពីរ​ឆ្នាំ ពេលនោះ​នាង​អាយុ​២០​ឆ្នាំ​ហើយ ស្រាប់​តែមាន​យុវជន​ម្នាក់​ដែល អាយុ​ច្រើនជាង​នាង​ពីរ​ឆ្នាំ ជា​អ្នកមាន​រស់នៅ ក្បែរ​រោងចក្រ​កាត់ដេរ​ដែល​នាង​ធ្វើការ​រាល់ថ្ងៃ​នោះបាន​មកសុំ​ស្រឡាញ់​នាង​។ ដោយសារតែ​យុវជន​នោះ មាន​រូបរាង​ស្រស់​សង្ហា វោហារ​ផ្អែមល្ហែម និង​ប៉ិនប្រសប់​ក្នុង​ការរៀប​ពាក្យ​និយាយស្តី​សុំ​ស្នេហ៍​ពី​នាង​នោះ​បានធ្វើ​ឲ្យ​នាង​លង់​នឹង​សម្រស់ ថ្លោះធ្លោយ​ប្រគល់​បេះដូង​ទៅ​ឲ្យ​គេ​ដោយ​ពុំបាន​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ថា ជា​ព្រាននារី ឬក៏​ជា​សុភាពបុរស​នោះទេ​។​

 

​នាង​បាន​និយាយទៀតថា ចាប់តាំងពី​ថ្ងៃ​ដែល​នាង​បានប្រគល់​បេះដូង​ទៅ​ឲ្យ​សង្សារ​រួចមក នាង​មាន​ភាពកក់ក្តៅ​នៅក្នុង​ជីវិត​របស់​នាង​ណាស់ ដែល​អ្វីៗ​ទាំងនោះ​មិន​ធ្លាប់មាន​ពីមុនមក​ទេ​។ ទាំងពីរ​នាក់​ស្រឡាញ់គ្នា​ណាស់ បាត់​មុខ​គ្នា​មួយថ្ងៃ មិនបាន​រហូត​ធ្វើ​ឲ្យ​កម្សួល​នៃ​សេចក្តីស្នេហា​នេះ​ឆាបឆេះ​សន្ធោសន្ធៅ​ក្លាយទៅជា​ភ្លើង​ស្នេហ៍​មួយ​ដែល​ដើរ​ហួស​គន្លង​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​។ ពេលនោះ ចិន្តា ភ័យ​ផង អរ​ផង ខុសប្លែក​ពី​ពេលដែល​មិនទាន់មាន​ស្នេហា នាង​អរ ព្រោះ​មាន​ភាពកក់ក្តៅ​ខុសពី​ធម្មតា នាង​ភ័យខ្លាច​ដឹង​ដំណឹង​ដល់​ឪពុកម្តាយ​។​

 

​ថ្ងៃមួយ ចិន្តា បាន​និយាយ​លួងលោម សង្សារ​ឲ្យ​ចូល​ស្តីដណ្តឹង​នាង​រៀបការ​ទៅតាម​ប្រពៃណី តែ​គេ​បាន​បដិសេធ​ដោយនិយាយ​យក​លេស​ថា “​ឲ្យ​បង​រៀបការ​ជាមួយ​អូន​ម្តេច​កើត បើ​បង​ពុំទាន់​មានការ​ងារ​ធ្វើ​ផង​!” ។ ចំណែក​នាង​វិញ​ដោយ​ចង់ដឹងថា គេ​មានចិត្ត​ស្មោះ​ជាមួយ នាង​ដែរ​ឬ​អត់​នោះ​នាង​បាន​កុហក​គេ​ថា “​នាង​មានកូន​នៅក្នុង​ផ្ទៃ​ហើយ តើ​ត្រូវ​គិត​យ៉ាងណា​?”​។​

 

​នៅពេលដែល​គេ​ដឹងថា នាង​មានកូន​ក្នុង​ផ្ទៃ​សង្សារ​របស់​នាង​បាន​ខិតខំ​យកចិត្តទុកដាក់​ជាមួយ​នាង​ណាស់ គេ​ពុំដែល​ហ៊ាន​ដើរចោល​នាង​ទេ ហើយ​គេ​បាន​ទៅប្រាប់​ឪពុកម្តាយ​គេ​ឲ្យ​ចូល​ស្តីដណ្តឹង​នាង តែ​ឪពុកម្តាយ​គេ​បានប្រកែក​ដាច់អហង្ការ​ថា “​បើ​គេ​នៅតែ​រឹង​ស្រឡាញ់​នាង ដោយ​ចចេស​ចង់យក​នាង​ធ្វើជា​ប្រពន្ធ​ទៀត​នោះ គឺ​ប្រាកដជា​អស់​ម៉ែ​អស់​កូន​ទៀតហើយ​”​។ ពេល​បានទទួល​ដំណឹង​តាមរយៈ​ការរៀបរាប់ និង​ការ​សម្រក់​ទឹកភ្នែក​របស់​សង្សារ ធ្វើ​ឲ្យ​នាង​មានការ​ពិបាកចិត្ត នឹក​អាណិត​សង្សារ​យ៉ាងខ្លាំង​។​

 

​នៅ​ទីបំផុត​នាង​ក៏​សម្រេចចិត្ត​និយាយ​ទៅកាន់​សង្សារ​ថា “​សូម​បង​តាម​ម្តាយ​បង​ចុះ ព្រោះ​គាត់​ជា​អ្នកមានគុណ មិន​ងាយ​រក​ទេ​ចំណែក​ខ្ញុំ​ជា​ស្រី​ដែល​ត្រូវជា​សង្សារ​រក​ប៉ុន្មាន​ទៀត​ក៏បាន​ដែរ​”​។ គាត់​នៅ​ទ្រឹង​ស្ងៀម​មួយសន្ទុះ​ទើប​សួរ​ខ្ញុំ​វិញ​ថា “​ចុះ​អូន​វិញ​គិត​យ៉ាងណា ?” ពេលនោះ​នាង​បាន​ឆ្លើយថា “​អូន​នឹង​ទៅ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​បង !” គេ​ក៏​សួរ​ទៀតថា “​អូន​ទៅណា​?” នាង​ឆ្លើយតប​វិញ​ថា “​បង​កុំ​បារម្ភ​អ្វី អូន​មិន​ថ្វី​ទេ​” ។ នាង​គ្រាន់តែ​និយាយ​ឲ្យ​ផុតពី​មាត់ តែប៉ុណ្ណោះ​ចំណែក​ក្នុង​ចិត្ត​វិញ​នាង​បាន​គិតទុក​រួចជាស្រេច ថា ក្នុង​មួយជីវិត​នេះ​បើ​គ្មាន​រូបគេ​ទេ នាង​ប្រាកដ ជា​ពិបាក​នឹង​រស់នៅ​ណាស់​។​

 

​មិត្តភក្តិ​របស់​នាង​បានដឹង​រឿងរ៉ាវ​ស្នេហា​របស់​នាង​គ្រប់ៗ​គ្នា ពួកគេ​មិន​ចង់​ឲ្យ​នាង​ទៅ​ឆ្ងាយ​ទេ ម្នាក់ៗ​បាននាំគ្នា​និយាយស្តី​បន្ទោស​សង្សារ​នាង​ថា ជា​មនុស្ស​ប្រុស​ម្នាក់​មិន​ទទួលខុសត្រូវ​ទង្វើ​ដែល​ខ្លួន​បានធ្វើ​មិន​សមជា​កូនប្រុស​ទេ ។ ពេលឮ​សម្តី​មិត្តភក្តិ​របស់​នាង​និយាយ​បែបនេះ គេ​អង្គុយ​សញ្ជឹងគិត​យ៉ាងយូរ ហើយ​ពេលនោះ​មិត្តភក្តិ​របស់​នាង​បាន​បន្ត សម្តី​បន្ថែមទៀតថា បើ​គ្មាន​ឯង​ទេ ចិន្តា ប្រហែលជា​ស្លាប់​ហើយ ព្រោះ​នាង​មានការ​អៀនខ្មាស​អ្នកជិតខាង​ខ្លាំងណាស់ ជាពិសេស​ទៅទៀត​គឺ​គេ​ស្រឡាញ់​ឯង​ស្ទើរ​ឆ្កួត​ទៅហើយ​។​

 

​មិត្តភក្តិ​របស់​នាង​គ្រប់ៗ​គ្នា​បាន​ផ្តល់យោបល់​ថា បើ​ស្រឡាញ់ ចិន្តា ពិត​ពួកយើង​នឹង​ជួយ​ឲ្យ​បាន​រៀបការ​ជាមួយគ្នា ចំណែក​ម្តាយ​ឲ្យ​គាត់​ខឹង សិន​ចុះ​ចាំ​ពួក​ឯង​រៀបការ​រួច​រកស៊ី​មានបាន​ចាំ មកសុំ​ទោស​គាត់​ជា​ក្រោយ ដល់ពេល​នោះ​គាត់ ប្រហែលជា​បាត់​ខឹង​ហើយ​។ ឮ​បែបនេះ​គេ​នៅ​ស្ងៀម​មួយសន្ទុះ ហើយក៏​សុំ​លា​ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​និយាយ​ជាមួយ​ឪពុកម្តាយ​គេ​ជាថ្មី​ម្តងទៀត​។​

 

​ចាប់ពីពេលនោះ​មក​សង្សា​រ​របស់​នាង​ទៅ​បាត់​រហូត​ដូច​ទៅសុំ​ភ្លើង​យក្ស​ទូរស័ព្ទ​ក៏​លែង​ចូល​នាង​មិនដឹង​គិត​យ៉ាងណា​គិតតែ​ពី​យំ ហើយ​គិតក្នុងចិត្ត​ថា ពេលនេះ​នាង​គ្មាន​នៅសល់​អ្វី​ទៀត​ទេ នាង​ក៏​សម្រេចចិត្ត​ប៉ុនប៉ង​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំភ្លេច​រឿងរ៉ាវ​ទាំងអស់នេះ​។ ចៃដន្យ​អ្វី​រឿងរ៉ាវ​នេះ​បានដឹង​ទៅដល់​ឪពុកម្តាយ​របស់​នាង​នៅឯ​ស្រុក ព្រោះ​មិត្តភក្តិ​របស់​នាង​បាន​ទូរស័ព្ទ​ទៅប្រាប់ ហើយ​ពួកគាត់​ក៏បាន​រូតរះ​ឡើងមក​យក​នាង​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ពាក់​កណ្តាលអធ្រាត្រ​។​

 

​រាត្រី​នោះ​មនុស្សម្នា​ក្នុង​ក្រុមគ្រួសារ​របស់​នាង​គ្មាន​នរណាម្នាក់​បាន​ដេក​ពួន​នោះទេ ព្រោះ​នាង​បាន​អង្វរករ​ពួកគេ​ទាំង​ឪពុកម្តាយ​បងប្អូន​ឲ្យ​ទៅ​ជួយ​និយាយ​សម្របសម្រួល​ខាង​ក្រុមគ្រួសារ​សង្សារ ព្រោះ​នាង​ស្រឡាញ់​រូបគេ​ខ្លាំងណាស់ ។ ដោយសារតែ​អាណិត​ស្រឡាញ់​កូន ព្រឹក​ថ្ងៃស្អែក​ឡើង ឪពុកម្តាយ​របស់​នាង​បាន​កាត់​កេរ្តិ៍​កាត់​ខ្មាស ធ្វើដំណើរ​ទៅផ្ទះ​យុវជន នោះ​ជួប​ជាមួយ​ឪពុក ម្តាយ​គេ ដើម្បី​ពិភាក្សា​ពី​បញ្ហា​រឿង​ស្នេហា​របស់​កូន​។​

 

​ដំបូង​ឡើយ ម្តាយ​ឪពុក​គេ​ព្រម​ឲ្យ​នាង​ត្រេកអរ​យ៉ាងខ្លាំង តែ​មិនបាន​ប៉ុន្មាន​ផង យុវជន​នោះ​បែរជា​ប្រែ​ក្រឡាស់ សម្តី​មិន​ព្រម​រៀប ការ​ទៅវិញ ដោយ​គេ​និយាយ​យក​លេស​ថា នាង គឺជា​មនុស្ស​កុហក​បោកប្រាស់​។ ចិន្តា​ខិតខំ​ស្វែងរក​យុវជន​នោះ​ដើម្បី និយាយ​ឲ្យ​គេ​បាន​យល់​នូវ​ការពិត​ពី​ជម្រៅ​ដួងចិត្ត​របស់​នាង​ដែល​ខិតខំ​ស្រឡាញ់​គេ​យ៉ាង​ស្មោះ ប៉ុន្តែ​គ្មាន​ប្រយោជន៍ និង​មិនបាន​ជួប​គេ​ទាល់តែសោះ ហើយ​ត្រូវ​ម្តាយ​យុវជន​នោះ​ជេរប្រទេច​ផ្តាសា​ថែមទៀត​។ យុវជន​ដែល​ត្រូវជា​សង្សារ​របស់​នាង​បាន​ព្យាយាម​គេច​ពី​នាង​រហូត ហើយ​គេ​បាន​ផ្តាំផ្ញើ​តាម​អ្នកដទៃ​ថា គេ​មិន​ស្រឡាញ់​នាង​ទេ ព្រោះ​គេ​មាន​មនុស្ស​ដែល​ស្រឡាញ់​រួចទៅហើយ​។ ពេលឮ​ពាក្យសម្តី​ផ្តាំផ្ញើ​របៀបនេះ​ធ្វើ​ឲ្យ​នាង មានការ​ឈឺចាប់​យ៉ាងខ្លាំង អារម្មណ៍​របស់​នាង មានការ​ភ្លេចភ្លាំង​គ្រប់គ្រង​លែង​បាន នាង​ស្ទើរ​ឆ្កួត​ម្តងៗ​។ ចំណែក​ឪពុកម្តាយ​នាង​មានការ​ព្រួយបារម្ភ​ខ្លាច​នាង​គិត​ខ្លី​ធ្វើអត្តឃាត ពួកគាត់​ចេះតែ​តាម​អង្វរ​នាង​រហូត​។​

 

​មួយរយៈ​ក្រោយ មក​នាង​គិតថា បើ​នាង​រវល់​តែ​នៅផ្ទះ​ប្រាកដ ជា​លែង​បាន​ជួប​សង្សារ​នាង​រហូត​ហើយ ទើប​នាង​សម្រេចចិត្ត​សុំ​ឪពុកម្តាយ​ឡើងមក​រៀន​កាត់សក់​នៅ​ផ្សារកណ្តាល​វិញ​ក្រែង​មានឱកាស​បាន​ជួប​សង្សារ​បណ្តូលចិត្ត​។​

 

​ចិន្តា បាន​ព្យាយាម​រិះរក​គ្រប់​វិធី​ដើម្បី​បាន ស្វែងរក​ជួប​សង្សារ​តែ​គេ​មិន​ព្រម​ឲ្យ​នាង​ជួប​ទាល់តែសោះ នាង​ទ័ល​តម្រិះ​ក៏ សម្រេចចិត្ត​ដាក់ ពាក្យសុំ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី បំភ្លេច​ស្រមោល​អនុស្សាវរីយ៍​ដ៏​សែន​ឈឺចាប់ ដែល​ចេះតែ​លងបន្លាច​នាង​ជា​រៀងរហូត​នោះ ។ សេចក្តី​ព្យាយាម​បាន​ដូច​បំណង​នាង​បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តែ​កម្ម​ពៀរ​ចង្រៃ​នៅតែ​តាម​ផ្តន្ទា​នាង​រហូត មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​នាង​មាន​ជំងឺ​ម្យ៉ាង​ត្រូវ​វះកាត់​។ នៅ​ទីបំផុត​ម្ចាស់ផ្ទះ​ដែលជា​ជនជាតិ​ម៉ាឡេស៊ី​នោះ ព្រមទាំង​ក្រុមហ៊ុន​ក៏បាន សម្រេច​បញ្ជូន​នាង​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​មក​ប្រទេស​កម្ពុជា​វិញ​។ បន្ទាប់មក​នាង​ត្រូវ​ក្រុមគ្រួសារ​នាំមក ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ដោយ​សភាព​ជំងឺ​ធ្ងន់ ក្រុមគ្រួសារ​របស់​នាង​ក៏បាន​បញ្ជូន​នាង​ទៅ​ព្យាបាល និង​វះកាត់​នៅ​ប្រទេស​វៀតណាម​។ រហូតដល់​ពេលនេះ នាង​បានជា​សះស្បើយ​ឡើង វិញ​ហើយ និង​ប្រកបការងារ​ជាធម្មតា​។​

 

​ជា​ចុង​ក្រោយនេះ ចិន្តា សូម​ផ្ញើ​ពាក្យសម្តី​ទៅកាន់ យុវតី​ទាំងឡាយ​ដែល​ធ្វើ​ចំណាកស្រុក​ឃ្លាតឆ្ងាយ ពី​ក្រុមគ្រួសារ​មករក​ការងារ​ធ្វើ សូម​ប្រយ័ត្នប្រយែង​កុំ​ចាញ់កល​ល្បិច​ប្រុស​ព្រាន​ដូចជា​រូបនាង​ទៀត “​ព្រោះ​វិបត្តិ​ស្នេហា​ពិបាក​ទ្រាំទ្រ​ណាស់ បើ​ជួប​ហើយ​ប្រាកដជា​គ្រាំគ្រា​អស់​មួយជីវិត​ជាក់​ជាមិនខាន​”៕

 

Leave a Reply

(*) Required, Your email will not be published