តើបុគ្គលិកប្រភេទណាដែលលោកអ្នកចង់បានបំផុត? ក្រៅពីសមត្ថភាពពិតប្រាកដ លោកអ្នកប្រហែលជាមិនត្រូវការនោះឡើយ តែពេលខ្លះលោកអ្នកភ្លេចគិតថា បុគ្គលិកដែលបានចូលបម្រើការងារពេញសិទ្ធហើយ បែរជាមិនអាចបំពេញភារកិច្ចដូចអ្វីដែលលោកអ្នករំពឹងទុក។ បុគ្គលិកប្រភេទនេះដែលនឹងរៀបរាប់ជាបន្តបន្ទាប់ខាងក្រោមនេះ អាចរាំងស្ទះដល់លទ្ធផលការងាររបស់លោកអ្នកដូចគេនិយាយថា ទុកក៏មិនចំណេញ ដកចេញក៏មិនខាត។
១-ធ្វើការមិនទាន់ពេលកំណត់
បុគ្គលិកដែលអនុវត្តគម្រោងនានា មិនទាន់ពេលកំណត់បានបង្ហាញចំណុចអវិជ្ជមានមួយដល់អ្នកគ្រប់គ្រងតែម្តង។ អ្នកគ្រប់គ្រងនឹងសម្គាល់ថា បុគ្គលិកប្រភេទនេះ ច្បាស់ជាមានចំណុចខ្សោយក្នុងការគ្រប់គ្រងពេលវេលាមិនមានគម្រោងច្បាស់លាស់ ឬមិនយកចិត្តទុកដាក់អនុវត្តលើគម្រោងការងារជាដើម។ បុគ្គលិកដែលស្ថិតនៅក្នុងស្ថានភាពនេះប្រឈមមុខខ្ពស់ក្នុងការបណ្តេញចេញពីការងារ។
២-សុក្រឹតនិយមពេក
បុគ្គលិកប្រភេទនេះ គឺតែងដាក់គម្រោងរបស់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជានិច្ចទៅលើក្រុមការងារ ហើយចាប់ផ្តើមដកខ្លួនឈរនៅម្ខាង ដើម្បីចាប់កំហុស និងចាំរិះគន់ ទោះបីជាកំហុសនោះតូចក៏ដោយ។ មួយវិញទៀតបុគ្គលិកប្រភេទនេះតែងយល់ថា មានតែខ្លួនប៉ុណ្ណោះដែលជាបុគ្គលិកស្នូលអាចបំពេញការងារបានយ៉ាងល្អជាងអ្នកឯទៀត និងបង្ហាញភាពមានតែឯងចេញមកតែម្តង។
៣-ខ្ជះខ្ជាយពេលវេលា
មានមូលហេតុជាច្រើនដែលធ្វើឲ្យបុគ្គលិកប្រភេទនេះខ្ជះខ្ជាយពេលវេលាដូចជា ទទួលទានអាហារពិសារកាហ្វេ ចេញទៅសម្រាកដោយចំណាយពេលយូរហួសម៉ោងកំណត់ ឬជជែកនេះ ជជែកនោះ គ្មានប្រយោជន៍នៅពេលបំពេញការងារទាំងនេះសុទ្ធតែធ្វើឲ្យពេលវេលារសាត់អណ្ដែតទាំងមិនដឹងខ្លួន។ នេះជាគំរូអាក្រក់ដល់បុគ្គលិកផ្សេងទៀតប៉ះពាល់ដល់លទ្ធផលការងារ។
៤-ប្រើប្រាស់អ៊ីនធឺណិតឥតប្រយោជន៍
បុគ្គលិកមួយចំនួនអង្គុយលើតុការងារតែក្រឡេកមើលកុំព្យូទ័រវិញនោះគ្មានអ្វីក្រៅពីការឆែកនេះ ឆែកនោះ មិនច្បាស់ត្រង់ណា បន្តិចលេង Facebook បន្តិចស្រាវជ្រាវនេះស្រាវជ្រាវនោះ គ្មានគោលដៅថា ត្រូវឆែកអ្វី។ លទ្ធផលជាក់ស្តែងអ្វីការប្រើប្រាស់អ៊ីនធឺណិតនេះភាគច្រើនមិនពាក់ព័ន្ធនឹងការងារនេះហើយជាសញ្ញាណមិនល្អមួយរបស់បុគ្គលិកប្រភេទនេះ ហើយទីបំផុតការងារធ្វើមិនទាន់ជាហេតុធ្វើឲ្យបន្សល់ទុកនៅថ្ងៃក្រោយទៀត។
៥-ងប់ងុលនឹងការងារគ្មានពេលសម្រាក
មើលទៅការញៀននឹងការងារបានធ្វើឲ្យបុគ្គលិកប្រភេទនេះលែងគិតគូរអ្វីទាំងអស់ហើយ សូម្បីតែបុគ្គលិករួមការងារនៅជុំវិញខ្លួនក៏មិនខ្វល់ដែរ គិតតែពីធ្វើការហាក់ដូចជាមានមហិច្ឆតាខ្ពស់ណាស់។ ការយកចិត្តទុកដាក់នឹងការងាររបស់បុគ្គលិក គឺជាដំណឹងល្អមួយសម្រាប់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងតែបើបុគ្គលិកប្រភេទនេះធ្វើការងារជ្រុលពេកគ្មានម៉ោងសម្រាកហើយនោះ វាមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុននោះឡើយ ត្បិតអីលទ្ធផលការងារជោគជ័យ គឺអាស្រ័យលើការងារជាក្រុមការចែករំលែកទៅវិញទៅមកជាដើម។
៦-មានគំនិតអវិជ្ជមានជ្រុល
បុគ្គលិកប្រភេទនេះ តែងបង្ហាញភាពទុទ្ទិដ្ឋិនិយមច្រើនលើបញ្ហាដែលប្រឈមមុខ និងអ្វីៗដែលមិនទាន់កើតឡើង។ នេះនឹងបង្កផលប៉ះពាល់ដល់បរិយាកាសការងារទាំងមូល ហើយគំនិតអវិជ្ជមាននេះនឹងធ្វើឲ្យគម្រោងការងារបរាជ័យទៀតផង។ បុគ្គលិកប្រភេទនេះតែងដាក់ការភ័យព្រួយ និងការត្អូញត្អែរនៅពីមុខជានិច្ច។
៧-និយាយដើមគេ
បុគ្គលិកមាត់ចាបមាត់ព្រាប ឬអ្វីដែលគេស្គាល់ថា មនុស្សដែលចូលចិត្តនិយាយដើមគេនោះ គឺជាប្រភេទបុគ្គលិកដ៏គ្រោះថ្នាក់មួយទៀតនៅក្នុងក្រុមហ៊ុន។ បុគ្គលិកប្រភេទនេះជាទូទៅ មិនសូវសម្រេចបានសមិទ្ធផលធំដុំឡើយ តែពូកែនិយាយដើមគេ ហើយតែងមានគំនិតអវិជ្ជមានជានិច្ចជាមួយបុគ្គលិកដទៃទៀត ច្រណែនឈ្នានីស និងពូកែអាក់អន់ចិត្តទៀតផង។ បើអ្នកជាអ្នកគ្រប់គ្រង ត្រូវពន្យល់ឲ្យបានច្បាស់នូវអ្វីដែលជាកំហុសឆ្គងរបស់ពួកគេ។
៨-និយាយឮៗ
បុគ្គលិកប្រភេទនេះ ជាទូទៅជាប្រភេទមនុស្សមាត់ឥតគ្រប បើដឹងប៉ុណ្ណា និយាយប៉ុណ្ណឹង ទោះបីជាសម្លេងនោះឮប៉ុណ្ណាក៏ដោយមិនខ្លាចប៉ះពាល់ដល់អារម្មណ៍បុគ្គលិកដទៃទៀត។ ទោះបីជាបុគ្គលិកមួយចំនួនមិននិយាយចេញមកក៏ពួកគេបង្ហាញអារម្មណ៍មិនពេញចិត្តដោយស្ងាត់ៗ ហើយជាលទ្ធផលការងារមិនសូវជាដើរលូនទៅមុខនោះឡើយហើយវាបែរជាធ្វើឲ្យអាប់អួរនៅកន្លែងការងារទៅវិញ។
៩-មិនយកចិត្តទុកដាក់ព័ត៌មានផ្ទៃក្នុងការងារ
ទំនាក់ទំនងការងារទៅវិញទៅមកពីក្រុមការងារមួយទៅក្រុមការងារមួយពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម គឺមានសារសំខាន់ណាស់។ ហេតុដូច្នេះការផ្ញើសារ ឬអ៊ីមែលនូវព័ត៌មានការងារទៅវិញទៅមកជាអ្វីដែលបុគ្គលិកគ្រប់រូបមិនមើលរំលងបាន ហើយត្រូវតែដឹងថា សារទាំងនោះនិយាយពីអ្វី។ តែជារឿងគ្រោះថ្នាក់មួយ បើអ្នកសង្កេតឃើញថា មានបុគ្គលិកមួយចំនួនមិនអើពើយកចិត្តទុកដាក់ឆែកមើលវា ហើយក្នុងស្ថានភាពនេះ ពួកគេពិតជាមិនអាចក្តោបបានព័ត៌មានការងារបានគ្រប់ជ្រុងជ្រោយនោះឡើយ។ ទីបំផុតលទ្ធផលការងារមិនដូចរំពឹងទុកនោះឡើយនៅពេលដែលបុគ្គលិកប្រភេទនេះមានវត្តមានច្រើននៅក្នុងក្រុមហ៊ុន៕