ព្រះចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស សម្តេចព្រះ​វនរ័ត ប្រារព្ធ​ពិធី​មហា​កិត្តិយស​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​

, , Leave a comment

13-8-2015 (1)

​រាជធានី​ភ្នំពេញ : សម្តេចព្រះ​វនរ័ត ព្រះចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស បានរៀបចំ​ពិធី​ដ៏​មហោឡារិក​ជា​លើកដំបូង​ដើម្បី សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​មហា​កិត្តិយស​ថ្វាយ​ព្រះករុណា​ ព្រះមហាក្សត្រ​កម្ពុជា​ដែល​ព្រះអង្គ​ទ្រង់​បានទទួល​ព្រះរាជ​បរម​ងារ​ថ្នាក់​ខ្ពស់បំផុត “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ដែល​សន្និសីទ​កំពូល​ពិភពលោក​លើក​ទី​៦ នៃ​អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក និង​អង្គការ​ព្រះពុទ្ធសាសនា និកាយ ណេ​ន​ប៊ុ​ត្ស៊ី ស៊ី ជប៉ុន​បាន​នាំមក​ថ្វាយ​ដល់​ព្រះករុណា កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥​កន្លងទៅ​។ ពិធី​ប្រកបដោយ​ភាព​អធិកអធម​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

 

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ព្រះរាជហឫទ័យ​សោមនស្ស​រីករាយ​ឥតឧបមា ចំពោះ​ព្រះ​រាជពិធី​អបអរសាទរ​ព្រះរាជ​បរម​ងារ​ថ្នាក់ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា​។ ព្រះករុណា​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ទ្រង់​រំភើប និង​សោមនស្ស​រីករាយ ក្នុងពេលដែល​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ សម្តេច​ព្រះសង្ឃ ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះអង្គ និង​ពុទ្ធសាសនិកជន យាង​និមន្ត​និង​អញ្ជើញ​មកជួប​ជុំគ្នា​នាពេលនេះ ដើម្បី​សម្តែង​អំណរ​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះរាជ​បរម​ងារ​ថ្នាក់ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទើបបាន​ទទួល​។ ព្រះករុណា បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះរាជ​បរម​ងារ​ថ្នាក់ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា​ដែល​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទាំង​៥១០​លាន​នាក់ នៃ​ប្រទេស​ទាំង​៤១ ក្នុង​ទ្វីប​ទាំង​៥ នៃ​ពិភពលោក​បាន​ថ្វាយ​ចំពោះ​ព្រះ​អង្គជា​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​បំផុត មិនមែន​សម្រាប់តែ​ព្រះអង្គ​តែមួយ​ព្រះអង្គឯង​ទេ ប៉ុន្តែ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជានុរាស្ត្រ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ជនជាតិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។​

 

​ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា ខ្ញុំព្រះករុណាខ្ញុំ សូម​ឆ្លៀត​ព្រះរាជ​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេចព្រះ​វនរ័ត ដែល​បានរៀបចំ​ពិធី​ដ៏​មហោឡារិក​នេះ​ឡើងជា​លើកដំបូង ដើម្បី​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​មហា​កិត្តិយស​ដែល​ខ្ញុំព្រះករុណាខ្ញុំ ទើបបាន​ទទួល​ជា “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ដែល​សន្និសីទ​កំពូល​ពិភពលោក​លើក​ទី​៦ នៃ​អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក និង​អង្គការ​ព្រះពុទ្ធសាសនា និកាយ ណេ​ន​ប៊ុ​ត្ស៊ី ស៊ី ជប៉ុន​បាន​នាំមក​ថ្វាយ​ដល់​ខ្ញុំព្រះករុណាខ្ញុំ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ​។​

 

​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” មាន​អត្ថន័យ​សម្រាយ​ថា ព្រះរាជា​ដែលមាន​គុណធម៌​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​ជា​គំរូ​ក្នុង​ការគោរព​ប្រណិប័តន៍​ព្រះពុទ្ធសាសនា ដ៏​ខ្ជាប់ខ្ជួន​បំផុត​ត្រូវបាន​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សន្និសីទ​កំពូល​ព្រះពុទ្ធសាសនា ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា ដែល​ប្រជាជាតិ​កម្ពុជា ទាំងមូល​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ចូល​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥​។​

 

​ព្រះករុណា​ជា អ​ម្ចាស់ជីវិតលើត្បូង​មាន​ព្រះរាជបន្ទូល​ថា ខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​ណាស់​ចំពោះ​ព្រឹត្តិការណ៍​ដ៏​គគ្រឹកគគ្រេង​នា ថ្ងៃនេះ​ដែលជា​ការបញ្ជាក់​យ៉ាងច្បាស់​នូវ​ការយក​ព្រះទ័យ​ទុកដាក់​គាំទ្រ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ស្មោះសរ​ជាទីបំផុត របស់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃនាយករ​ង ព្រះ​រាជាគណៈ និង​ព្រះ​ថេ​រា​នុ​ត្ថិ​រៈ​គ្រប់​ព្រះអង្គ លោកយាយ លោកតា បងប្អូន​កូនចៅ ពុទ្ធបរិស័ទ​គ្រប់រូប ចំពោះ​មហា​កិត្តិយស​ដែល​ខ្ញុំព្រះករុណាខ្ញុំ​ទទួលបាន​។ នៅក្នុង​ព្រះរាជ​សុន្ទរកថា ព្រះមហាក្សត្រ​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​សម្តេចព្រះ​វនរ័ត សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ ព្រះចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម​នេះ​ឲ្យ​មានការ​រីកចម្រើន​ថ្កុំថ្កើង​រុងរឿង​មាន សំណង់​គរុភណ្ឌ ប្រកបដោយ​សោភ័ណភាព មាន​ព្រះវិហារ​កុដិ​សាលា​ហោត្រ័យ​សុទ្ធតែ​សង់​តាម​លក្ខណ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​យ៉ាង​ល្អ​ត្រចះ​សមជា​ព្រះពុទ្ធ​ស​រណដ្ឋាន ជាទី​ស្ងប់​ជាទីគោរព​ប្រតិបត្តិ​ព្រះធម៌​នាំ​ឲ្យ​ពុទ្ធបរិស័ទ​កើត​សេចក្តី​ជ្រះថ្លា ក្នុងការ​ធ្វើបុណ្យ​សុន្ទរទាន​សន្សំ​កុសល​ជា​អត្ថប្រយោជន៍​សម្រាប់​បុគ្គល​និង​សង្គមជាតិ​ទាំងមូល​នៅក្នុង​បច្ចុប្បន្នកាល និង​ទៅ​អនាគតកាល​។​

 

​នៅក្នុង​ពិធី​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​សព្វ​ព្រះរាជហឫទ័យ ប្រទាន​នូវ​បរិក្ខារ បច្ច័យ​ថ្វាយ​ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃ​ព្រះ​ភិក្ខុសង្ឃ​សរុប​ចំនួន​២០០​ព្រះអង្គ និង​បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ដូនជី តាជី​ចំនួន ២.០០០ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស​មួយ​ដុំ និង ថវិកា​ចំនួន​២០.០០០​រៀល ផងដែរ​៕

 13-8-2015 (3)

13-8-2015 13-8-2015 (4) 13-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published