រាជធានីភ្នំពេញ : លោកវេជ្ជបណ្ឌិត មុំ គង់នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានជម្រាបនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងព័ត៌មាន។ នេះបើយោងតាមគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា តាមរយៈការស្ទង់មតិប្រជាជនកម្ពុជាស្តីពីគ្រឿងស្រវឹងក្នុងមនុស្សពេញវ័យលើសពី ៥០ភាគរយដែលធ្លាប់បាន ទទួលទានគ្រឿងស្រវឹង ហើយអ្នកប្រើប្រាស់គ្រឿងស្រវឹងទាំងនោះ គឺភាគច្រើនយុវជន។ ដោយពិនិត្យឃើញការកើនឡើងនៃចំនួនអ្នកប្រើប្រាស់គ្រឿងស្រវឹងនេះ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានខិតខំធ្វើការអប់រំនិងពន្យល់ដល់ប្រជាជនអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យមានជំងឺប្រមាណ២០០ប្រភេទ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាម បេះដូង ខួរក្បាល ជំងឺក្រិនថ្លើមជាដើម។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅកម្ពុជាគ្រឿងស្រវឹងជាមូលហេតុចម្បងទី២បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ ហើយរៀងរាល់ឆ្នាំត្រូវខាតបង់ថវិកាប្រមាណ៤៤លានដុល្លារអាមេរិកដោយសារគ្រោះថ្នាក់ចរាចរនេះ។
ជាមួយគ្នានេះដែរការសេពគ្រឿងស្រវឹងក៏នាំឲ្យកើតមានអំពើហិង្សាផ្សេងៗជាច្រើនទៀតនៅក្នុងគ្រួសារ និងជាមួយអ្នកដទៃផងដែរ។ ពាក់ព័ន្ធទៅនឹងបញ្ហាផ្សាយពាណិជ្ជកម្មអំពីគ្រឿងស្រវឹងដែលលោកវេជ្ជបណ្ឌិតបានលើកឡើងនោះលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹងគ្រឿងស្រវឹងក្រសួងព័ត៌មាន បានខិតខំធ្វើការហាមឃាត់ដល់វិទ្យុ និងទូរទស្សន៍ទាំងអស់ធ្វើការផ្សាយ ពាណិជ្ជកម្មក្នុងម៉ោងមាសពីម៉ោង៦ និង ៣០នាទីល្ងាចដល់ម៉ោង៨និង៣០ នាទីយប់។
ទន្ទឹមនេះក៏បានហាមមិនឲ្យផ្សាយពាណិជ្ជកម្មនូវសកម្មភាពណាមួយដែលជាការលើកទឹកចិត្តដល់អតិថិជនឲ្យចង់សេពគ្រឿងស្រវឹងពិសេសការទទួលរង្វាន់ពីការសេពគ្រឿងស្រវឹងហើយការចាប់ រង្វាន់ ឬការត្រូវរង្វាន់ពីការជាវស្រវឹងគឺយើង អនុញ្ញាតឲ្យផ្សាយតែពេលមានពិធីបុណ្យ ធំៗចំនួនបីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាក្រសួងព័ត៌មានមិនមានសិទ្ធិហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងនោះទេ ព្រោះវាមានការប៉ះពាល់ដល់ការផលិតកម្មវិធីផ្សេងៗរបស់ទូរទស្សន៍ឯកជននានា ដែលមានចំណូលមកពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះហើយយកទៅទប់ជាមួយ នឹងកម្មវិធីអប់រំ ឬក៏កម្មវិធីផ្សេងៗទៀតដែលមិនមានចំណូល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ប៉ុន្តែបើសិនជាច្បាប់ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះគឺក្រសួងនឹងអនុវត្តដោយហាមឃាត់វិទ្យុ និងទូរទស្សន៍ ទាំងអស់មិនឲ្យផ្សាយពាណិជ្ជកម្មអំពីគ្រឿងស្រវឹងនេះបាន ។ ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីគ្រប់គ្រងគ្រឿងស្រវឹងដែលក្រសួងសុខាភិបាលជាអ្នករៀបចំសេចក្តីពង្រាងនោះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានគាំទ្រឲ្យមានច្បាប់នេះហើយសូមឲ្យអ្នករៀបចំសេចក្តីព្រាងច្បាប់នេះពិនិត្យទៅលើផលប៉ះពាល់នៅពេលច្បាប់នេះចេញជាធរមានជៀសវាង នៅពេលមានច្បាប់នេះហើយមានជន ខិលខូចមួយចំនួនយកច្បាប់នេះទៅធ្វើជាអាជីវកម្មទៅលើអ្នកស្លូតត្រង់ និងប៉ះពាល់ទៅដល់វិស័យទេសចរណ៍ជាដើម៕
រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)