រាជធានីភ្នំពេញ : អង្គការសង្គមស៊ីវិលសំណូមពរឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំកន្លែងស្នាក់អាស្រ័យរយៈពេលខ្លី ១ថ្ងៃ ២ថ្ងៃ សម្រាប់ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តរាជធានីឆ្ងាយៗ នៅទូទាំងប្រទេស ដើម្បីឲ្យពួកគេកាត់បន្ថយការចំណាយ និងមាន អារម្មណ៍ល្អនៅពេលប្រឡង។
លោក ឆើន ដារិទ្ធ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបម្រើផ្នែកអប់រំ ចង់ស្នើសុំក្រសួងអប់រំ ឲ្យបង្កើតមានកន្លែងស្នាក់នៅរយៈពេលខ្លីជូនដល់សិស្សមកពីឆ្ងាយៗ សម្រាប់ប្រឡងបាក់ឌុបខាងមុខនេះ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់បេក្ខជន ព្រោះបេក្ខជនប្រឡងភាគច្រើនជាសិស្សកូនកសិករក្រីក្រ។ លោកបន្តថា ការស្នើសុំនេះ ប្រសិនបើក្រសួងអប់រំ និងផ្នែកពាក់ព័ន្ធអាចដោះស្រាយបាន គឺជាដំណោះស្រាយមួយដ៏ល្អសម្រាប់សិស្សមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ធ្វើឲ្យពួកគេចំណេញពេលវេលាមានអារម្មណ៍ស្ងប់ស្ងាត់មិនមានការភ័យខ្លាចធ្វើដំណើរ កកស្ទះចរាចរណ៍ ឬក៏គ្រោះថ្នាក់ចរាចរកើតឡើងជាយថាហេតុ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា ក៏មានបំណងចង់ឲ្យក្រសួងមានរៀបចំកន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបនេះដែរ សម្រាប់សិស្សមកពីស្រុកឆ្ងាយតាម រាជធានីខេត្តរបស់បេក្ខជនប្រសិនអាចធ្វើទៅបាន។ លោកបន្តថា ការចង់បានរបៀបនេះ ព្រោះកាលពីប្រឡងបាក់ឌុបឆ្នាំ២០១៤កន្លងទៅបានពិនិត្យឃើញថាមានម្ចាស់ផ្ទះសំណាក់មួយចំនួនឆ្លៀតដំឡើងថ្លៃ ក្នុងអំឡុងពេលបេក្ខជនប្រឡងមកពីឆ្ងាយៗ មកជួលផ្ទះស្នាក់នៅ ដែលទង្វើនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពបេក្ខជន ព្រោះពួកគេភាគច្រើនជាសិស្សមានជីវភាពខ្សត់ខ្សោយ ជាកូនកសិករក្រីក្រមកពីតាមបណ្តាស្រុក ខេត្ត បើនៅរាជធានីក៏មានបេក្ខជនមកពីបណ្តាខណ្ឌជាយក្រុងដែរ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បញ្ហាចង់ឲ្យក្រសួងមានរៀបចំកន្លែងស្នាក់ជូនបេក្ខជនប្រឡងបាក់ឌុបមកពីរាជធានីខេត្តឆ្ងាយៗនៅទូទាំងប្រទេសរយៈពេលខ្លីនេះ កន្លងមកក្រសួងកំពុងសិក្សារកដំណោះស្រាយដែរ តែពុំមានលទ្ធភាពរៀបចំបាននោះទេ។ ក្រសួងធ្លាប់បានពិនិត្យមើលអគារសិក្សានៅទំនេរ ធ្វើជាកន្លែងស្នាក់នៅជូនបេក្ខជនដែរ តែអគារទាំងនោះ មិនធានាសុវត្ថិភាពគ្រប់គ្រាន់ដល់បេក្ខជន។ ប៉ុន្តែទោះជាយ៉ាងណានោះលោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ម្ចាស់សេវាកម្មស្នាក់នៅទូទាំងរាជធានីខេត្ត មេត្តាកុំឆ្លៀតឱកាសដំឡើងថ្លៃ ដើម្បីចូលរួមការកាត់បន្ថយការចំណាយរបស់បេក្ខជនមកប្រឡងនេះ។
លោក ស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានយល់ស្របដូចក្រសួងដែរ ព្រោះការងារនេះជាកម្មវិធីថ្មីមិនទាន់មានលទ្ធភាពគិតដល់ចំណុចនេះនៅឡើយ។ លោកស្រីបន្តថា ចំពោះបេក្ខជនប្រឡងនៅរាជធានីភ្នំពេញមិនមានបញ្ហាចោទឡើងទេ គឺនៅថ្ងៃប្រឡងមានឪពុក ម្តាយ អាណាព្យាបាល និងបងប្អូនគេជូនមក ដើម្បីជួយផ្តល់ទឹកចិត្តផង និងកាត់ចំណាយការជួលផ្ទះស្នាក់នៅផងគ្រាន់តែជួបការលំបាកវេចខ្ចប់បាយមកហូបប៉ុណ្ណោះ។ ប៉ុន្តែនៅតាមបណ្តាខេត្ត វាខុសដាច់ឆ្ងាយពីរាជធានី ដូច្នេះកន្លងមកក៏ដូចគ្នាដែររដ្ឋមិនទាន់មានវិធានការដោះស្រាយជូនអំពីបញ្ហានេះនៅឡើយ ដូចសង្គមស៊ីវិលស្នើឡើងទេ វាខុសពីនិស្សិតមកពីខេត្តឆ្ងាយៗ បានចូលរៀននៅសាកលវិទ្យាល័យមានរដ្ឋាភិបាលជួយដោះស្រាយ ជូនប៉ុន្តែមិនទាំងអស់នោះទេ៕