ជីវិត​ផ្សងព្រេង​ទៅ​ស៊ីឈ្នួល​ក្នុង​ដី​ថៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្នុង​វ័យ​ប្រមាណ​៤០​ឆ្នាំ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ដើរ​រេរា​ចុះឡើង​ក្បែរ​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ទាំង​ភ្នែក​រំពៃ មើល​ឆ្វេង​ស្តាំ​ផង​នោះ ទំនងជា​ពួកគាត់​រក​កន្លែង​ស្ងាត់ៗ​នឹងធ្វើ​អ្វីមួយ​។ តាមពិត​ការមើល​ឆ្វេង មើល​ស្តាំ របស់​ពួកគាត់​នោះ​មិនមាន​អ្វី​ខុសពី​រាល់ថ្ងៃ​ឡើយ​ស្ទើរតែ​រាល់ថ្ងៃ​លើកលែងតែ​ថ្ងៃ​ណា​ពួកគាត់​ឈឺ ពួកគាត់​តែងតែ​មក​ទីនេះ​រង់ចាំ​មាន​សភាព​ស្ងាត់​មនុស្ស នឹង​លួច​ឆ្លងដែន​ចូលទៅ​ស៊ីឈ្នួល​ធ្វើជា កម្មករ​នៅ​ស្រុកថៃ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ភូមិ​របស់​ពួកគាត់​។​

 

​បងប្រុស គី អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ រុំ អាយុ​៤០​ឆ្នាំ ដែល​បម្រុង​លួច​ឆ្លងដែន​ទៅ​ស៊ីឈ្នួល ធ្វើ​ចម្ការ​នៅ​ប្រទេស​ថៃ និយាយ​ទាំង​ភិតភ័យ​ផង​ថា ពួកគាត់​បានមក​ដល់​ព្រំប្រទល់​ដែន​នេះ​តាំងពី​ព្រលឹម​ស្រាងៗ មកម្ល៉េះ រង់ចាំ​ស្ងាត់​មនុស្ស​នឹង​លួច​ចូលទៅក្នុង​ដី​ថៃ នេះ​ជា​ទម្លាប់ និង​ជា​មុខរបរ​ប្រចាំថ្ងៃ​របស់គាត់ និង​ពេល​ល្ងាច​ថ្ងៃ​លិច ពួកគាត់​នឹង​លួច​ឆ្លងដែន​ចូល​ដី​ខ្មែរ​វិញ​។ នៅ​ថ្ងៃ​ខ្លះ​ពេល​ឆ្លងដែន​ជួប​ពួក​ទាហាន​ថៃ ពួកគាត់​សម្ងំ​ក្នុងព្រៃ​ក៏មាន ព្រោះ​បើ​ជួប​ពួក​ទាហាន​ថៃ គេ​នឹង​ធ្វើបាប ឬក៏​គេ​យក​ប្រាក់កាស​របស់គាត់​អស់ និង​ចាប់ធ្វើ​ទារុណកម្ម​ក៏មាន​។ ការចូលទៅ​ស៊ីឈ្នួល​របស់​ពួកគាត់​នៅ​ស្រុកថៃ​នោះ​ទៅធ្វើ​ចម្ការ ដូចជា ដាំពោត កាប់ អំពៅ រាន​ដីព្រៃ ទោះបី​ដឹងថា​ចំណុច នោះ​មាន​មីន​ក៏​ពួកគាត់​មិន​រាថយ​ដែរ ព្រោះ​ពួកគាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ការ​ស៊ីឈ្នួល​នៅ​ស្រុកថៃ​នេះ ដើម្បី​ចិញ្ចឹម​កូនតូចៗ ប្រុស​ស្រី​របស់គាត់​ប្រាំ​នាក់​ដែល​រង់ចាំ​ចំណីអាហារ​នៅឯ​ផ្ទះ​ខ្ទម នៅក្នុង​ក្រុង​ប៉ោយប៉ែត ។ ក្នុងការ​ទៅ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​នៅក្នុង​ដី​ថៃ​នោះ ក្នុង​មួយថ្ងៃ​បាន​តម្លៃ​១២០​បាទ​។ ពេលខ្លះ​ពេលធ្វើការ​រួចហើយ​ថៅកែ​មិន​ឲ្យ​ប្រាក់​ក៏មាន ឬមួយ​បាន​ប្រា​ក់មក ហើយ​នៅពេល​ឆ្លងដែន​ត្រូវ​ពួក​ទាហាន​ថៃ​ចាប់យក​ប្រាក់​អស់​ក៏មាន​។ កាលពីមុន​មាន​ជម្លោះ​ជាមួយ​ថៃ​នៅ​តំបន់​ប្រាសាទព្រះវិហារ ពួកគាត់​ចេញចូល​ព្រំដែន​ពុំ​សូវ​មាន​បញ្ហា​អ្វី​ឡើយ តែ​ពេលនេះ​ត្រូវ​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ថា​បាន​ដោយសារតែ​គេ មានការ​រឹតបន្តឹង​ព្រំដែន​ដោយសារ​បញ្ហា​មាន​ជម្លោះ​។​

 

​ចំណែកឯ វ៉េ​ត ចាប និង​ប្រពន្ធ​ឈ្មោះ ឆេង រាប ដែល​កំពុង​អង្គុយ​បែប​អស់សង្ឃឹម​នៅលើ​គ្រែ​ឫស្សី​ខាងមុខផ្ទះ​ខ្ទម​របស់គាត់​បាន​ឲ្យ​ដឹងថា ពួក​ថៃ​រឹតបន្តឹង​លែង​ឲ្យ​ពួកគាត់​ចូល​ព្រៃ​ស្រួល​ដូច​ពីមុន​ទៀតឡើយ គាត់​ទម្រាំ​លួច​ចូល​ដី​ថៃ​បាន​ម្តងៗ វា​ពិបាក​ណាស់ ព្រោះ​ខាងគេ​ក៏​តឹងតែង​ឯ ខាងយើង​ក៏​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​ខ្លាច​ជួប​បញ្ហា​អ្វីមួយ​។ ថ្ងៃនេះ​ពួកគាត់​មិនអាច​លួច​ឆ្លងដែន​ចូល​ដី​ថៃ​បានឡើយ ព្រោះ​មាន​ទាហាន គេ​ច្រើនពេក​នៅតាម​ព្រំដែន ប្រសិនបើ​ពួកគាត់​មិនបាន​ចូល​ទេ គឺ​ពួកគាត់​ដាច់​ស្បៀង​មិនខានឡើយ​៕

14-8-2015

 

Leave a Reply

(*) Required, Your email will not be published