អាំង មាលតី ៖ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី

, , Leave a comment

រាជធានី​ភ្នំពេញ : អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាល សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននៅពន្ធនាគារខេត្តកណ្តាលកាលពី​រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥​ ពាក់​ព័ន្ធ​ករណី​​​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ និង​ ពីបទ «គៃបំបាត់ដោយចេតនា។

 

អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែល​មាន​ប្រជា​ប្រិយ​ភាព​ដោយ​សម្បូណ៍​រឿង​អាស្រូវ​ត្រូវបានចោទប្រកាន់ពីបទ គៃបំបាត់ដោយចេតនា។ តាមមាត្រ៦០១ នៃក្រម ព្រហ្មទណ្ឌ លោក អាំង មាលតី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ។

 

លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់តុលាការខេត្តកណ្តាលនៅម៉ោង១​និង​៥០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀន ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។

 

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្រោយពីសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយ បាន​រក​ឃើញ​ថា លោក អាំង មាលតី មានភាពគ្រប់គ្រាន់សម្រាប់ឲ្យ ACU ចោទ ប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ។

 

លោក ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធជាមួយនឹងឡាន Audi មួយគ្រឿងរបស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹង​គេ​ចោទ​ថា រឿងគ្រឿងញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការ បានកាត់ក្តីរឿង ថៅ ថាវី ហើយប្រគល់ឡានឱ្យវិញហើយ ដែល​ឡានមួយនេះ ត្រូវបានលោក អាំង មាលតី គាត់ យកពី ថៅ ថាវី ជាថ្នូនឹងការដោះលែងបណ្តោះអាសន្នដល់លោក ថៅ ថាវី»។ ចំណែក​​ទាក់​ទិន​​នឹង​​សំណុំរឿង​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដោះ​លែង​ឪពុក​ម្តាយ ថោ​ង សា​រ៉ាត់ នោះ​ត្រូវ​បាន​លោក ឱម យ៉ិ​ន​ទៀង បញ្ជាក់​ថា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មាន​ភ័ស្តុតាង​ក្នុង​ដៃ​គ្រប់គ្រាន់​ហើយនឹង​បញ្ជាក់​ថា លោក អាំង មាលតី មានការ​ជាប់​ពាក់ព័ន្ធ ឬ​ក៏​មិន​ពាក់ព័ន្ធ​ក្នុង​ករណី​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់។

 

លោក​ អាំង មាលតី​ ត្រូវ​បាន​បញ្ចប់​មុខ​​តំណែង​ជា​ប្រធាន​សាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​ឲ្យ​មក​បញ្ឈរជើង​នៅ​ក្រសួង​យុត្តិធម៌វិញ។​ ការ​បញ្ឈប់តំណែងនេះ​ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ភ្លាមៗ​ទៅលើ​ចៅក្រម​សាលាដំបូង​ រាជធានី​ភ្នំពេញ ​ករណី​ដោះលែង​ឪពុក​ម្តាយ​លោក ថោង​សារ៉ាត់​។

 

លោក អាំង មាលតី បាន​ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ជំនួស​​លោក ជីវ កេង ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​។

 

សូមជំរាបថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដកចេញពីតំណែង កាលពីខែ កុម្ភៈ ឆ្នាំ២០១៥ ប​ន្ទា​ប់​ពី​មា​ន​សំ​ណុំ​រឿង មិនប្រក្រតី​ជាច្រើនបានកើតមានឡើង​នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក៕

16-8-2015

 

Leave a Reply

(*) Required, Your email will not be published