ស្វែងយល់​ពី ទោស​រំលោភ នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​

, , Leave a comment

​ដោយសារ​បញ្ហា​ចាប់រំលោភ និង​បទ​រំលោភ​សេពសន្ថវៈ​ស្ទើរតែ​បាន​កើតឡើង​ញឹកញាប់​នៅ​ទូទាំងប្រទេស​កម្ពុជា​នាពេល​នេះ គេហទំព័រសារ​ព័ត៌​មាន​កំណើត​ថ្មី​​សូម​លើក​យកទោស​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​មក​បង្ហាញ​។ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ចក្រ​កម្ពុជា ត្រង់​មាត្រា​២៣៩ បាន​ឲ្យ​និយមន័យ បទ​រំលោភ​សេពសន្ថវៈ (​អំពើ​រំលោភ​) ជា​អំ​ពើប​ញ្ជូ​ល​អង្គជាត តាមបែប​ណាក៏ដោយ​ឬ​អំ​ពើប​ញ្ជូ​ល​ឧបករណ៍ (​វត្ថុ​) ណាមួយ​ទៅក្នុង​អង្គជាត ដែល​ប្រព្រឹត្ត​ទៅលើ អ្នកដទៃ​ទោះបី​មាន​ភេទ​ដូចគ្នា ឬ​មិន​ដូចគ្នា​ក៏ដោយ ដោយ​ការប្រើ​ហិង្សា ការបង្ខិតបង្ខំ​ការ​គំរាម​គំហែង ឬ​ដោយ​ការ​ឆ្មក់​ឱកាស​។​

​ក្នុងន័យនេះ​អំពើ​រំលោភ​អាចធ្វើ​ឡើង​តាម​រូបភាព​ច្រើនយ៉ាង​ដូចជា បុរស​រំលោភ​ស្ត្រី បុរស​រំលោភ​បុរស ស្ត្រី​រំលោភ​ស្ត្រី ឬ​ស្ត្រី​រំលោភ​បុរស​តាមរយៈ​កា​រប​ញ្ជូ​ល​អង្គជាត (​អង្គជាត អាចជា​លិង្គ យោនី ទ្វារធំ ឬ​អវយវៈ​) ទៅក្នុង​អង្គជាត របស់​អ្នកដទៃ​ដោយ​គ្មាន​ការស្ម័គ្រចិត្ត ឬ​ក្នុងពេលដែល​កំពុង​ភ្លេចខ្លួន​ជាដើម (​ដូចជា​ស្ថានភាព​កំពុង​ស្រវឹង ឬ​ត្រូវគេ​ដាក់​ថ្នាំ )​។ ក្រម​ខាងលើ​ក៏បាន​កំណត់​ផងដែរ​ថា ការប្រព្រឹត្ត​បទ​រំលោភ​សេពសន្ថវៈ​ត្រូវ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ​។ ចំណែក​អាយុ​ស្របច្បាប់​ដែល​អាច​រួមភេទ​បាន​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​។​

​បទ​រំលោភ​សេពសន្ថវៈ (​អំពើ​រំលោភ​) នឹងត្រូវ​ដាក់គុក​ធ្ងន់ធ្ងរ​ចាប់ពី​៧​ឆ្នាំ ដល់​១៥​ឆ្នាំ ដូចដែល​មានចែង​ក្នុង​មាត្រា​២៤០​នៃ​ក្រម​ដដែល​ប្រសិនបើ​បទល្មើស​នោះ​ប្រព្រឹត្តឡើងៈ​១-​ដោយ​ការប្រើ​អាវុធ ឬ​គំរាមកំហែង​នឹង​អាវុធ​(​អាវុធ សម្ដៅ​ដល់​វត្ថុ ឬ​ឧបករណ៍​ដែល​អាច​បណ្តាល​ឲ្យ​របួស ឬ​បាត់​បង់ជីវិត​)​។ ២-​ការប្រើ​គ្រឿងញៀន ឬ​គ្រប់​វិធី​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​បាត់បង់ ឬ​ចុះខ្សោយ​លទ្ធភាព​ទប់ទល់​(​អាចជា​ការដាក់​ថ្នាំសម្រើប ឬ​ថ្នាំ​ផ្សេងៗ លើ​ជនរងគ្រោះ​ជាដើម​)​។ ៣-​ដោយ​បុគ្គល​ដែលមាន​អំណាច​ទៅលើ​ជង​រងគ្រោះ (​ជនល្មើស​អាចជា​អ្នកមាន ឋានៈ ឬ​មុខ​មាត់ធំ នៅក្នុង​សង្គម​ឬ​ខ្ពស់ជាង​ជនរងគ្រោះ​)​។ ៤-​ដោយ​បុគ្គល​ដែល​រំលោភ​អំណាច ដែលមាន​មុខងារ​រប​ស់​ខ្លួន​បានប្រគល់​ឲ្យ (​ឧទាហរណ៍ នាយក ក្រុមហ៊ុន ចាប់រំលោភ​លេខា​ស្រី​របស់ខ្លួន​ឬ​នាយក​ទាហាន រំលោភ​កូនទាហាន ជាដើម​)​។ ៥-​ដោយ​បុគ្គល​ច្រើន​រូប​ដែល​ប្រព្រឹត្តឡើង​ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត ឬ​ជា​អ្នកសមគំនិត (​ឧទាហរណ៍​បុរស​បីនាក់ រំលោភ​ស្រី​ម្នាក់​ឬ​នារី​៥​នាក់ រំលោភ​បុរស​ម្នាក់​។​

​ការបកស្រាយ​ថា ស្ត្រី​រំលោភ​បុរស ឬ​ស្ត្រី​ជា​ជនល្មើស​នៃ​បទ​រំលោភ ហាក់ដូចជា មិនសូវ​ទំនង ប៉ុន្តែ​ការពិត​នាពេល បច្ចុប្បន្ននេះ ស្ថានភាព បាន​ប្រែប្រួល​ច្រើន ទៅហើយ​ដោយសារ ឥឡូវនេះ គេ​អាច​ប្រើប្រាស់ ឧបករណ៍​ជំនួយ​ផ្លូវភេទ ឬ​ថ្នាំ​ជំនួយ​បាន​។​

​លើសពីនេះទៅទៀត ជនល្មើស​នឹងត្រូវ ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់ ១៥​ឆ្នាំ ដូចដែល​បានចែង ក្នុង​មាត្រា ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា កាលបើ​អំពើ រំលោភ​នោះ​ប្រព្រឹត្ត​ទៅលើៈ ១. បុគ្គល​ដែល​ទន់ខ្សោយ​ពិសេស ដោយ​មូលហេតុ អាយុ នៃ​បុគ្គល​នោះ (​ឧទាហរណ៍​បុរស​អាយុ ២០​ឆ្នាំ​ម្នាក់ រំលោភ​កុមារី អាយុ ៥​ឆ្នាំ ឬ បុរស​អាយុ ៣០​ឆ្នាំ​ម្នាក់​រំលោភ​ស្ត្រី​ចំណាស់ អាយុ ៧៥​ឆ្នាំ ជាដើម​)​។ ២.​នារី មានគភ៌ កាលបើ​គភ៌​ត្រូវបាន​គេ​ឃើញជាក់ស្តែង ឬ​កាលបើ​ជនល្មើស​បានដឹង (​ឧទាហរណ៍ ពូ​រំលោភ​ក្មួយ ដែល​កំពុងតែ​ពរ​ពោះ ៧​ខែ​)​។ ៣. បុគ្គល​ដែល ទន់ខ្សោយ​ពិសេស ដោយ​មូលហេតុ នៃ​ជំងឺ ឬ​ពិការភាព កាលបើ​ស្ថានភាព បុគ្គល​នេះ ត្រូវបាន​គេ​ឃើញជាក់ស្តែង​ឬ​កាលបើ​ជនល្មើស​បានដឹង (​ឧទាហរណ៍ បុរស​ឈ្មោះ ក រំលោភ​ស្ត្រី​ឈ្មោះ​ខ ដែល​ដេក​នឹង​ក​ន្តេ​ល​ទាំង​ឈឺ គ្មាន​កម្លាំង​ក្នុង ខ្លួន​។

​ការរំលោភ ដោយ​កាត់​អវយវៈ ឬ​បណ្តាល​ឲ្យ​ពិការ ជា​អចិន្ត្រៃយ៍​ដល់​ជនរងគ្រោះ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ កាន់តែ​ធ្ងន់ធ្ងរ ថែម​មួយកម្រិត​ទៀត​គឺ​ចាប់ពី ១០​ឆ្នាំ ដល់ ២០​ឆ្នាំ ដូចដែល​មានចែង ក្នុង​មាត្រា ២៤២ នៃ​ក្រម​ដដែល​។ ឧទាហរណ៍​បុរស​ក បាន​រំលោភ​នារី​ខ និង​បាន​កាត់​ក្បាល​សុដន់ របស់​នាង​។ ជាងនេះទៅទៀត កាលបើ​ការរំលោភ​បណ្តាល​ឲ្យ ជនរងគ្រោះ​ស្លាប់ ទោះបីជា គ្មាន​ចេតនា​សម្លាប់ ក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១៥​ឆ្នាំ ដល់​៣០​ឆ្នាំ ដូចដែល​មានចែង ក្នុង មាត្រា​២៤៤​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រៅពី​ទោស​ខាងលើ តុលាការ អាច​ប្រកាស​ទោស​បន្ថែម​លើ​ឧក្រិដ្ឋជន ដែល​បាន ប្រព្រឹត្ត បទ​រំលោភ​សេពសន្ថវៈ ( បទ​រំលោភ​សេពសន្ថវៈ ជា​បទឧក្រិដ្ឋ​)​ដូចជា ការដក​សិទ្ធិ​ខ្លះ​ជា​ពលរដ្ឋ យ៉ាងច្រើន ៥​ឆ្នាំ​, ការហាមឃាត់ ការប្រកប​វិជ្ជាជីវៈ យ៉ាងច្រើន​៥​ឆ្នាំ​, ការហាមឃាត់​ការ​ស្នាក់នៅ យ៉ាងច្រើន ១០​ឆ្នាំ​, ការហាមឃាត់ ទណ្ឌិត​បរទេស​ចូល ឬ​ស្នាក់នៅ​កម្ពុជា​យ៉ាងច្រើន ៥​ឆ្នាំ​, ការហាម​កាន់កាប់ ឬ​យក​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ តាម​ខ្លួន យ៉ាងច្រើន​៥​ឆ្នាំ​, ការបិទ​ផ្សាយ សេចក្តីសម្រេច​ផ្តន្ទាទោស យ៉ាងច្រើន ២​ខែ​, ការផ្សាយ​សេចក្តី សម្រេច​ផ្ទ​ន្ទា​ទោស​ក្នុង​សារព័ត៌មាន​, ការផ្សាយ​សេចក្តីសម្រេច ផ្ទ​ន្ទា​ទោស តាម​ទូរគមនាគមន៍ សោតទស្សន៍​(​ទូរទស្សន៍ វិទ្យុ -​ល​-) យ៉ាងច្រើន​៨​ថ្ងៃ​៕

24-10-2014

 

Leave a Reply

(*) Required, Your email will not be published