សុភមង្គល គឺជាអ្វីម្យ៉ាងដែលលោកអ្នកអាចស្វែងរកបានគ្រប់ពេលជួនកាលវាមកដោយឯកឯង ហើយជួនកាលត្រូវស្វែងរកវា។ មានមនុស្សខ្លះមានក្ដីសុខហើយតែមិនដឹងថាខ្លួនកំពុងតែមានក្ដីសុខទេ គឺចូលចិត្តយកទុក្ខដាក់ខ្លួនជានិច្ច។ ដើម្បីឲ្យខ្លួនក្លាយជាមនុស្សមានក្ដីសុខ និងសប្បាយចិត្តពេញទំហឹងតើអ្នកគួរធ្វើអ្វីខ្លះ?
១-មិនដែលគេចចេញពីបញ្ហា ៖ ការគេចចេញពីបញ្ហាមិនអាចដោះស្រាយអ្វីបានឡើយ គឺវាមានតែធ្វើឲ្យអ្នកតែងតែគិតថានៅតែមានបញ្ហាជានិច្ចហើយខំគេចពីវា នេះហើយទើបគ្មានក្ដីសុខ។
២-មិនដែលខ្វល់រឿងអ្នកដទៃ ៖ នៅពេលដែលអ្នកធ្វើអ្វីដែលខ្លួនពេញចិត្ត ដោយមិនបាច់ត្រូវគិតពីអ្នកដទៃនិយាយដើម ឬមើលចុះមើលឡើង នោះអ្នកនឹងមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្ត។ ប៉ុន្តែគួរព្យាយាមថ្លឹងថ្លែងពីអំពើល្អ និងអំពើអាក្រក់ ហើយចេះដឹងតែរឿងផ្ទាល់ខ្លួន។
៣-មិនត្រូវអនុញ្ញាតឲ្យអ្នកណាម្នាក់ស្ថិតក្នុងចន្លោះនៃសុភមង្គលឡើយ ៖ តើលោកអ្នកមានដែលគិតដែរទេថាមានមនុស្សណាម្នាក់ស្ថិតក្នុង សេចក្ដីសុខសុភមង្គលរបស់ខ្លួន? តើមានដែលគិតដែរទេថាបើសិនជាមនុស្សម្នាក់នោះចាកចេញទៅ តើសុភមង្គល និងក្ដីសុខ របស់លោកអ្នកនៅមានដែរឬទេ? បើសិនជាគិតថាមិនអាច ដូច្នេះមិនត្រូវអនុញ្ញាតអ្នកនោះស្ថិតក្នុងក្ដីសុខរបស់អ្នកឡើយ។
៤-មិនត្រូវនៅជាមួយមនុស្សដែលតែងតែមានគំនិតអាក្រក់ ឬទុទិដ្ឋិនិយមឡើយ ៖ រស់នៅក្បែរមនុស្សទាំងនេះ នាំតែគំនិតអាក្រក់ និងឧបមង្គលដល់លោកអ្នកប៉ុណ្ណោះ។
៥-លើកលែងទោស និងបំភ្លេច ៖ អ្វីដែលអ្នកដទៃបានប្រព្រឹត្តមិនគប្បីលើអ្នក បើសិនជាអាច គឺលើកលែងទោសឲ្យគេចុះ ហើយបំភ្លេចចោលទោសកំហុសរបស់គេ។ អ្នកដែលធ្វើខុស គឺជាអ្នកដែលមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដូច្នេះ មិនបាច់ចំណាយអារម្មណ៍ល្អរបស់យើងទៅយកចិត្តទុកដាក់លើគេឡើយ។ បើសិនជាកំហុសនោះវាធ្ងន់ណាស់ សូមរកវិធីដោះស្រាយ។
៦-មិនដែលយករឿងដាក់ខ្លួន ៖ ទោះបីស្ថិតក្នុងពាក្យនិន្ទា បន្តុះបង្អាប់ ឬសរសើរយ៉ាងណាក្ដី គឺមិនត្រូវយកចិត្តទុកដាក់ឡើយ អ្នកខ្លះបង្អាប់យើង ដើម្បីឲ្យយើងមិនសប្បាយចិត្ត អ្នកខ្លះសរសើរយើងដើម្បីឲ្យយើងរីកថ្លើម រីកប្រមាត់ តែធាតុពិតចង់បានអ្វីមួយពីយើង។ វិធីល្អបំផុត ត្រូវពិចារណាថាពាក្យដែលគេនិយាយមកយើងពិតដែរឬទេ។
៧-មិនត្រូវសងសឹក ៖ ទោះបីអ្នកណាធ្វើអ្វីក៏ដោយ យើងមិនត្រូវសងសឹកឡើយ។ អំពើបាបរបស់គេនឹងធ្លាក់ទៅលើគេវិញជាមិនខានឡើយ។ ទោះចង់សងសឹក ក៏គ្មានបានអ្វីមកវិញដែរ។ ពៀររំងាប់ដោយការមិនចងពៀរ៕