ហេតុអ្វី​បានជា​មួយខែៗ​មិនសូវ​សល់​លុយ​សម្រាប់​សន្សំទុក​?

, , Leave a comment

​ប្រិយមិត្ត​ពិតជា​មិនអាច​សន្សំ​ប្រាក់​ទុក​សម្រាប់​ខ្លួនឯង​មែន​ទេ​? តើ​លោក​អ្នកមាន​ធ្លាប់​សួរ​ខ្លួនឯង​ថា មូលហេតុ​អ្វី​បានជា​លោកអ្នក​មិនអាច​សន្សំ​ប្រាក់​បាន​ច្រើន​? នេះ​ជា​អ្វីដែល​លោកអ្នក​ត្រូ​វ​​ជីកឫសគល់​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៅ​ពី ក្រោយ​បញ្ហា​ទាំងនេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការ​សន្សំ​ប្រាក់​របស់​អ្នក​អាច​ចេញ​ជា​រូបរាងឡើង​។ ដូច្នេះសូម​កុំអាល​អស់សង្ឃឹម ព្រោះថា​គន្លឹះ​សំ​ខាន់ៗ​ទាំង​៥ខាងក្រោម គឺជា​វិធីសាស្ត្រ​ល្អៗ​ជួយ​ត្រួស​ត្រាយផ្លូវ​លោកអ្នក​ឈានឆ្ពោះ​ទៅរកការ​សន្សំ​ប្រា​ក់បាន​ដោយ​ជោគជ័យ​។​

No-Money

១) ដោះបំណុល​ឲ្យ​រួច​
​គ្រាន់តែ​ចំណាយពេល​គិត​ទៅលើ​ការចំណាយ​របស់​អ្នកជា​រៀងរាល់ខែ​លើបំណុល​ដែលមាន​ស្រាប់ អ្នកនឹង​ដឹងថា ការ​ដោះបំណុល​ឲ្យ​កាន់តែ​រហ័ស​គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​សេរីភាព ហិ​រ​ញ្ញ​វត្ថុ​​អាច​សន្សំ​ប្រាក់​បាន​កាន់តែច្រើន​។ អ្នក​មិនត្រូវ​សន្សំ​ប្រាក់​មុន​ដោះបំណុល​របស់​អ្នក​ឲ្យ​រួច​នោះឡើយ ព្រោះថា​អត្រា​ការប្រាក់​លើ​ប្រាក់​បំណុល​មិនឆាប់​ថយចុះ​ដែល​នេះ ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក​។ ប្រសិទ្ធភាព​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គេច​ផុតពី​ប្រាក់​បំណុល​គឺ បង្កើត​ទឹកប្រាក់​បន្ទាន់ (Emergency Fund) សម្រាប់​ចំណាយ​លើ​ស្ថានភាព​ចាំបាច់​ណាមួយ​។ ផ្ទុយទៅវិញ បើ​លោកអ្នក​គ្មាន​ប្រាក់​បន្ទាន់​សម្រាប់​ត្រៀម​ទុក​នោះទេ ត្រូវតែ​ឆាប់​សន្សំ​វា​ឲ្យ​បាន​ភ្លាមៗ​ទៅ​។​

 

២) រៀបចំ​គម្រោង​ចំណាយ​ដើម្បី​សន្សំ​ប្រាក់
​អ្នក​ត្រូវមាន​គម្រោង​សន្សំ​សម្រាប់​ការចំណាយ​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ អ្នក​ត្រូវ​ដឹងថា តើ​អ្នកត្រូវការ​ប្រាក់​ប៉ុន្មាន​ដើម្បី​ទិញ​សំលៀកបំពាក់ ដំណើរ​កម្សាន្ត ផ្ទះ រថយន្ត វិនិយោគ​? ឬ តើ​លោកអ្នក​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​អ្វីខ្លះ​ក្នុង​រយៈពេល ៥ ឆ្នាំ ១០​ឆ្នាំ ឬ ២០ ឆ្នាំ​ខាងមុខ​? នៅពេលដែល​អ្នកកំណត់​ពេលវេលា​សម្រាប់​គម្រោង​ចំណាយ​នីមួយៗ​ទាំងនោះ ហើយ នោះ​លោក​អ្នកនឹង​អាច​ចាត់ចែង​កំណត់​ថវិកា​សម្រាប់​សន្សំ​បាន​។​

 

៣) រក្សា​ប្រាក់​សន្សំ​ជា​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​អ្នក​
​មិន​ថា​ប្រិយមិត្ត​សន្សំ​ប្រាក់​ជា​ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំខែ ឬ ប្រាក់ចំណូល​ប្រចាំថ្ងៃ​នោះទេ តែ​អ្វីដែល​សំខាន់​អ្នក​ត្រូវ​ដាច់ខាត​សន្សំ​ប្រាក់​ឲ្យ​បាន​ចាប់ពី ថ្ងៃនេះ​តទៅ​។ កូនសោ​ដ៏​សំខាន់​នៅពេលនេះ គឺ​លោកអ្នក​ត្រូវ​កំណត់​ភាគរយ​នៃ​ប្រាក់​សន្សំ​ពី​ប្រាក់ចំណូល​របស់​អ្នក ក្នុង​ចំនួន​ជាក់លាក់​មួយ​។ មនុស្ស​មួយចំនួន​បាន​សន្សំ​ប្រាក់​ពី​៥​ទៅ​១០% នៃ​ប្រាក់ចំណូល​ប្រចាំថ្ងៃ ឬ ប្រចាំខែ​របស់ខ្លួន​។ ប៉ុន្តែ​បើតាម​ការអះអាង​របស់​អ្នកជំនាញ​បានផ្តល់​ដំបូន្មាន​ថា ជាទូទៅ​ការ​សន្សំ​ប្រាក់​ចាប់ពី​១០% ឡើងទៅ​នៃ​ប្រាក់ចំណូល​របស់​អ្នក គឺជា​ចំនួន​មួយ​សមស្រប​បំផុត​។​

 

៤) កត់ត្រា​បញ្ជីចំណាយ​រប​ស់​អ្នកជា​ប្រចាំ​
​សំណួរ​មួយ​ចោទសួរ​ដល់​ប្រិយមិត្ត​នៅពេលនេះ​គឺ តើ​ប្រាក់ចំណូល និង​ការចំណាយ​របស់​អ្នក​ខុសគ្នា​ដូចម្តេចខ្លះ​? បើ​លោកអ្នក​ចំណាយ​ច្រើនជាង​ចំណូល នោះ​ជា​ផលវិបាក​មួយ​ហើយ​។ ជាការ​ល្អប្រសើរ​លើ​ប្រសិទ្ធភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ អ្នក​ត្រូវ​កត់ត្រា និង ត្រួតពិនិត្យ​បញ្ជី​ការចំណាយ​ប្រចាំថ្ងៃ ឬ ប្រចាំខែ​របស់​អ្នក​ឲ្យ​បានច្បាស់លាស់​ជាប្រចាំ​ដូចជា ថ្លៃ​ហូបចុក សំលៀកបំពាក់ ការប្រើប្រាស់​ទូរស័ព្ទ រថយន្ត បំណុល ការជួបជុំ ឬ ដំណើរ​កម្សាន្ត​ជាដើម​។ ការធ្វើ​ដូចនេះ ទើប​ធ្វើ​ឲ្យ​លោក​អ្នកមាន​ប្រសិទ្ធភាព​គ្រប់គ្រង​ការចំណាយ​របស់​អ្នក បាន​។

 

៥) កំណត់​ការចំណាយ​របស់​អ្នក​
​បន្ទាប់ពី​បាន​កត់ត្រា​បញ្ជីចំណាយ​រួចហើយ លោកអ្នក​នឹង​ដឹងថា តើ​ទឹកប្រាក់​ប៉ុន្មាន​ដែល​អ្នក​បាន​ចំណាយ​នៅពេល​កន្លងមក​? ចំនួន​ទឹកប្រាក់​ដែល​បាន​ចំណាយ​ទាំងនោះ​មាន​ច្រើន​ហួស​ពី​តម្រូវការ ជាក់ស្តែង អាច​បញ្ជាក់ថា អ្នក​កំពុង​ខ្ជះខ្ជាយ​ហិរញ្ញវត្ថុ​របស់ខ្លួន​។ នេះ​ជា​ដំណាក់កាល​មួយ​ដ៏​លំបាក​សម្រាប់​អ្នក តែ​ជា​រឿង​មួយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ដើម្បី​សន្សំ​ប្រាក់​ទុក​។ ដំណោះស្រាយ​ដ៏​ល្អ អ្នក​ត្រូវ​ចំណាយ​អ្វីដែល​ចាំបាច់ និង ជា​អាទិភាព​សិន ពោលគឺ​ទិញ​សម្ភារៈ​អ្វីដែល​ចាំបាច់ កុំ​ទិញ​សម្ភារៈ​អ្វីដែល​ចង់បាន​។​

 

​នៅមាន​វិធីសាស្ត្រ​ល្អៗ​ជាច្រើន​ទៀត​ដែល​ប្រិយមិត្ត​អាច​រកឃើញ​ដោយ ខ្លួនឯងបាន តែ​គន្លឹះ​សំខាន់ៗ​ខាងលើនេះ​ពិតជា​រឿង​ដែល​លោកអ្នក​ត្រូវ​ធ្វើជា អាទិភាព ប្រសិនបើ​ចង់​សន្សំ​ប្រាក់​ទុក​មែន​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published