ហង់ ជួនណា​រ៉ុ​ន ៖ គណបក្ស និង​សមាគម គួរ​ស្នើ​ទៅ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អប់រំ​ទៅ​!

, , Leave a comment

​រាជធានី​ភ្នំពេញ : ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​គណ​បក្សនយោបាយ និង​សមាគម​មួយចំនួន ករណី​មិន​ឲ្យ​សមាគម អង្គការ និង​បុគ្គលិក​អប់រំ​ធ្វើ​សកម្មភាព និង​ឃោសនា​នយោបាយ នៅក្នុង​គ្រឹះស្ថាន​អប់រំ​នោះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រ​សួ​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​ស្តីពី​ការបង្ហាញ​បទ​ប​ញ្ញ​តិ្ត​មួយចំនួន​ក្នុងការ​ពង្រឹង​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នា​ទីស្ដីកា​រ​ក្រសួង​អប់រំ​ថា «​អ្វីដែល​ក្រសួង​បានចេញ​សេចក្តីណែនាំ​នោះ គឺ​ក្រសួង​គ្រាន់តែ​ធ្វើទៅ​តាមច្បាប់​ស្តីពី​ការអប់រំ​ប៉ុណ្ណោះ ហើយ​បើ​ចង់​ឲ្យ​មានការ​ប្រែ​អ្វី​នោះ​សូម​ស្នើ​ទៅ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ខ្លួនឯង​ទៅ​»​។​

 

​កាលពី​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៥​កន្លង​ទីនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ដោយបាន​ហាមប្រាម​មិន​ឲ្យ​មាន​សកម្មភាព​ការឃោសនា​នយោបាយ​នៅតាម​គ្រឹះស្ថានសិក្សា​។ ដោយសារ​សកម្មភាព​ឃោសនា​ទាំងនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ដែល​ផ្ទុយ​នឹង​គោលការណ៍​អ​ព្យា​ក្រឹត្យ​ភាព​គ្រឹះស្ថានសិក្សា ជាពិសេស​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការអប់រំ​។ ក្នុងករណី​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ការអប់រំ​ណាមួយ​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ សមាគម និង​អង្គការ​ទាំងនោះ​ត្រូវសុំ​ការអនុញ្ញាត​ពី​សមត្ថកិច្ច ឬ​ក្រសួង​អប់រំ តាម​មាត្រា​៤២ នៃ​ច្បាប់​ស្ដីពី​ការអប់រំ​។ ពាក់ព័ន្ធ​បញ្ហា​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ឡើងវិញ​នូវ​សេចក្ដីណែនាំ របស់ខ្លួន​ដែល​ហាម​មិន​ឲ្យ​សមាគម​អង្គការ និង​បុគ្គលិក​អប់រំ​ធ្វើ​សកម្មភាព និង​ឃោសនា​នយោបាយ​នៅក្នុង​គ្រឹះស្ថាន​អប់រំ​នោះ គឺជា​ការផ្ទុយ​នឹង​គោលការណ៍​នៃ​ប្រទេស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ការហាមឃាត់ និង​អាច​ជជែក​អំពី​បញ្ហានយោបាយ​នៅក្នុង​គ្រឹះស្ថានសិក្សា លុះត្រា​មានការ​អនុញ្ញាត​ដូច​មានចែង​នៅក្នុង​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ​នេះ គឺជា​ការ​បំបិទ​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

 

​សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា ការផ្សព្វផ្សាយ​បញ្ហា​សង្គម និង​បញ្ហានយោបាយ​មួយចំនួន​នៅ​គ្រឹះស្ថានសិក្សា ក៏​ជា​ផ្នែក​មួយ​នៃ​ការអប់រំ​ដែរ​លើកលែងតែ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ប៉ះពាល់​ដល់​សង្គម​នោះ ក្រសួង​អប់រំ​គួរតែ​ធ្វើការ​ហាមឃាត់​។​

 

​ជាការ​ឆ្លើយតប លោក ហង់ ជួនណា​រ៉ុ​ន​បាន​ពន្យល់ថា នេះ​ប្រហែលជា​គណបក្ស និង​មតិ​មួយចំនួន​មានការ​យល់ច្រឡំ​ទៅនឹង​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ហើយ​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ក្រសួង​គ្រាន់តែ​ហាម​នៅក្នុង​សាលា គ្រូ​មិន​ត្រូវយក​រឿង​នយោបាយ​ពិសេស​ក្នុង​ម៉ោង​បង្រៀន​សិស្ស​មក​និយាយ​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​ច្បាប់​ស្តីពី​ការអប់រំ​។ តែ​ពេល​នៅក្រៅ​ពីសា​លា​នៅតាម​លំនៅស្ថាន​សិស្ស ឬ​គ្រូ​អាចមាន​សិទ្ធិ​និយាយ​ពី​នយោបាយ​បាន​យើង​មិនមាន​សិទ្ធិ​បំបិទ​សិទ្ធិ​ពួកគេ​ទេ ទោះបីជា​គេ​គាំទ្រ​បក្ស​ខាង​ណា​ក៏​វា​អាស្រ័យ​លើ​គេ​ទេ​តែ​សូមកុំ​យក​ម៉ោង​បង្រៀន ឬ​ពេល​រៀន​។​

 

​លោក​រដ្ឋមន្ត្រី​បន្ថែមថា «​ដូចនេះ​អ្វីដែល​ក្រសួង​បានលើកឡើង​នៅក្នុង​សេចក្តីណែនាំ​នោះ​មិនបាន​ហាម​ក្រៅ​សាលា​ទេ គឺ​គ្រាន់តែ​ហាម​ពេល​បង្រៀន​មិន​ឲ្យ​លើកឡើង​ពី​បញ្ហានយោបាយ ហើយ​អ្វីដែល​ក្រសួង​បានធ្វើ​គឺ​ស្របទៅតាម​ច្បាប់​ស្តីពី​ការអប់រំ​ប៉ុណ្ណោះ​»​។ បើ​ចង់​ឲ្យ​ក្រសួង​បញ្ឈប់​បញ្ហា​នេះ ខ្ញុំ​សូម​ឲ្យ​គណបក្ស និង​អ្នក​បញ្ចេញមតិ​ទាំងអស់​ស្នើ​ទៅ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អប់រំ​ទៅ​៕

19-8-2015

 

Leave a Reply

(*) Required, Your email will not be published