លោក ញឹក ប៊ុនឆៃ ៖ អ្នកនយោបាយ​គួរ​បញ្ឈប់​បញ្ហា​ព្រំដែន ជា​ឧបករណ៍​នយោបាយ​ទៅ​!

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​ថ្ងៃ​សៅរ៍​ទី​១៥ ខែសីហា លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាងថា វា​គ្មាន​ប្រយោជន៍​នោះទេ​ដែល​អ្នកនយោបាយ​យក​រឿង​ព្រំដែន​ដើម្បី​កេងចំណេញ​ខាង​ផ្នែក​នយោបាយ​នោះ ដោយសារតែ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​គណៈកម្មការ​ព្រំដែន​បាន​កំពុងធ្វើការ​ដោះស្រាយ​។​

 

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បានស្នើ​ដល់​អ្នកនយោបាយ​ខ្មែរ ជាពិសេស គណបក្ស​សង្គ្រោះ​ជាតិ គួរ​ឈប់​យក​រឿង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ធ្វើជា​ឧបករណ៍​នយោបាយ​ក្នុងការ​ឃោសនា​រក​ប្រជាប្រិយភាព​តទៅទៀត នៅពេលដែល​ផែនទី​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម ត្រូវ​យកមក​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃទី​២០ សីហា​២០១៥ ខាងមុខនេះ​។​

 

​លោក​បាន​បន្តទៀតថា ខ្ញុំ​ឃើញថា​បញ្ហា​ព្រំដែន​នេះ បើ​យើង​នាំគ្នា​គោរព​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលមាន​ស្រាប់​នោះ គឺ​វា​មិនមាន​បញ្ហា​នោះទេ​ពីព្រោះ ថា​ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា​២ បានចែង​យ៉ាងច្បាស់​ណាស់ ហើយ​នៅពេលដែល​យើង​យក​ផែនទី​ដែល​អង្គការសហប្រជាជាតិ​បាន​ឲ្យ​កម្ពុជា​ខ្ចី បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ស្នើសុំ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​នោះ​។​

 

​បញ្ហា​ព្រំដែន​នេះ គណបក្ស​សង្គ្រោះ​ជាតិ គួរ​ឈប់​យកទៅ​ឃោសនា ដើម្បី​ប្រជាប្រិយភាព​បក្ស​ខ្លួន​ទៀត​ទៅ ពីព្រោះ​បញ្ហា​ព្រំដែន មិនមែនជា​រឿង​របស់​គណបក្សនយោបាយ​ណាមួយ​នោះទេ គឺជា​រឿង​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​។​

 

​លោក​មានជំនឿថា បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​ផែនទី ដោយមាន​ការចូលរួម​ពី​សំណាក់​គ្រប់ភាគី រួមមាន ស្ថាប័ន​សភា ព្រឹទ្ធសភា រាជបណ្ឌិត្យសភា គណបក្ស​មាន​អាសនៈ​នៅ​សភា ព្រឹទ្ធសភា និង​គណបក្ស​មិន​នៅក្នុង​រដ្ឋាភិបាល​គួរតែ​បញ្ចប់​ហើយ ខ្មែរ និង​ខ្មែរ ត្រូវ​ចេះ​រួបរួមគ្នា​ឲ្យ​មាន​សំឡេង​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង​។​

 

លោក ញឹក ប៊ុនឆៃ បានបង្ហាញ​ពី​ការ គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការបើក​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ធ្វើការ​ផ្ទៀងផ្ទាត់ ផែនទី​ដែល​អង្គការសហប្រជាជាតិ​បាន​ឲ្យ​កម្ពុជា​ខ្ចី ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ដែល​កម្ពុជា​បាន​ប្រើប្រាស់​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ធ្វើការ​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​។​

 

​លោក​បាន​បញ្ជាក់ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​គណបក្ស​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​ព្រំដែន​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​១៩៩៣​នោះ​។ ពេលនេះ​ក៏បាន​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​ចំនួន​ប្រាំ​រូប​រួចហើយ ក្រោយពី​គណបក្ស​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អញ្ជើញ​ឲ្យ​ចូលរួម ក្នុងការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល UN ឲ្យ​កម្ពុជា​ខ្ចី​៕

bunchai-620

 

Leave a Reply

(*) Required, Your email will not be published