ខ្ញុំ​គ្រាន់តែ​ជិះ​ក្របី​ចម្លង​ភក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : គ្រី​យ៉ា ជា​បុរស​ម្នា​ក់មាន​ចរិត លក្ខណៈ ជា​ស្ត្រី ដែល​ចូលចិត្ត ស្រឡាញ់​ភេទ​ដូចគ្នា​ចាប់តាំងពី​ដឹងក្តី​មក​។ រូបគេ​ចូលចិត្ត និង​ស្រឡាញ់​របស់របរ​ប្រើប្រាស់​ជា​របស់​ស្រីៗ នៅពេលនេះ​អ្វី ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ការឈឺ​ចុកចាប់​ក្នុង​ជីវិត និង​ធ្វើ​ឲ្យ​រូបរាង កាយ​ស្គមរីងរៃ​នោះ គឺ​ការចាញ់បោក​ប្រុស​ព្រាន​ដែល​យក​រូបគេ ជា​ខែល​ក្នុងការ​ចិញ្ចឹមជីវិត មានន័យថា គ្រាន់តែ​ជាការ​ជិះ​ក្របី​ចម្លង​ភក់​តែប៉ុណ្ណោះ​។ គ្រី​យ៉ា បាន​និយាយថា ថ្វីដ្បិតតែ​រូបគេ​មាន​រូបរាង​ដូចជា​បុរស​ទូទៅ​ក៏ពិតមែន ប៉ុន្តែ​គេ​មាន​ចរិតលក្ខណៈ​មានចិត្ត និង​មាន​បេះដូង​ឈឺ​ចុកចាប់​ដូចជា​ស្ត្រី​ខ្មែរ​ទូទៅ​ដែរ​។ មកដល់ពេលនេះ មាន​បុរស​ចំនួន​ប្រាំមួយ​នាក់​ហើយ​ដែល​បានធ្វើ​បាប និង​បោកប្រាស់​ចិត្ត​គេ ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ការឈឺ​ចុកចាប់​ក្នុង​បេះដូង​មិនអាច​បំភ្លេចបាន។​

 

​ចូលដល់​ឆ្នាំនេះ គ្រី​យ៉ា មាន​វ័យ​សាមសិប​ពីរ​ឆ្នាំ​ហើយ រូបគេ​មាន​បងប្អូន​ចំនួន​ប្រាំមួយ​នាក់ (​ស្រី​បីនាក់ ប្រុស​ពីរ​នាក់ និង​បុរស​ភេទ​ទី​បី ម្នាក់​គឺ​រូបគេ​តែម្តង​) គ្រី​យ៉ា មាន​ស្រុកកំណើត ក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង រូបគេ​បានចេញ ពី​ស្រុកកំណើត​តាំងពី​ឆ្នាំ ១៩៩៧ មកម្ល៉េះ នៅពេល នោះគេ​ទើបតែ​មាន​វ័យ​ដប់​ប្រាំពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​នាំ​ឲ្យ គ្រី​យ៉ា ធ្វើ​ចំណាកស្រុក​គឺ ដោយសារតែ​ស្ថានភាព​គ្រួសារ​របស់គេ​មាន​ជីវភាព​លំបាក​ពេក​។​

 

​នៅពេល​និយាយ​រំឭក​ដល់​រឿងរ៉ាវ​អតីតកាល គ្រី​យ៉ា បាន​បង្ហូរទឹកភ្នែក ហើយ​បាន​និយាយ​ទាំង​អារម្មណ៍​ក្តុកក្តួល អួលណែន​ដើម​-​ក ថា “​ខ្ញុំ​អភ័ព្វ​ខ្លាំងណាស់​ក្នុង​ជាតិ​នេះ ព្រោះ​កើតមក​ប្រុស​មិន​ចំ​ប្រុស ស្រី​មិន​ចំ​ស្រី តែ​ធ្វើ​ដូចម្តេច​បើ​ធម្មជាតិ​បង្កើត​មក​ឲ្យ​រូបរាង​ជា​បុរស​ភេទ​ទី​បី​ដូ ច្នេះ​។ អ្វីដែល​កាន់តែ​អភ័ព្វ​ទៀត​នោះ គឺ​រឿងរ៉ាវ​ស្នេហា​ក្នុងចំណោម​បុរស​ទាំង​ប្រាំមួយ នាក់​ដែលជា​គូស្នេហ៍​របស់ខ្ញុំ​នោះ មាន​បុរស​ម្នាក់ ដែល​ខ្ញុំ​បានរស់នៅ និង​ស្គាល់​បានយូរ​ជាងគេ គឺ​បាន​ស្គាល់គ្នា ហើយ​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់គ្នា​តាំងពី​នៅ​រៀន​ថ្នាក់​ទី​ប្រាំមួយ រហូតដល់​ថ្នាក់​ទី ដប់​ពីរ បន្ទាប់ពី​ប្រឡង​បា​ក់ឌុក​ហើយ ទើប​ស្នេហា​របស់​ពួកយើង​ទាំងពីរ​នាក់​បាន​បែកបាក់​ដោយសារតែ​ខ្ញុំ​ចាក​ចេញពី​ស្រុកកំណើត ហើយ​រូប គេ ក៏ត្រូវ​ការយក​ប្រពន្ធ​”​។​

 

​មុនពេល​បុរស​ទីមួយ​នោះ​រៀបការ​គេ​បានមក​សុំ គ្រី​យ៉ា ដែរ ដោយ​គេ​និយាយថា ខ្លួនគេ​ត្រូវការ​មាន​ប្រពន្ធ មាន​កូនចៅ ដើម្បី​បន្ត​ពូជ​នៅ ពេលឮ​បុរស​ម្នាក់​នោះ​និយាយ​ដូច្នេះ គ្រី​យ៉ា ស្ទើរតែ​ធ្លាក់​ថ្លើម និង​គាំងបេះដូង​ស្លាប់ ពីព្រោះ​មិន នឹកស្មានថា បុរស​ដែល​ធ្លាប់​ស្រឡាញ់គ្នា​អស់ រយៈពេល​ជាង​ប្រាំពីរ​ឆ្នាំ​ដាច់ចិត្ត​ធ្វើ​ដូច្នេះ​សោះឡើយ​។ នៅពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ គ្រី​យ៉ា ដាច់ចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​រស់នៅ​ខេត្តកំពង់ស្ពឺ​ទាំង​ក្តី​អាឡោះអាល័យ និង​ក្រៀម​ក្រំចិត្ត បំផុត​។ ការ​ទៅ​រស់នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​ដំបូង គ្រី​យ៉ា និយាយថា “​ខ្ញុំ​បាន​ជួល​ផ្ទះ​ស្នាក់នៅ ហើយ​បាន​រកស៊ី​លក់​បន្លែ​នៅក្នុង​ផ្សារ​ទី​រួម​ខេត្តកំពង់ស្ពឺ​នោះ​។ ក្រោយមកទៀត​មាន​មិត្តភក្តិ​ម្នាក់​ដែលជា​បុរស​ភេទ​ទី​បីដូច​គ្នា ក៏បាន​បបួល​ខ្ញុំ​ទៅ​រៀន​សម្អាងការ ហើយ​បាន​រកស៊ី​បើក​សម្អាងការ​បាន​មួយរយៈ​ពេលនោះ ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​មិត្តភក្តិ​ជាច្រើន ហើយក៏​បាន​សាង​នូវ អនុស្សាវរីយ៍​ស្នេហា​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​បុរស​ដៃគូ​ក្រោយៗ​ស្គាល់គ្នា ឬ​រស់នៅ​ជាមួយគ្នា​មិន​បានយូរ​នោះទេ គឺអាច​រស់នៅ​ជាមួយគ្នា​បាន ត្រឹម តែ​ពីមួយ​ឆ្នាំទៅ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក៏បាន​បែកបាក់​គ្នា​ទៅ​”​។​

 

​ក្នុងចំណោម​បុរស​ដែលជា​ដៃគូ​ស្នេហ៍​ទាំង​ប្រាំមួយ​នាក់​នោះ​សុទ្ធ តែ​បានរស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ ទូទៅ​ដែរ​ដោយ គ្រី​យ៉ា និយាយថា  “​ក្នុងចំណោម​បុរស​ទាំងនោះ បុរស​ទី​បី​បានធ្វើ​បាបចិត្ត​ខ្ញុំ ធ្វើ​ឲ្យ​រូបខ្ញុំ​ស្គមរីងរៃ រហូតដល់​ធ្លាក់ខ្លួន​ឈឺ ហើយ​ខ្ញុំ​បានរស់នៅ​ជាមួយ​បុរស​ទី​បី​នេះ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ នៅ​ថ្ងៃមួយ​បុរស​នោះ​ក៏បាន​សុំ​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ការ​ទៅធ្វើ​ការ​នៅ​ទី នោះ​មិនបាន​ប៉ុន្មាន​ផង បុរស​នោះ​ក៏បាន​លួច​រៀបការ​ប្រពន្ធ​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ បុរស​នោះ​នៅតែ​ភូតកុហក ហើយ​បាន​បោក ប្រាស់​យកប្រាក់​ពី​ខ្ញុំ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ដោយ​មិន​នឹកស្មានថា ចាញ់បោក​បុរស​នោះ​ដូច្នេះ​សោះ​។ ចាប់ពីពេលនេះ​តទៅ​ខ្ញុំ​លែងយក​ប្តី​ទៀតហើយ គឺ​ឃើញ​ប្រុសៗ​ខ្លាច​តែម្តង​។ រាល់ថ្ងៃនេះ​បើ​ខ្ញុំ​ចង់​សប្បាយ​ម្តងម្កាល ខ្ញុំ​តែងតែ​ទៅ​សួនច្បារ​នៅក្នុង​ទី​រួម​ខេត្ត ហើយ គេ​មាន​ដៃគូ​ជាច្រើន​នៅ​ទីនោះ​ដើម្បី​សម្រេច​កាមតណ្ហា ពួកគេ​មាន​វិធី និង​យុទ្ធវិធី​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ដល់ត្រើយ​នៃ​សេចក្តីសុខ​ដូច​ដៃគូ​បុរស និង​ស្ត្រី​ដទៃទៀត​ដែរ ។ ប៉ុន្តែ​រាល់ពេល​នៃ​ការបើក​កិច្ចប្រតិបត្តិការ​វាយលុក​ម្តងៗ គឺ​ខ្ញុំ​មិន​ភ្លេច​ឲ្យ​ដៃគូ​របស់ខ្ញុំ​ប្រើ​ស្រោមអនាម័យ​ឡើយ ដើម្បី​ការ​ញរ​កុំ​ឲ្យ​ឆ្លង​រោគ ជាពិសេស​រោគ​អេដស៍​តែម្តង​”៕

from-gays-heart

 

Leave a Reply

(*) Required, Your email will not be published